(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យនេះថា សព្វថ្ងៃបើនិយាយពីមតិមួយចំនួន ក៏ដូចជា ប្រព័ន្ធផ្សព្វផ្សាយខ្លះដែលយើងតែងឮជារឿយៗ លើកទ្បើងក្នុងន័យបំផុស ដោយចេតនាវាយប្រហារទៅលើជនជាតិបរទេសនានា ពិសេសសំដៅទៅលើជនជាតិចិន ដែលមកទេសចរណ៍ ឬវិនិយោគ ឬរកស៊ីដែលមានចំនួនយ៉ាងច្រើនក្នុងស្រុកខ្មែរ ពិសេសខេត្ដព្រះសីហនុថា ជាការឈ្លានពាន ឬជាការបំផ្លាញដល់ផលប្រយោជន៍កម្ពុជា ឬយ៉ាងណាយ៉ាងណីនោះ ចំពោះមតិលើកទ្បើងទំាងនេះ គឺពុំសមហេតុផលនោះទេ។
ដោយលោក រត្ន័ សណ្ដាប់ បានថ្លែងទាត់ចោលយ៉ាងដូច្នេះថា «បើនិយាយពីការឈ្លានពាន គឺទាល់តែកងទ័ពបរទេសមួយ បញ្ជួនចូលមកលុកលុយប្រទេសមួយទើប ជាការឈ្លានពាន»។ ពីព្រោះថា បើនិយាយពីអ្នកទេសចរណ៍ ឬអ្នកវិនិយោគ ឬអ្នករកស៊ីក្ដីគឺពុំមែនជាអ្នកឈ្លានពាននោះទេ។
ជាក់ស្ដែង ករណីកងទ័ពថៃដែលបានបញ្ជួនចូលមកលុកលុយ ឬកាន់កាប់ប្រាសាទព្រះវិហារខ្មែរយើងកាលពីឆ្នាំ២០០៨ កន្លងមកថ្មីៗនេះ ហើយត្រូវបានកងទ័ពខ្មែរយើងវ៉ៃបណ្ដេញ ឲ្យចេញទៅវិញ ដូចមតិជាតិ-អន្ដរជាតិឃើញយ៉ាងច្បាស់នេះជាភស្ដុតាង។ ដោយឈរលើមូលដ្ឋាននេះបើនិយាយពីជនជាតិបរទេសនានា ពិសេសជនជាតិចិនដែលមកទេសចរណ៍ ឬវិនិយោគ ឬរកស៊ី ក្នុងស្រុកខ្មែរដូចយើងឃើញសព្វថ្ងៃនេះ គឺពុំមែនជាការឈ្លានពាន ឬធ្វើឲ្យខូចដល់ផលប្រយោជន៍កម្ពុជាយើងអ្វីនោះទេ។ បានន័យថា «ចំពោះការវិនិយោគ ឬការរកស៊ីរបស់ជនជាតិចិនទំាងនេះ គឺមិនខុសពីជនជាតិចិនទំាងនេះបានទៅវិនិយោគ ឬរកស៊ីនៅតាមបណ្ដាប្រទេសនានាពាសពេញពិភពលោក» នោះដែរ។ អ្នកជំនាញអារ្យធម៌ខ្មែរ លោក សណ្តាប់ បានពោលបន្តថា ការមករកស៊ីរបស់ជនជាតិចិននៅកម្ពុជា បានបង្កើនចំណូលថវិកាជាតិតាមរយៈការបង់ពន្ធជូនរដ្ឋ បង្កើនមុខរបរការងារដល់បងប្អូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេសចរណ៍មកកំសាន្តលេង...