(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកិច្ចប្រជុំ
បូកសរុប សភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម និងអនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែវិច្ឆិកា និងទិសដៅភារកិច្ច ខែធ្នូ ដើម្បីត្រៀមលក្ខណៈបង្ការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្តិភាពជូនដល់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរងទទួលផែនជំនាញចំនួន១៤រូប លោកអនុប្រធានផែនជំនាញចំនួន០៧រូប លោក នាយការិយាល័យចំនួន៣២រូប លោកនាយរងការិយាល័យចំនួន៩៧រូប លោកអធិការនគរបាលស្រុក ក្រុង១០រូប លោក អធិការរង ៥៤រូប និងលោកនាយប៉ុស្តិ៍នគបាលរដ្ឋបាល ចំនួន១០៩រូប។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាឲ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សព្វផ្សាយ បង្រៀន ណែនាំឲ្យប្រជាពលរដ្ឋយល់ដឹងពីច្បាប់ និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ត្រូវធ្វើចលនាប្រជាពលរដ្ឋឲ្យចូលរួមធ្វើប្រជាការពារ នៅតាមភូមិនីមួយៗ ឲ្យមានកាកើនឡើង និងដោះស្រាយបទល្មើស ដែលនៅសេសសល់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈឲ្យបានល្អបន្តទៀតតាមជំនាញរៀងៗខ្លួន៕