(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅវេលាម៉ោង៦ល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានត្រឡប់មកដល់មាតុប្រទេស ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់។
ការអញ្ជើញមកដល់មាតុប្រទេសវិញរបស់សម្ដេចតេជោ ហ៊ុន សែន ដោយស្ពាយមកជាមួយនូវសមិទ្ធផល និងយោគជ័យជាច្រើនគួរជាទីមោទនសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូលនេះ ក៏មានការចាំទទួលស្វាគមន៍ពី ថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាល រ៉ាក់ទាក់បំផុត ពីលោក អ៊ីសវ៉ា ប៉ូក្រែល (Ishwar Pokhrel) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេប៉ាល់ លោក Khaga Nath Adhikari ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំនៅកម្ពុជា លោក អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់កម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ព្រមទាំងវត្តមានលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនេប៉ាល់ និងឥស្សរជនការទូតរបស់ព្រះរាជាណា ចក្រកម្ពុជាជាច្រើនរូប។
ក្នុងបេសកកម្មការងាររបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅឯប្រទេសនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក ប្រាឌីព គូម៉ា ហ្គែវ៉ាលី ហើយភាគីទាំងពីរ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយគ្នា ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីធ្វើឲ្យប្រទេសមានប្រវត្តិនៃការបែកបាក់ដូចគ្នាមួយនេះទាញបានប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ លោក ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Shama Oli) ផងដែរ។ ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីនេប៉ាល់ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ពិតជាមានសារៈសំខាន់ នៅក្នុងប្រវត្តិសាស្ត្រ ហើយលោកបានចាត់ទុកថា ទំនាក់ទំនងទ្វេភាគី រវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈមិត្តភាព។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាអរគុណចំពោះលោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្តល់កិត្តិយស អញ្ជើញសម្តេចបំពេញទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ។ ជាពិសេសអរគុណក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនេប៉ាល់ កាលពីខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរ ក៏បានធ្វើជាអធិបតីភាព ក្នុងការចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៤ផងដែរ។ ឯកសារទាំង៤ ដែលបានចុះហេត្ថលេខានោះ រួមមាន៖ ការលើកលែងទិដ្ឋាការ (Visa) សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ, កិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូន តាមផ្លូវអាកាស, អនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
បន្ដមកទៀត នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងកដ្ឋមន្ឌូ សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនាប្រាសាទបុរាណចំនួន២កន្លែង ក្នុងទីក្រុងកដ្ឋមន្ឌូ ក្នុងនោះរួមមាន ប្រាសាទបុរាណ ក្នុងវិសានដ្ឋានប៉ាតាន់ឌួបា និងហ៊ីរ៉ាន់យ៉ា ម៉ាហាវិហារ ប្រាសាទមាស ព្រះវិហាព្រះពុទ្ធសាសនាមាយាន របស់ប្រទេសនេប៉ាល់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ដែលបានខិតខំប្រឹងប្រែង ស្តារនូវសំណង់ប្រវត្តិសាស្រ្តឡើងវិញ យ៉ាងឆាប់រហ័ស ក្រោយគ្រោះធម្មជាតិរលកយក្សស៊ូណាមី។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះហត្ថលេខាលើកសៀវភៅក្រាំងមាស សម្រាប់ថ្នាក់ដឹកនាំពិភពលោកនានា ដែលបានអញ្ជើញទស្សនា តំបន់បេតិកភណ្ឌទាំងពីរនេះ របស់ប្រទេសនេប៉ាល់។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយ លោកស្រី Bidhya Devi Bhandari (ប៊ីដយ៉ា ដេវី បាន់ដារី) ប្រធានាធិបតីនេប៉ាល់ផងដែរ។ ភាគីទាំងពីរ ក៏ចុះកិច្ចព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការ ហោះហើរត្រង់លើវិស័យអាកាសចរស៊ីវិល ក្នុងពេលឆាប់ៗនេះ។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការព្រមព្រៀងនេះ គឺជាផ្នែកមួយដែលជំរុញ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ហើយសម្តេចតេជោ ពិតជាមានបំណងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេប៉ាល់យូរមកហើយ ហើយដំណើរទស្សនកិច្ច នៅប្រទេសនេប៉ាល់ នៅពេលនេះគឺជាការចាប់ផ្តើមទំនាក់ទំនងការទូតកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ លោកស្រីប្រធានាធិបតីនេប៉ាល់ ក៏បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសនេប៉ាល់ ព្រមទាំងជំរុញឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ដោយឡែក ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថា ស្របតាមមូលបទ នៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក២០១៨-នេប៉ាល់ «ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើង៖ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល»។
សូមបញ្ជាក់ថា ដំណើរចេញទៅក្រៅប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសនេប៉ាល់នេះ គឺជាដំណើរចេញទៅក្រៅប្រទេសលើកទី១៣ហើយ នៅក្នុងឆ្នាំ២០១៨នេះ។
ដើម្បីជ្រាបកាន់តែច្បាស់ជុំវិញលទ្ធផល នៃដំណើរទស្សនកិច្ច និងបំពេញការងារផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា Fresh News ក៏សូមផ្ដល់ជូននូវព័ត៌មានដែលពាក់ព័ន្ធមាននៅខាងក្រោមនេះ៖
*ស្វែងយល់អំពី កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០១៨ នៅប្រទេសនេប៉ាល់
*កម្ពុជា-នេប៉ាល់ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ
*កម្ពុជា-នេប៉ាល់ ចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន៤ (Video Inside)
*កម្ពុជា-នេប៉ាល់ ជំរុញឱ្យមានការហោះហើរត្រង់ ក្នុងពេលឆាប់ៗនេះ