(ភ្នំពេញ)៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋានខណ្ឌមានជ័យ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ «វណ្ណនី រីករាយ» មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះម្ចាស់ទីតាំងម្នាក់ និងនារីរងគ្រោះចំនួន៥នាក់។
ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៣២B ផ្លូវ២១៧ ម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ហួត សុវណ្ណនី ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ៣២B ផ្លូវ២១៧ ម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ទីតាំងម៉ាស្សាកោសជប់យីហោ «វណ្ណនី រីករាយ» ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង១០៖០០ព្រឹក រហូតដល់ម៉ោង២៖០០ រំលងអាធ្រាត ដោយមាននារីក្មេងចាស់ចំនួន៥នាក់ រង់ចាំភ្ញៀវមកម៉ាស្សា និងរួមភេទ ដោយតម្លៃរួមភេទ១លើក ចាប់ពី២០ដុល្លារអាមេរិក ទៅ២៥ដុល្លារអាមេរិក។
ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះនារីរងគ្រោះចំនួន ៥នាក់ ដែលមានអនីតិជន២នាក់ អាយុ១៤ឆ្នាំ និងអាយុ១៦ឆ្នាំ និងម្ចាស់ទីតាំងស្រីម្នាក់។
ម្ចាស់ទីតាំងត្រូវបាននាំខ្លួនយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរតាមនីតិវិធី។ ចំណែកឯនារីរងគ្រោះទាំង៥នាក់នោះ ត្រូវបាន សមត្ថកិច្ចប្រគល់ជូនអង្គការសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