(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata បានសហការណ៍ជាមួយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) និងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងមូលនិធិកសាងសមត្ថភាព និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRDF) បានរៀបចំជាកិច្ចប្រជុំកំពូល បច្ចេកវិទ្យានៅកម្ពុជាជាលើកដំបូង ដោយឈរលើគំនិតផ្តួចផ្តើមធំៗ ចំនួន ៦ចំណុច។
គំនិតផ្ដួចផ្ដើមជាច្រើន ដែលបង្កើតឡើងដោយក្រុមហ៊ុន Smart ត្រូវបានអនុវត្តនៅក្នុងទីក្រុងភ្នំពេញ ដែលក្នុងនេះមានដូចជា៖
ទី១៖ កម្មវិធី Seedstars World ជាកម្មវិធីប្រកួតធំជាងគេបំផុត សម្រាប់អាជីវកម្មបង្កើតថ្មីក្នុងប្រទេសកំពុងលូតលាស់ ដែលក្នុងនោះមានកម្មវិធី Bootcamp រយៈពេលពីរថ្ងៃ ព្រមជាមួយនឹងឱកាសក្នុងការហ្វឹកហាត់ ដោយគ្រូល្បីៗក្នុងស្រុក ក៏ដូចជាអន្តរជាតិ។
ទី២៖ កម្មវិធីជជែកកសាងបណ្ដាញអាជីវកម្មបង្កើតថ្មី វិនិយោគិន ដែលមានការចូលរួមពីសំណាក់តួអង្គនានាទាំងក្នុងស្រុក និងអន្តរជាតិ ក្នុងរង្វង់អាជីវកម្មថ្មី រួមទាំងគ្រូមកពីកម្មវិធី Seedstars Bootcamp ផងដែរ។
ទី៣៖ BarCamp ជាកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា សហគ្រិនភាព និងអាជីវកម្មថ្មី ធំជាងគេបំផុតនៅកម្ពុជា។
ទី៤៖ មជ្ឍដ្ឋានអ្នកអភិវឌ្ឍន៍កម្មវិធីលើ Facebook (Facebook Developer Circle) ដែលជាសហគមន៍អ្នកអភិវឌ្ឍន៍ ដែលចែករំលែកពីបច្ចេកវិទ្យាថ្មីៗ និងប្រមូលផ្ដុំទៅដោយអ្នកជំនាញក្នុងស្រុក។
ទី៥៖ Startup Kingdom ដែលបង្ហាញពីរបាយការណ៍អាជីវកម្មថ្មីនៅកម្ពុជា ដែលគ្រោងនឹងចេញផ្សាយឆាប់ៗ
ទី៦៖ កម្មវិធី Smart Tech Talk ជាវេទិកាប្រចាំឆ្នាំ ដែលមានការចូលរួមពីវារគ្មិនអន្តរជាតិ និងវគ្គពិភាក្សាផ្សេងៗ
កិច្ចប្រជុំកំពូលបច្ចេកវិទ្យាកម្ពុជានេះដែរ បានធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ សូហ្វីតែលភោគីត្រា ដោយមានការចូលរួមពីវារគ្មិនអន្តរជាតិ អាជីវកម្មបង្កើតថ្មីក្នុងស្រុក ដែលមានសក្ដានុពលនានា និងបានបង្ហាញឱ្យឃើញពីកាលានុវត្តន៍ភាព សម្រាប់ប្រព័ន្ធអាជីវកម្មបច្ចេកវិទ្យា ដែលកំពុងមានសន្ទុះខ្លាំងនៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះក្រុមហ៊ុនបង្កើតថ្មីល្អបំផុត នៅកម្ពុជា ពីSeedstars មានឱកាសឈ្នះមូលនិធិវិនិយោគរហូតដល់ ១លានដុល្លារ នៅក្នុងអំឡុងពេលធ្វើបទបង្ហាញទាញការវិនិយោគ នៅក្នុងកិច្ចប្រជុំកំពូលរបស់ Seedstars កម្រិតតំបន់អាស៊ី និងកម្រិតពិភពលោកផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានថ្លែងថា ក្រុមហ៊ុន Smart Axiata គឺជាកម្លាំងចលករនៅពីក្រោយវិស័យបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ហើយយើងមានក្ដីរំភើបក្នុងការចូលរួម នៅក្នុងព្រឹត្តិការណ៍នានាដូចជាកម្មវិធីនេះជាដើម ដែលបាននាំយកគំនិតផ្ដួចផ្ដើមទាំងអស់ មកបង្ហាញក្នុងពេលតែមួយនៅពេលនេះ ក្នុងនោះ ក៏មានវារគ្មិនអន្តរជាតិល្បីៗ មកពីក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា ដែលចូលរួមនៅក្នុងវគ្គពិភាក្សា Smart TechTalks របស់យើង និងកម្មវិធីប្រកួតអាជីវកម្មថ្មីអន្តរជាតិ Seedstars ដែលពិតជាបានលើកកម្ពស់សមត្ថភាព និងកាលានុវត្តន៍ភាពសម្រាប់ប្រព័ន្ធអាជីវកម្មថ្មីក្នុងស្រុករបស់យើង។
