ញញួរធំ West Ham ចុះកិច្ចសន្យាជាមួយ Walker មិនអស់ថ្លៃ ដែលជាសមាជិកថ្មីទី៣
21-07-2025 10:13
(ឡុងដ៍)៖ ក្លិបបាល់ទាត់ញញួរធំ West Ham United បានចុះកិច្ចសន្យាជាមួយខ្សែការពារ Kyle Walkter-Peters ដោយមិនអស់ថ្លៃផ្ទេរផងដែរ ក្នុងទីផ្សារដោះដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ខ្សែការពារវ័យ ២៨ឆ្នាំ ដែលទើបចូលលេងក្នុងក្រុមធំជម្រើសជាតិតោកំណាចអង់គ្លេសនាឆ្នាំ២០២២ បានក្លាយជាសមាជិកថ្មីទី៣ សម្រាប់ក្លិបលេងនៅ Premier League មួយនេះ ក្រោយការមកដល់របស់ខ្សែការពារសេណាហ្គាល់ El Hadji Malick Diouf ក្នុងតម្លៃ ១៩លានផោនពីក្លិប Slavia Prague និងខ្សែការពារ Jean-Clair Todibo ពីក្លិប Nice។
ដូចគ្នានោះដែរ ពួកគេក៏បានលក់ខ្សែបម្រើស្លាប Mohammed Kudus ឱ្យក្លិបរួមលីគ Tottenham Hotspur ក្នុងតម្លៃ ៥៥លានផោនផងដែរ។
Walker-Peters ដែលទើបចូលលេងបាន ២ប្រកួតជាមួយអង់គ្លេស បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំលេងឱ្យ West Ham បន្ទាប់ពីផុតកិច្ចសន្យាជាមួយ Southampton ដែលបានធ្លាក់ទៅលេងក្នុងក្របខណ្ឌទី២ អង់គ្លេស Championship៕