(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋលេខាប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ និងប្រគល់ម៉ូតូចំនួន០២គ្រឿង ដល់សិស្សបានប្រឡងជាប់និទ្ទេស A ចំនួន០២នាក់ នៅក្នុងស្រុកមុខកំពូល ព្រមទាំងបានប្រគល់ពានរង្វាន់កីឡាយុវជនស្រុកផងដែរ។

ក្នុងនាមជាអតីតជ័យលាភីសិស្សពូកែលេខ១ទូទាំងប្រទេស ទាំងផ្នែកគណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ នៅក្នុងទសវត្សឆ្នាំ៨០, លោក វង្សី វិស្សុត បានលើកទឹកចិត្ត ដល់ក្មួយៗ ជាយុវជនជំនាន់ក្រោយទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីទទួលបាននិទ្ទេស A ឱ្យបានច្រើននៅក្នុងការប្រឡងឆ្នាំក្រោយ។ លោកបានប្រគល់នូវម៉ូតូ Honda Zoomer X ចំនួន០២គ្រឿង ដល់សិស្សដែលបានទទួលនិន្ទេស A ទាំង០២រូប នៅស្រុកមុខកំពូល គឺយុវសិស្សឈ្មោះ លី សុខហ៊ាង និង យូ សុជាតា ដែលមកពីវិទ្យាល័យជា ស៊ីម ព្រែកអញ្ចាញ។

លោកបានប្រាប់ទៅអង្គពិធីថា ស្រុកមុខកំពូលទទួលបាននូវកាដូដ៏ធំធេងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវអាគារសិក្សាថ្មីកំពស់៣ជាន់ មាន១បន្ទប់ ចំនួន២ខ្នង គឺ១ខ្នង នៅក្នុងអនុវិទ្យាល័យព្រែកដំបង និង១ខ្នងទៀត ជាអាគារសាលាជំនាន់ថ្មី នៅវិទ្យាល័យជាស៊ីមព្រែងអញ្ចាញនេះ។

លោកបានគូសបញ្ជាក់ថា សាលារៀនជំនាន់ថ្មីនេះ គឺជាការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅធ្វើឱ្យវិស័យអប់រំរបស់កម្ពុជា អាចផលិតធនធានមនុស្ស ដែលមានគុណភាព និងការទទួលស្គាល់ជាអន្តរជាតិ ហើយក្នុងន័យនេះ អាគារសិក្សាសាលាជំនាន់ថ្មី នៅអនុវិទ្យាល័យព្រែកអញ្ចាញនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រមួយសម្រាប់ស្រុកមុខកំពូល ក្នុងកិច្ចការងារបង្កើតធនធានមនុស្ស ដែលមានគុណភាពខ្ពស់ ហើយទៅថ្ងៃអនាគត លោកចង់ឃើញអ្នកមុខកំពូល អាចក្លាយជាអ្នកដឹកនាំសំខាន់ៗ និងមានជោគជ័យ ទាំងនៅក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជន។

លោកបានបន្ថែមថា រាជរដ្ឋាភិបាល ក្រោមដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើ ធនធានមនុស្ស ជាពិសេសវិស័យអប់រំអប់រំបណ្តុះបណ្តាល ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

សម្រាប់ក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ ក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាល នឹងបន្តផ្តល់អាទិភាពកាន់តែខ្លាំង លើកត្តាគន្លឹះ សំខាន់ៗរួមមាន៖

១៖ កត្តាគ្រូបង្រៀន ដោយយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាព និងសមត្ថភាពរបស់ពួកគាត់ ព្រមជាមួយនឹងការលើកតម្កើង ភាពថ្លៃថ្នូរនិងតម្លៃ នៃវិជ្ជាជីវៈគ្រូបង្រៀន។

២៖ ការលើកកម្ពស់បរិស្ថានក្នុងការបង្រៀន និងរៀនសូត្រ តាមរយៈការកសាងកែលម្អអគារសិក្សា និងបំពាក់សម្ភារៈបរិក្ខាសិក្សា។

៣៖ ការអភិវឌ្ឍ និងការធ្វើបច្ចុប្បន្នកម្មលើកម្មវិធីសិក្សា ឱ្យដើរទាន់ការវិវឌ្ឍរបស់បច្ចេកវិទ្យា និងបរិការណ៍សាកល។

៤៖ ការបង្កើន និងផ្ទេរថវិកា ទៅដល់សាលារៀនផ្ទាល់ ដើម្បីជំរុញការអនុវត្តគោលនយោបាយវិស័យអប់រំ និងលើកកម្ពស់គណនេយ្យភាពនិងការទទួលខុសត្រូវ។

ជាមួយគ្នានេះលោក វង្សី វិស្សុត បានរំលឹកថា ថាសាលារៀនមិនត្រឹមតែជាកន្លែងបង្ហាត់ ជំនាញប៉ុណ្ណោះទេ តែក៏ជាកន្លែងអប់រំបទស្សនៈ វិន័យ អាកប្បកិរិយា សីលធម៌ និងជំនាញទន់ផ្សេងៗទៀតផងដែរ ជាងនេះទៀត ក្រៅពីការប្រឹងប្រែងពីរដ្ឋ ការអប់រំដែលទទួលបានលទ្ធផលល្អប្រសើរ ក៏ទាមទារនូវការចូលរួមពីសំណាក់គ្រួសារអាណាព្យាបាល, សហគមន៍, សង្គមជាតិទាំងមូលផងដែរ។ ក្រៅពីការរៀនសូត្រ, លោកបានលើកទឹកចិត្តក្មួយៗទាំងអស់ ឱ្យលេងកីឡាថែមទៀត ដើម្បីសាមគ្គីភាព មិត្តភាព និងជួយធ្វើឱ្យកាយសម្បទារបស់យើងមាំមួន ហើយថែមទាំងជួយបណ្តុះឆន្ទៈ ស្មារតីប្រកួតប្រជែង និងគោរពវិធាននៃល្បែង ចិត្តជាកីឡាករ។

សូមជម្រាបថា ចំពោះពានរង្វាន់កីឡាបាល់ទាត់ប្រចាំស្រុកមុខកំពូល មានកីឡាបាល់ទាត់បុរស និងបាល់ទាត់នារី ក្នុងនោះ៖ ក្រុមលេខ១ ទទួលបានថវិកា៩០ម៉ឺនរៀល, ក្រុមលេខ២ ថវិកា៨០ម៉ឺនរៀល, ក្រុមលេខ៣ ថវិកា៧០ម៉ឺនរៀល, ក្រុមលេខ៤ ថវិកា៦០ម៉ឺនរៀល ហើយក្រុមដែលមានជាប់ចំណាត់ថ្នាក់ ក្នុង១ក្រុម ទទួលបានថវិកា៤០ម៉ឺនរៀលផងដែរ៕