(ភ្នំពេញ)៖ ការិយាល័យពាណិជ្ជកម្ម នៃទីភ្នាក់ងារជំរុញការនាំចេញម៉ាឡេស៊ី (MATRADE) ប្រចាំស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា នឹងធ្វើការផ្តួចផ្តើមមួយ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជាតាមរយៈបេសកកម្មអាជីវកម្មផ្នែកគីមី និងផលិតផលគីមី។ បេសកកម្មនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ MATRADE ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

គណៈប្រតិភូម៉ាឡេស៊ី នឹងបង្ហាញផលិតផលគីមីគុណភាពខ្ពស់ ដូចជាផលិតផលសំអាត សាប៊ូ គីមីឯកទេស ផលិតផលជ័រ ជីគីមី ផលិតផលសាច់ប្រេងដូង (CDEA) គីមីកសិកម្ម សេវាកម្មផ្នែកឃ្លាំង និងស្តុក ផលិតបរិក្ខាដើម និងផលិតផលិតផលគីមីតាមកិច្ចសន្យា ព្រមទាំងសេវាកម្មអន្តរជាតិល្បីៗរាប់បញ្ចូលទាំង សេវាសំអាតគីមី សេវាកម្មវិស្វកម្មជំនួយដល់ឧស្សាហកម្មប្រព្រឹត្តកម្មទឹក (water treatment) ថាមពល ដូងប្រេង និងកៅស៊ូ។

បេសកកម្មនេះនឹងពាំនាំនូវកម្មវិធីជាបន្តបន្ទាប់ រួមមានសិក្ខាសាលា ជំនួបអាជីវកម្មរវាងក្រុមហ៊ុនម៉ាឡេស៊ី និងកម្ពុជា។ ចំពោះព័ត៌មានបន្ថែម និងព័ត៌មានចុះឈ្មោះចូលរួម សូមទាក់ទងមកកាន់ស្ថានទូតម៉ាឡេស៊ី តាមរយៈលោក ទូច ពិសិដ្ឋសត្យា ទូរស័ព្ទ៖ ០២៣ ៧២១ ២២៤ ឬ ០៩៥ ២០០០ ១៥ ឬផ្ញើអ៊ីមែលតាមរយៈ [email protected]

សូមជម្រាបថា ប្រទេសកម្ពុជា មានតម្រូវការគីមីក្នុងវិស័យឧស្សាហកម្ម និងផលិតផលប្រើប្រាស់មានប្រភពពីគីមី។ ពីឆ្នាំ២០១៦ ដល់២០១៧ ពាណិជ្ជកម្មគីមី និងផលិតផលគីមី សរុបរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើងចំនួន២១.៥% ស្មើនឹងតម្លៃ២០.៤លានដុល្លាអាមេរិក។ ផលិតផលនាំចេញខ្ពស់ជាងគេមានចំនួនបី គឺផលិតផលដាក់ពណ៌ ប្តូរពណ៌ និងជាតិពណ៌ ថ្នាំលាប ថ្នាំវែរនី និងផលិផលពាក់ព័ន្ធ ផលិតផលវេជ្ជសាស្ត្រ និងឱសថ៕