Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រាប់ប្រតិភូសិក្ខាកាមមហាវិទ្យាល័យបញ្ជាការសេនាធិការ​បង់ក្លាដែស ពីភាពរីកចម្រើនកងទ័ពកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

26-11-2018 19:57

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ​ បានអនុញ្ញាតឱ្យ គណៈប្រតិភូសិក្ខាកាម ដឹកនាំដោយ វរសេនីយ៍ឯក MD MAHMUDUL KABIR ប្រធានគណៈប្រតិភូសិក្ខាកាមមហាវិទ្យាល័យបញ្ជាការសេនាធិការ​នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងសុំការណែនាំ ដើម្បីស្វែងយល់ពីបទពិសោធន៍ការងារដឹកនាំបញ្ជា និងរចនាសម្ព័ន្ធចាត់តាំងរបស់អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ។

នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះ កងយោធពលខេមរភូមិន្ទ ក៏បានបំពេញតួនាទីរបស់ខ្លួន បានយ៉ាងជោគជ័យ ជាពិសេសការងារការពារបូរណភាពទឹកដី ការពារសុខសន្តិភាព តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ការងារកសាងកងយោធពលខេមរភមិន្ទ។

ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ជូនប្រតិភូថា កងយោធពលខេមរភូមិន្ទ មានការបណ្ដុះបណ្ដាលគ្រប់ជាន់ថ្នាក់ គ្រប់ជំនាញ ដែលធ្វើឱ្យយោធិនគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ច ក្នុងការទំនាក់ទំនងប្រទេសទាំងពីរ កងទ័ពទាំងពីរ រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ធ្លាប់បានផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមកផងដែរ ជាហេតុធ្វើឱ្យការទំនាក់ទំនងកងទ័ពយើងទាំងពីរ ក៏ត្រូវតែពង្រឹងការទំនាក់ទំនងផងដែរ។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះកងទ័ពបង់ក្លាដែស ដែលបានជ្រើសរើសយកប្រទេសកម្ពុជា មកធ្វើទស្សនកិច្ចសិក្សា៕