(ហ្សាការតា)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់០៣នាក់ បានស្លាប់ ក្រោយគ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រ វាយប្រហារលើតំបន់ឆ្នេរនៃកោះបាលី និងកោះជ្វា នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៉ី លោក Sutopo Purwo Nugroho បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង០៣នាក់ខាងលើគឺជាអ្នករស់នៅក្នុងស្រុក Sumenep នៃកោះជ្វាភាគខាងកើត ហើយពួកគេស្លាប់ ដោយសារតែអគារបាក់សង្កត់។ លោក Nugroho បានបន្ថែមដូច្នេះថា៖ «គ្រោះរញ្ជួយដីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានកើតឡើង នៅចំពេលពួកគេកំពុងដេក ហើយវាកើតឡើងភ្លាមៗដែលមិនអាចឱ្យអ្នកស្រុកមួយចំនួនគេចខ្លួន ទាន់ពេលវេលានោះទេ»។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រខាងលើ មិនបានបង្កជារលកយក្សស៊ូណាមិឡើយ ប៉ុន្តែវាកើតឡើងបន្ទាប់ពី គ្រោះរញ្ជួយដី ៧.៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិវាយប្រហារលើកោះ Sulawesi ដោយផ្ដាច់ជីវិតមនុស្សច្រើនជាង ២,០០០នាក់ កាលពីខែកញ្ញាកន្លងទៅ៕