(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចលនាយុវជន ដើម្បីចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ ចូលរួមអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមវិស័យ និងគ្រប់មូលដ្ឋានទូទាំងប្រទេស។

ក្នុងឱកាសអញ្ជើញជាអធិបតី​ពិធីបើក​មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤របស់ ស.ស.យ.ក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ​សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ក៏បានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានចូលរួមចំណែកជាពិសេស ក្នុងការលើកស្ទូយមោទនភាពជាតិ និងកិត្យានុភាពជាតិលើឆាកអន្ដរជាតិផងដែរ។

សម្ដេចប្រធានព្រឹទ្ធសភា ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលក្រុមគ្រួសារ ស.ស.យ.ក សម្រេចបានក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ នៅតាមវិស័យ និងផែនការការងារជាច្រើន ដែលបានផ្ដល់ប្រយោជន៍ដោយផ្ទាល់ដល់យុវជន និងសង្គមកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ និងជីវភាពសង្គម។

សម្ដេចបញ្ជាក់ថា ស.ស.យ.ក គឺជាវេទិកាដ៏ទូលំទូលាយមួយសម្រាប់យុវជនទាំងអស់គ្នា ចូលរួមក្នុងគោលដៅលើកកម្ពស់សុខភាពយុវជន, ការសិក្សា, ការរកការងារធ្វើ, ការចម្រើនលូតលាស់ និងការជំរុញលើកកម្ពស់ផ្នត់គំនិតចែករំលែក ចូលរួមផ្ដល់ទៅឲ្យសង្គមវិញ តាមរយៈការងារស្ម័គ្រចិត្ដ ការលះបង់ និងការបរិច្ចាគ។

សម្ដេច សាយ ឈុំ បានសង្កត់យ៉ាងដូច្នេះថា «យើងត្រូវចង់ចាំថា ការងារមហាជនជាការងារចាំបាច់ និងត្រូវធ្វើជាប្រចាំ។ ជាក់ស្ដែង ការគាំទ្រមហាជន គឺជាកត្ដាកំណត់ នៃភាពជោគជ័យ និងប្រៀបឈ្នះនៅគ្រប់ការងារទាំងអស់ មិនថានយោបាយ សង្គម និងសេដ្ឋកិច្ចនោះទេ។ អាស្រ័យហេតុនេះ ការងារសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវតែផ្សាភ្ជាប់ជាមួយមហាជន ជាពិសេសយុវជន គឺមានសារៈសំខាន់បំផុត ដែលត្រូវតែបន្ដធ្វើឲ្យជាប់ជានិច្ច»

បើតាមការលើកឡើងរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងដំណាក់កាល៥ឆ្នាំទៅមុខ កម្លាំង និងចំនួនយុវជនក្នុងស្រទាប់មហាជន កាន់តែមានចំនួនកើនឡើង ស្របពេលជាមួយការវិវឌ្ឍន៍នៃបច្ចេកវិទ្យា សង្គម សេដ្ឋកិច្ចដែលនឹងជះឥទ្ធិពលកាន់ខ្លាំងទៅលើផ្នត់គំនិត និងតម្រូវការថ្មីៗរបស់យុវជន។

ព្រមពេលជាមួយគ្នានេះ ការលេចឡើងនូវក្ដីសង្ឃឹមថ្មីៗ និងមជ្ឈដ្ឋានសាធារណៈមតិនានាទាំងវិជ្ជមាន និងអវិជ្ជមាន ជាពិសេសតាមរយៈបណ្ដាញព័ត៌មានសង្គម នឹងធ្វើឲ្យមហាជន ក្នុងនោះចលនាយុវជនកាន់តែមានភាពប្រឈមឡើង ដែលទាមទារឲ្យការងារនេះ ត្រូវមានចក្ខុវិស័យ និងទិសដៅការងារច្បាស់លាស់ រចនាសម្ព័ន្ធរឹងមាំ រួមជាមួយការដឹកនាំ និងសាមគ្គីភាពជាធ្លុងមួយ ដើម្បីអាចឲ្យសមិទ្ធផលដែលមានស្រាប់កាន់តែរីកលូតលាស់ឡើង និងកើនឡើងច្រើនបន្ថែមទៀត៕