(ភ្នំពេញ)៖ របាយការណ៍ហិរញ្ញវត្ថុឆមាសទី១ ឆ្នាំ២០១៨ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានបង្ហាញថា ភាគច្រើនលើសលប់នៃអតិថិជនកម្ចីរបស់ខ្លួន គឺជាស្រ្តីដែលមានរហូតដល់ជាង៨០% នៃចំនួនអតិថិជន កម្ចីសរុប។
អតិថិជន អេ អឹម ខេ ភាគច្រើនជាប្រជាជនក្រីក្ររស់នៅតំបន់ជនបទ។ តួលេខនេះបញ្ជាក់យ៉ាងច្បាស់ថា អេ អឹម ខេ បាន និងកំពុងតែចូលរួមលើកកម្ពស់ស្ត្រីនៅតំបន់ជនបទឱ្យដើរតួ នាទីយ៉ាងសកម្មក្នុងការសម្រេចចិត្តលើជីវភាព និងសេដ្ឋកិច្ចគ្រួសារ។
អេ អឹម ខេ បាន និងកំពុងតែផ្តោត ទៅលើការអភិវឌ្ឍ ផលិតផល និងសេវាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីឱ្យមានភាពងាយស្រួល និងមិនស្មុគស្មាញក្នុងការប្រើប្រាស់ ជូនដល់អតិថិជនរបស់ខ្លួន ជាពិសេសអតិថិជនជាស្រ្តី។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា «ការផ្តល់ឱកាសឱ្យមានការចូលរួមពីស្ត្រី ក្នុងការសម្រេចចិត្តចំពោះសកម្មភាពសេដ្ឋកិច្ចគ្រួសារពេញលេញ អាចជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងជួយកាត់បន្ថយភាពក្រីក្រ។ ជាទូទៅ អេ អឹម ខេ តែងតែរៀបចំនូវសេវាហិរញ្ញវត្ថុផ្សេងៗ ដែលមានលក្ខណៈអំណោយផលដល់អ្នកប្រើប្រាស់ ជាពិសេសគឺស្ត្រីដែលកំពុងរស់នៅតាមទីជនបទ ធ្វើយ៉ាងណាឱ្យពួកគាត់មានឱកាសគ្រប់គ្រាន់ ក្នុងការប្រើប្រាស់សេវាយើង»។
បើយោងតាមរបាយការណ៍ហិរញ្ញត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រយៈពេល៦ខែចុងក្រោយនេះ បានឱ្យដឹងថា អតិថិជន អេ អឹម ខេ ជិត៣០ម៉ឺននាក់គឺជាស្ត្រី ដែលស្មើនឹងប្រមាណជាង៨០% នៃអតិថិជនកម្ចីសរុប ហើយភាគច្រើននៃពួកគេ គឺរស់នៅតំបន់ជនបទ។
លោក បូរាណ បានបន្តដូចនេះថា «បើមើលទៅលើបេសកកម្មរបស់ អេ អឹម ខេ គឺជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន។ ត្រង់នេះយើងចង់សង្កត់ធ្ងន់ទៅលើស្រ្តី និងកុមារនៅតាមជនបទ។ ដូចនេះ អេ អឹម ខេ ពីមួយឆ្នាំទៅមួយឆ្នាំតែងតែបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើងជាពិសេសអតិថិជនដែលជាស្រ្តីយកទៅ ប្រើប្រាស់ក្នុងន័យអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់»។