(ត្បូងឃ្មុំ)៖ លោក ឈាន លីមសាវុធ ទីប្រឹក្សាលោកបណ្ឌិត ងួន ញ៉ិល អនុប្រធាន រដ្ឋសភា បានផ្តល់អណ្តូងស្នប់ទឹកស្អាតខ្នាតធំ ព្រមទាំងសម្ភារសិក្សាមួយចំនួន ជូនសិស្សានុសិស្សនៃសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន បេង ដែលស្ថិតនៅឃុំរូង ស្រុកមេមត់ ខេត្តត្បងឃ្មុំ តបតាមសំណូមពរ ស្នើសុំរបស់គ្រូ និងសិស្ស ព្រមទាំងអាជ្ញាធរមូលដ្ឋាននេះ។
លោកទីប្រឹក្សា អនុប្រធាន រដ្ឋសភា បានថ្លែងទៅកាន់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្សក្នុងមូលដ្ឋាន នាថ្ងៃធ្វើពិធីឆ្លង និងសម្ពោធអណ្តូងស្នប់ទឹកស្អាតខ្នាតធំនេះថា ដោយមើលឃើញ ពីការលំបាករបស់លោកគ្រូ និងសិស្សនៅក្នុងសាលានេះ ខ្វះទឹកស្អាតប្រើប្រាស់ ហើយការលំនេះតំរូវការចាំបាច់ ត្រូវដោះស្រាយជាបន្ទាន់នោះ លោក ព្រមទាំងក្រុមគ្រួសារ បានសម្រេចចិត្ត ចំណាយថវិកា ជួយធ្វើអណ្តូងស្នប់ទឹកស្អាតខ្នាតធំនេះ ជូនសម្រាប់ប្រើប្រាស់ ព្រមទាំងជួយផ្តល់សម្ភារសិក្សាជូនសិស្សសាលាផងដែរ។
ក្នុងពិធីនោះលោក ឈាន លីមសាវុធ បានស្នើឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងមាតាបិតាសិស្ស សូមចូលរួមជួយថែរក្សា អណ្តូងស្នប់ទឹកស្អាតនេះ ដើម្បីធានានូវការប្រើប្រាស់បានយូរ។
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ក្នុងមូលដ្ឋានឃុំរូង ស្រុកមេមត់ បានសម្ដែងនូវទឹកចិត្តត្រេកអរ និងសប្បាយរីករាយចំពោះសមិទ្ធិផលនេះ ព្រមទាំងបានថ្លែងអំណរគុណដល់ម្ចាស់អំណោយ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាក ជូនប្រជាពលរដ្ឋ ។
ក្នុងឱកាសចែកសម្ភារសិក្សា និងអំណោយ លោក ឈាន លីមសាវុធ ក៏បានចែកជូនថវិកា ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់អាជ្ញាធរមួលដ្ឋាន និងប្រជាពលរដ្ឋផងដែរ ៕