(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំមួយរវាងផ្នែកពន្ធដារ និងផ្នែកឯកជន ដើម្បីរកដំណោះស្រាយលើបញ្ហាប្រញ្ហាប្រឈមលើទីផ្សារ និងបញ្ហាពន្ធដារ។
កិច្ចប្រជុំនេះរៀបចំឡើង ក្រោមការចូលរួមពីលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា សហប្រធានយន្តការ នៃភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ព្រមទាំងផ្នែកឯកជន និងមន្រ្ដីពន្ធដារជាច្រើនរូបទៀត។
កិច្ចប្រជុំថ្ងៃនេះបានសម្រេចលទ្ធផលសំខាន់ៗរួមមាន៖
១៖ ការពិភាក្សា និងផ្តល់ជាដំណោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធនឹងពន្ធដារចំនួន១១ បន្ថែមពីលើបញ្ហាប្រឈមនានា ដែលត្រូវបានដោះស្រាយនៅកម្រិតនៃ យន្តការនៃភាពជាដៃគូនេះ។ ដោយឡែកបញ្ហានៅសេសសល់នឹងបន្តដោះស្រាយ ក្នុងស្មារតីសហការគ្នាទៅវិញទៅមក
២៖ ភាគីទាំង២ទាំងអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា នឹងស្នើសម្រួលសមាសភាពនៃ យន្តការនៃភាពជាដៃគូ អគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន,
៣៖ បន្តពង្រឹង និងជំរុញឱ្យយន្តការនេះកាន់តែសកម្ម ក្នុងន័យដោះស្រាយនូវបញ្ហា និងសំណូមពរនានា ក្នុងគោលបំណងលើកកម្ពស់កាតព្វកិច្ចវប្បធម៌សារពើពន្ធ និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិ ស្ដីពីពន្ធដារ និងការបង្កើននូវអនុលោមភាពពន្ធដោយស្ម័គ្រចិត្ត ក្នុងន័យជំរុញឱ្យការគ្រប់គ្រងប្រមូលចំណូលពន្ធ កាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍប្រទេស។
លោក គង់ វិបុល បានបញ្ជាក់ថា តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងធ្វើទំនើបកម្មពន្ធដារ ដោយអនុវត្តស្របតាមយុទ្ធសាស្ត្រ កៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ ជាលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទឆ្នាំ២០១៧នេះ សម្រេចបាន១១៥.២% នៃផែនការច្បាប់។
លោកបន្ដទៀតថា បើគិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ និងអាករសរុប (តាមប្រព័ន្ធអនឡាញ) បាន៩៧,៤៤% នៃផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨។
លោកបញ្ជាក់ទៀតថា វឌ្ឍនភាពថ្មីៗបន្ថែមពាក់ព័ន្ធ នឹងពន្ធដារ ជាគោលដៅនៃការអនុវត្តសម្រាប់ឆ្នាំ២០១៩ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ កំពុងសិក្សារៀបចំកែសម្រួលតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ-សិទ្ធិកាន់កាប់អចលទ្រព្យ, ការកែលម្អរនូវអាករពិសេសលើទំនិញ និងសេវាមួយចំនួន, អាករបំភ្លឺសាធារណៈ, និងវិសោធនកម្មលើមាត្រាមួយចំនួនដែលចាំបាច់ សម្រាប់អនុវត្តការប្រមូលចំណូលពន្ធ៕