(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ចាន់ រដ្ឋា ហៅប៊ី មុខរបរមិនពិតប្រាកដ និងស្នាក់នៅមិនពិតប្រាកដ ពីបទកាន់កាប់រក្សាទុកប្រើប្រាស់ អាវុធជាតិផ្ទុះដោយខុសច្បាប់ និងបទប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន ដោយខុសច្បាប់ នៅក្នុងខេត្តព្រះសីហនុ។
ការចុះឃាត់ខ្លួនបុរសខាងលើនេះ ដោយមានកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នាវេលាម៉ោង២៣៖០០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។
បើតាមរបាយការណ៍របស់មន្ដ្រីនគរបាលខេត្ត បានបញ្ជាក់ថា ឈ្មោះ ចាន់ រដ្ឋា គឹជាមុខសញ្ញាចាស់ បានប្រព្រឹត្តិអំពើហិង្សា ជាច្រើនលើកកន្លងមក ដូចជាប្រើប្រាស់អាវុធកែច្នៃបាញ់ ត្រូវក្រោមចុងដង្ហើមប្រពន្ធរបស់ខ្លួន កាលពីថ្ងែទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៤៖៣០នាទី នៅក្នុងបន្ទប់ជួលក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងនោះ នគរបាលបានដកហូតបានវត្ថុតាងរួមមាន៖ កាំភ្លើង ម៉ាក K59 ១ដើម មានគ្រាប់៦គ្រាប់, កាំភ្លើងបាញ់សត្វ ១ដើម, កាំភ្លើងកែឆ្នៃ ២ដើម, អាយកូម១គ្រឿង ម៉ាកម៉ូតូរូឡា, ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ១កញ្ចប់, ជញ្ជីងថ្លឹង១គ្រឿង, ថង់សម្រាប់វិចខ្ចប់ និងសម្ភារវេចខ្ចប់ គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ កំពុងស្រាវជ្រាវរកវត្ថុតាងក្នុងបទល្មើសបន្ថែម៕