លោកបានបន្តទៀតថា វារគ្មិនអន្តរជាតិនានាមកពីក្រុមហ៊ុន Google, Facebook, Leaderonomics, Huawei, Transcosmos និង Digital Ventures បានទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកចូលរួមជាច្រើនក្នុងកម្មវិធីនេះផងដែរ ខណៈដែលវគ្គពិភាក្សាពិសេស ដែលមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនGoogle, Seedstars និង Smart Axiata ដោយបានពិភាក្សាលើប្រធានបទនានាផ្ដោតលើ «ការប្រើប្រាស់ថាមពលនៃនវានុវត្តន៍បច្ចេកវិទ្យាដើម្បីកម្ពុជា»។
នៅក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានអាជីវកម្មថ្មីកម្ពុជាចំនួន ១០រូប បានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ Seedstars នេះដែរ ដើម្បីធ្វើបទបង្ហាញអំពីអាជីវកម្មរបស់ខ្លួន ដល់គណៈកម្មការ ដែលសមាសភាពបុគ្គលល្បីៗ ក្នុងវិស័យអាជីវកម្មថ្មីលំដាប់អន្តរជាតិ ដូចជាលោក Feiruz Ikhwan ជា CFO ក្រុមហ៊ុនSmart Axiata លោក Pahrada Sapprasert ប្រធាន ៥០០ Tuk Tuks លោក គឹម បូរ៉ា ដៃគូក្រុមហ៊ុន Mekong Strategic Parnters លោក Gabriela Fernandez ប្រធានប្រចាំតំបន់អាស៊ីរបស់ Seedstars លោកស្រី Zoe Ng សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Raintree និងបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន NIPTICT។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនដែលឈ្នះពានរង្វាន់ក្រុមហ៊ុនបង្កើតថ្មីល្អ បំផុតនៅកម្ពុជា ពី Seedstars។ ក្នុងនាមជាជើងឯង ក្រុមហ៊ុននេះនឹងទទួលការអញ្ជើញឱ្យចូលរួម នៅក្នុងកិច្ចប្រជុំកំពូលតំបន់អាស៊ីឆ្នាំ២០១៨ របស់ Seedstars ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ជាលើកទីពីរ និងកិច្ចប្រជុំកំពូលពិភពលោក របស់ Seedstars នៅប្រទេសស្វីស ដែលក្នុងនោះក្រុមហ៊ុននឹងមានឱកាសឈ្នះរង្វាន់ជាការវិនិយោគដើមទុន ក្នុងទំហំទឹកប្រាក់១លានដុល្លារសហរដ្ឋអាមេរិក និងរង្វាន់ផ្សេងទៀត។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សេង សុភាព បានលើកឡើងដែរថា «ក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ យើងបានសង្កេតឃើញមានព្រឹត្តិការណ៍ផ្នែកអាជីវកម្មថ្មី និងបច្ចេកវិទ្យាជាច្រើននៅកម្ពុជា ប៉ុន្តែកិច្ចប្រជុំកំពូលផ្នែកបច្ចេកវិទ្យានេះ ជាព្រឹត្តិការណ៍ថ្មី សម្រាប់យើងទាំងអស់គ្នា ស្របពេលដែលយើងកំពុងអភិវឌ្ឍខ្លួន ដើម្បីឆ្ពោះទៅរកការសម្រេចបានយុគសម័យកម្ពុជាឌីជីថល»។
លោកមានជំនឿចិត្តថា បើទោះបីជាវិស័យបច្ចេកវិទ្យារបស់កម្ពុជា មិនទាន់មានការអភិវឌ្ឍខ្លាំងដូចបណ្ដាប្រទេសផ្សេងទៀតក្តី ប៉ុន្តែយើងទាំងអស់គ្នា សុទ្ធតែបានមើលឃើញពីទេពកោសល្យ សេចក្តីតាំងចិត្ត និងសមត្ថភាពរបស់មនុស្សគ្រប់គ្នា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៅដែរ ក្រុមហ៊ុន Smart Axiata ក៏បានដាក់ឱ្យដំណើរការនូវកម្មវិធី Application Program Interface (API) របស់ខ្លួន ដែលមានឈ្មោះថា Ideamart powered by Smart ដែលមានបំណងអនុញ្ញាតឱ្យមានការចូលរួម និងការចាប់ដៃគូបានលឿនៗ នៅក្នុងមជ្ឈដ្ឋានឌីជីថល ហើយកម្មវិធីនេះនឹងក្លាយជាកម្លាំងជំរុញដល់អ្នកអភិវឌ្ឍ ដែលមានការលូតលាស់លឿន និងបណ្ដាញផ្គត់ផ្គង់ឯកសារនានា ដើម្បីរកប្រាក់ចំណូលពីការងាររបស់ខ្លួន តាមរយៈការចែករំលែក APIs ជាមួយនឹង Smart។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីព្រឹត្តិការណ៍ផ្សេងៗ និងស្ដីពី Ideamart សូមតាមដានទំព័រ Facebook របស់Smart គឺ «Smart for Cambodia» ដោយចុចត្រង់នេះ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