Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CEO បណ្តាញសង្គមធំៗ Meta, X, TikTok, Snap និង Discord ប្រឈមមុខដ៏តានតឹងនៅចំពោះមុខសភាអាមេរិកជុំវិញករណីរំលោភសិទ្ធិកុមារ

01-02-2024 15:31

(បរទេស)៖ នៅថ្ងៃពុធសប្តាហ៍នេះ សភាអាមេរិកបានកោះហៅ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្តាញសង្គមធំៗដូចជា Meta, X, TikTok, Snap និង Discord ដើម្បីមកបំភ្លឺរឿងក្តីមួយចំនួន ដែលបណ្តាញសង្គមទាំងនោះបានធ្វេសប្រហែលក្នុងការការពារ ជាពិសេសពាក់ព័ន្ធនឹងការរំលោភសិទ្ធិកុមារ និងការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមរយៈ Platform ទាំងនោះ ខណៈនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ហាក់ស្ទឹកមុខ និងត្រូវមាត់ច្រើនជាងគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

សមាជិកសភាអាមេរិក លោក Sen. Thom Tillis, R-N.C បានសម្តែងការខកចិត្តចំពោះនាយកប្រតិបត្តិនាយកប្រតិបត្តិ Meta លោក Mark Zuckerberg, នាយកប្រតិបត្តិ TikTok លោក Shou Zi Chew, នាយកប្រតិបត្តិ X លោកស្រី Linda Yaccarino និងអ្នកដឹកនាំក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមកំពូលៗផ្សេងទៀត ដោយសង្កត់ធ្ងន់ថា «យើងអាចធ្វើច្បាប់ ដើម្បីឲ្យអ្នកចាកចេញពីអាជីវម្មនេះបាន បើពួកយើងចង់ធ្វើ...»។ លោក Tillis និងសមាជិកសភាផ្សេងទៀត បានចោទប្រកាន់នាយកប្រតិបត្តិក្រុមហ៊ុនខាងលើថា មិនបានការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។

ក្នុងសវនាការចំពោះមុខសភាអាមេរិកនាដើមសប្តាហ៍នេះ ហាក់ធ្វើឲ្យគ្រប់គ្នារំជួលចិត្តជាខ្លាំង ជាពិសេសនៅពេល លោក Josh Hawley, R-Mo ដែលជាសមាជិកសភា បានបង្ខំឲ្យ Mark Zuckerberg ឱ្យក្រោកឈរឡើង ហើយសុំទោសឪពុកម្តាយរបស់កុមារទាំងអស់ ដែលកម្មវិធី Facebook និង Instagram របស់ Meta បានរួមចំណែកដល់ការស្លាប់របស់កូនៗរបស់ពួកគេ។

សមាជិកសភាក៏បានសង្កត់ធ្ងន់លើក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់កម្មវិធី TikTok ផងដែរ ដោយចោទសំណួរថា តើ លោក Shou Zi Chew នាយកប្រតិបត្តិ TikTok ធ្លាប់ជាសមាជិកបក្សកុម្មុយនិស្តចិនដែរឬទេ? ខណៈលោក Shou Zi Chew ឆ្លើយយ៉ាងខ្លីថា «សមាជិកសភា, ខ្ញុំជាជនជាតិសិង្ហបុរី»

គួរជម្រាបថា ទាំងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានរួបរួមគ្នាផ្តន្ទាទោស ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមខាងលើ ដែលបានបរាជ័យក្នុងការការពារសិទ្ធិអ្នកប្រើប្រាស់ និងធ្វើឱ្យប៉ះពាល់ដល់យុវជនដោយផ្ទាល់។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីអាចផ្តន្ទាទោសក្រុមហ៊ុនខាងលើបាន គឺទាមទារឲ្យមានការអនុម័តច្បាប់ ខណៈក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នេះ នៅតែទទួលរងការរិះគន់ចំពោះបញ្ហាទាក់ទងនឹងសុវត្ថិភាពកុមារ៕