។ល។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ដដែលនោះ លោក រត្ន័ សណ្ដាប់ បានថ្លែងបន្ដថា ស្ថិតក្នុងបរិការនេះផងដែរ បើយើងរំឭកអំពីសាវតារជនជាតិចិន ដែលចេញទៅវិនិយោគ ឬរកស៊ី នៅតាមបណ្ដាប្រទេសនានាពាសពេញពិភពលោក ពិសេសនៅសហរដ្ឋអាមេរិក ឬអ៊ឺរ៉ុបកាលពីទសវត្សរិ៍មុននេះ ក៏យើងឃើញជនជាតិពួកស្បែកស នៅតាមបណ្ដាប្រទេសទំាងនេះ ក៏មានទស្សនជាតិនិយមមិនខុសពីកម្ពុជាយើងបច្ចុប្បន្ននេះដែរ។ ដោយក្នុងនោះ៖
ទីមួយ៖ គេយល់ថាចំពោះជនជាតិចិន ដែលមកវិនិយោគ ឬរកស៊ីក្នុងប្រទេសគេយ៉ាងច្រើននេះ គឺជាការឈ្លាន ឬដណ្ដើមការងារធ្វើឲ្យបាត់បង់ដល់ផលប្រយោជន៍ ឬប៉ះពាល់ប្រពៃណីមុខរបររកស៊ីរបស់ពួកគេ។
ទីពីរ៖ គេយល់ថា ចំពោះជនជាតិចិន ដែលមកវិនិយោគ ឬរកស៊ី ក្នុងប្រទេសគេយ៉ាងច្រើននេះ គឺជាការជួយពង្រីកទំហំទីក្រុង ឬជួយពង្រីកទំហំទីផ្សាររបស់ពួកគេឲ្យកាន់តែធំទ្បើងៗដោយធ្វើឲ្យតម្លៃដី ឬផ្ទះសម្បែង ឬចលនវត្ថុ ឬអចលនវត្ថុផ្សេងៗ កាន់តែមានតម្លៃអស្ចារ្យទ្បើងទៅវិញទេ។
បើហេតុនេះដោយឈរលើទស្សនៈទំាងពីរនេះ គេក៏បានសម្រេចយកទស្សនៈទីពីរ គឺការជំរុញឲ្យមានទេសចរណ៍ ឬវិនិយោគ ឬអ្នករកស៊ី នូវជនជាតិចិនឲ្យចូលមកក្នុងប្រទេសគេ ដូចយើងឃើញនៅសហរដ្ឋអាមេរិក កាណាដា បារំាង ឬប្រទេសអ៊ឺរ៉ុបផ្សេងៗទៀត រហូតដល់មានបង្កើតជាទីក្រុងចិន ហៅថា (China Town) ដូចយើងឃើញបច្ចុប្បន្ននេះជាភស្ដុតាង។ បើដូច្នេះជាចុងក្រោយ លោក រត្ន័ សណ្ដាប់ យល់ថា ចំពោះកម្ពុជាយើង ក៏ដូច្នោះដែរ ក៏គួរប្រជាពលរដ្ឋ ពិសេសអ្នកនយោបាយគ្រប់និន្នាការទំាងអស់ ត្រូវស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ ដោយគិតពីផលប្រយោជន៍ជាតិឲ្យខ្ពស់ទើបជាការប្រពៃ។
មុននឹងបញ្ចប់កិច្ចសម្ភាសន៍ លោក រ័ត្ន សណ្តាប់ ថ្លែងជាមួយសម្តីធ្ងន់ៗថា ចំពោះទង្វើនៃសកម្មភាពខុសច្បាប់ទាំងឡាយរបស់ជនជាតិចិន ឬជនបរទេសដែលប្រព្រឹត្តិនៅទឹកដីកម្ពុជា ដូចជា ជួញដូរខុសច្បាប់, វាយតប់គ្នាអាណាធិបតេយ្យបងតូចបងធំ ផឹកស្រវឹងបើកបរបង្កគ្រោះថ្នាក់នៅតាមទីសាធារណៈ និងប៉ះពាល់ដល់អ្នកដទៃ...និងសកម្មភាពខុសច្បាប់ផ្សេងៗ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់របស់កម្ពុជាជាធរមាន៕