Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម ដាក់ពន្ធនាគារមនុស្ស៥នាក់ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល

06-10-2018 00:53

(ហាណូយ)៖ តុលាការវៀតណាម បានរកឃើញមនុស្ស៥នាក់ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល នៅថ្ងៃសុក្រនេះ ហើយបានដាក់ពន្ធនាគារពួកគេ ចន្លោះពី៨ ដល់ ១៥ឆ្នាំ ដោយការ សម្រេចនេះបានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីបានកាត់ក្តីនៅទីក្រុង Ho Chi Minh, នេះបើយោងតាមសារព័ត៌មាន Channel News Asia ឲ្យដឹងនាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ។

ក្រុមប៉ូលិសបានបញ្ជាក់ថា ពួកគេទាំង៥នាក់ កាលពីឆ្នាំ២០១៦ បានបង្កើតក្រុមមួយដែលមានឈ្មោះថា «ក្រុមចម្រុះជាតិវៀតណាម» ដែលបានគោលបំណងផ្តួលរំលំរដ្ឋាភិបាល។ ប្រធានក្រុមនេះ ឈ្មោះ Luu Van Vinh បានបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនងសង្គមថា «របបគោលនយោបាយវៀតណាម នាពេលបច្ចុប្បន្ននេះគឺហួសសម័យកាល និងគួរតែលុបបំបាត់ចោល»។

លោកប្រធានក្រុម ត្រូវបានកាត់ឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ ខណៈ៤នាក់ទៀតមានទោសស្រាលជាង ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រោយពីពួកគេត្រូវបានដោះលែង ពួកគេនឹងប្រឈមមុខ នឹងការឃុំខ្លួនក្នុងផ្ទះ រយៈពេល៣ឆ្នាំបន្ថែមទៀត។

គួរជម្រាបថា រដ្ឋាភិបាលវៀតណាមកាលពីដើមឆ្នាំនេះ បានដាក់ពន្ធនាគារសមាជិកក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ ដោយបានចោទប្រកាន់ពួកគេ ពីបទប្រឆាំងនឹងសកម្មភាពរដ្ឋាភិបាល៕