(ភ្នំពេញ)៖ បច្ចុប្បន្នកំណើន នៃការសម្រុកមករកស៊ីនៅកម្ពុជា របស់វិនិយោគិនចិន បានកើនឡើងគួរឲ្យកត់សំគាល់ ហើយការសម្រុករបស់ជនជាតិនេះ ត្រូវបានលោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge ដែល ជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជាបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យចិនសម្រុកវិនិយោគនៅក្រុងព្រះសីហនុជាងតំបន់ណាទាំងអស់។
លោកឧកញ៉ាបញ្ជាក់ថា វិនិយោគិនចិនសម្រុកវិនិយោគខ្លាំង នៅប្រទេសកម្ពុជាពិសេសនៅព្រះសីហនុ គឺក្រុមហ៊ុនវិនិយោគឯកជនចិន មានបំណងបង្កើតក្រុងព្រះសីហនុ ឲ្យក្លាយជាហ្សិនជិន ដែលជាទីក្រុងមួយមានការអភិវឌ្ឍខ្លាំង ទាំងផ្នែកឧស្សាហកម្ម ទេសចរណ៍ និងផ្នែកពាណិជ្ជកម្ម។
លោកឧកញ៉ាបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោយបាយចង់បង្កើតក្រុងព្រះសីហនុ ជាតំបន់ Free Zone ដែលទាក់ទាញបានអ្នកវិនិយោគិនចិនសម្រាប់ការវិនិយោគផងដែរ ដោយពួកគាត់នឹងទទួលបានផលប្រយោជន៍ ពីរាជរដ្ឋាភិបាលតាមរយៈការអនុគ្រោះពន្ធ និងផ្នែករដ្ឋបាលដើម។
លោកបញ្ជាក់ទៀតថា មានហេតុមួយទៀត គឺក្រុងព្រះសីហនុ ជាមានកំពង់ផែសមុទ្រទឹកជ្រៅមួយគត់នៅកម្ពុជា ដូច្នេះក្រុងនេះអាចឈរលើកត្តា៣យ៉ាង ដែលធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនរួមមាន វិស័យទេសចរណ៍, វិស័យដឹកជញ្ជូន និងវិស័យរោងចក្រ ទាំងនេះ ជាហេតុធ្វើឲ្យអ្នកវិនិយោគិន មកពីបណ្ដាប្រទេសផ្សេងៗ ចាប់អារម្មណ៍ខ្លាំងលើក្រុងព្រះសីហនុ ពិសេសវិនិយោគិនចិននេះតែម្ដង។
ឆ្លើយតបនឹងសំណួរថា «តើសម្រុកចូលមកវិនិយោគរបស់វិនិយោគិន និងប្រជាជនចិន មានផលអវិជ្ជមានដល់កម្ពុជាដែរ ឬទេ?» លោកឧកញ៉ា សៀ ឫទ្ធី ឆ្លើយថា ជារឿងធម្មតាទេចំពោះការវិនិយោគ តែងតែមានផលប៉ះពាល់បន្ដិចបន្ដួច។ ច្បាស់ណាស់ការវិនិយោគធំៗ របស់ក្រុមហ៊ុនចិន នឹងបង្កផលប៉ះពាល់ ពិសេសអ្នកវិនិយោគក្នុងស្រុកព្រោះថា អ្នកវិនិយោគក្នុងស្រុកភាគច្រើនវិនិយោគ លើដើមទុនតិចតួច ចំណែកចំណេះដឹងក៏នៅមានកម្រិត ហេតុដូច្នេះការចូលមកនេះ គឺ អាចនឹងជ្រៀតជ្រែក និងផ្ដល់ផលប៉ះពាល់ដល់អ្នករកស៊ីទូទៅ។
លោកបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានមតិមួយចំនួន បង្ហាញពីក្ដីព្រួយបារម្ភចំពោះការលំហូរ នៃជនជាតិចិននៅកម្ពុជា ជាការពិតប្រជាជនចិនពិតជាចូលមកច្រើនមែន ប៉ុន្ដែគ្រប់គ្នាត្រូវយល់ដឹងថា ប្រទេសកម្ពុជាជាប្រទេសមាននិតិរដ្ឋ និងគ្រប់គ្រងដោយច្បាប់។ កម្ពុជាមានច្បាប់ទម្លាប់ទាំងអស់មិនថា ច្បាស់ស្ដីពីការគ្រប់គ្រងកម្មករ ច្បាស់ស្ដីពីជនបរទេសមកធ្វើការនៅកម្ពុជា, ច្បាប់អន្ដោប្រវេសន៍ជាដើម។ ដូច្នេះនៅពេលដែលជនជាតិចិន ចូលមកធ្វើការនៅកម្ពុជាភាគច្រើនសុទ្ធតែគោលរពច្បាប់។ ប៉ុន្ដែកន្លងមកមានភាពអនាធិបតេយ្យកើតឡើងច្រើន តែយើងត្រូវតែផ្ដល់ការលើកទឹកចិត្ត ដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យពួកគាត់ចុះណែនាំដល់ជនបរទេសទាំងនោះ ឲ្យបានស្គាល់ច្បាប់របស់ប្រទេស ដែលខ្លួនគេកំពុងធ្វើការ៕
សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ទាំងស្រុង៖