(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានការអនុញ្ញាតឱ្យសារមន្ទីរទួលស្លែង រៀបចំកម្មវិធីប្រកួតតែងអត្ថបទកំណាព្យក្រោមប្រធានបទ «ការចងចាំស្មារតី២ធ្នូ» ដោយបើកទូលាយដល់សាធារណជនដែលមានចំណេះដឹង និងជំនាញអក្សរសាស្ត្រខ្មែរ ផ្នែកតែងនិពន្ធអត្ថបទកំណាព្យ ដើម្បីចម្រាញ់យកជ័យលាភីចំនួន៥រូប។

កម្មវិធីនេះមានគោលបំណង៖

* ជំរុញយុវជនជំនាន់ក្រោយដែលមានបំណងចង់ឈ្វេងយល់ពីកំណើតរណសិរ្ស។
* ចូលរួមរំឭកខួបទី៤០ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
* បង្ហាញការដឹងគុណចំពោះយុទ្ធជនស្នេហាជាតិរបស់រណសិរ្ស ដែលបានពលីដើម្បីបុព្វហេតុសង្គ្រោះជាតិពីរបបកម្ពុជាប្រជាធិបតេយ្យ។
* ចូលរួមលើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរផ្នែកតែងនិពន្ធកំណាព្យ។

សម្រាប់លក្ខខណ្ឌចូលរួមការប្រកួតតែងកំណាព្យនេះ រួមមាន៖

* យុវជនត្រូវមានអាយុចាប់ពី១៦ឆ្នាំដល់៣៣ឆ្នាំ។
* មានសញ្ជាតិខ្មែរ។
* មានឆន្ទៈក្នុងការសិក្សាឈ្វេងយល់ និងផ្សព្វផ្សាយពីស្មារតី២ធ្នូ។
* បេក្ខជនត្រូវផ្ញើពាក្យសុំប្រឡង និងអត្ថបទកំណាព្យស្ដីពីការចងចាំស្មារតី២ធ្នូ យ៉ាងតិច៥ល្បះក្នុងទំហំក្រដាស A4, Font Khmer OS System, ទំហំអក្សរ១២, តាមទម្រង់ឯកសារ PDF មកសារមន្ទីរទួលស្លែងផ្ទាល់ ឬតាមអ៉ីម៉ែល [email protected]/hengsophara12@gmail.com។
* អត្ថបទកំណាព្យត្រូវតែជាស្នាដៃនិពន្ធថ្មីរបស់បេក្ខផ្ទាល់ ដែលមិនធ្លាប់មានការចេញផ្សាយពីមុនមក។

ដំណើរការនៃកម្មវិធីប្រកួត៖
* ថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨៖ ចាប់ផ្ដើមទទួលពាក្យ និងអត្ថបទកំណាព្យ។
* ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨៖ ប្រកាសលទ្ធផលជម្រុះវគ្គទី១ចំនួន១៥រូប តាមគេហទំព័រ Facebook Page របស់សារមន្ទីរទួលស្លែង។
* ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨៖ ការជួបជុំបេក្ខជនជម្រុះវគ្គទី១ទាំង១៥រូប ដើម្បីផ្ដល់មតិកែលម្អលើអត្ថបទកំណាព្យ សម្រាប់ឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
* ថ្ងៃទី១៧-២៥ ខែវិច្ឆិកា ឆ្នាំ២០១៨៖ ទទួលស្នាដៃកែសម្រួលសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
* ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨៖ កម្មវិធីប្រកាសលទ្ធផលជ័យលាភីចំនួន៥រូប។

ចំពោះរង្វាន់របស់ជ័យលាភីទាំង៥រូប រួមមាន៖
ជ័យលាភីទី១ ទទួលបានរង្វាន់ជាប្រាក់ចំនួន ២,០០០,០០០រៀល
ជ័យលាភីទី២ ទទួលបានរង្វាន់ជាប្រាក់ចំនួន ១.៦០០,០០០រៀល
ជ័យលាភីទី៣ ទទួលបានរង្វាន់ជាប្រាក់ចំនួន ១,២០០,០០០រៀល
ជ័យលាភីទី៤ ទទួលបានរង្វាន់ជាប្រាក់ចំនួន ៨០០,០០០រៀល
ជ័យលាភីទី៥ ទទួលបានរង្វាន់ជាប្រាក់ចំនួន ៤០០,០០០រៀល។

សម្រាប់ព័ត៌មានជាបន្តបន្ទាប់ទៀត សូមចូលទៅកាន់ Facebook Page របស់សារមន្ទីរទួលស្លែង តាមរយៈតំណភ្ជាប់៖https://www.facebook.com/700622126690865/posts/1992324120853986/