Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រៃវែង គ្រងជើងឯកលីគទី២ មុនឡើងបង្កព្យុះភ្លៀងក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២១

30-01-2021 20:25

(ភ្នំពេញ)៖ ក្រុមប្រជុំដោយកីឡាករយុវជន ដែលកើតពីថ្នាលក្លិបវិសាខា គឺសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បានក្លាយជាជើងឯកលីគទី២ កម្ពុជា ឆ្នាំ២០២០ ហើយ បន្ទាប់ពីយកឈ្នះក្រុមយុវជន U-21 កងយោធពលខេមរភូមិន្ទ(ទ័ព) ៥-២ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានខេត្តព្រៃវែង នាល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នេះ។

នេះគឺជាសមិទ្ធផលថ្មីមួយដែលអាចចាត់ទុកបន្សល់ពីឆ្នាំចាស់ បន្ទាប់ពីលីគទី២ បានពន្យារពេលដោយសារកូវីដ-១៩ ដែលព្រៃវែង បានធ្វើឲ្យមានការភ្ញាក់ផ្អើលពិភពបាល់ទាត់ ដ្បិតពួកគេបានគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៤ (ថ្នាក់ខេត្ត) ឆ្នាំ២០២០ មុនបន្ដដណ្ដើមបានចំណាត់លេខ៣ ក្រោយយកឈ្នះក្រុមខ្លាំងៗជាច្រើន ក្នុងពានសម្ដេចតេជោ-ថ្នាក់ជាតិ ក្នុងឆ្នាំដដែល មុនពួកគេទទួលបានកៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ ដើម្បីត្រៀមបង្កព្យុះភ្លៀងនារដូវកាលថ្មីខាងមុខ។

ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រលីគទី២ ឆ្នាំ២០២០ ខាងលើវិញ វគ្គទី២ ក្រុមភ្ញៀវ U21 ទ័ព បានបើកកនាំមុខក្រុមម្ចាស់ផ្ទះ ២-១ មុន ដែលធ្វើសម្រេចដោយកីឡាករ ឈឿន ឧត្តម និង ជា ណាវីន ខណៈ ១គ្រាប់របស់ព្រៃវែង រកបានដោយ វុធ តុលា។ ចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមដាក់សម្ពាធ រហូតវាយបកបាន ៤គ្រាប់វិញ ដើម្បីធានាកៅអីជើងឯកតែម្ដង ដែលធ្វើសម្រេចដោយកីឡាករ វឿន វ៉ា ៣គ្រាប់ និងកីឡាករ គី រីណា ១គ្រាប់ ខណៈក្រុម U21 ទ័ព បានត្រឹមសោកស្ដាយប៉ុណ្ណោះ។

ជាមួយការដណ្ដើមបានជើងឯក និងជាកំណត់ត្រាប្រវត្តិសាស្ដ្រសម្រាប់វិស័យបាល់ទាត់ខេត្តព្រៃវែងនេះ ពួកគេបានទទួលមេដាយមាស និងពាន១ អមជាមួយការឧបត្ថម្ភ ហើយសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ក៏ទទួលបានសិទ្ធិជាផ្លូវការក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ ផងដែរ ខណៈជើងឯករងក្រុម U21 កងយោធពលខេមរភូមិន្ទ និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុមយុវជន U21 ភ្នំពេញក្រោន៕