Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតសញ្ញាបត្រក្បាច់គុណនិនចា (Ninja) ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន ត្រូវប្រគល់ជូននិស្សិតម្នាក់

27-06-2020 13:35

(តូក្យូ)៖ សាកលវិទ្យាល័យជប៉ុនមួយ បានសម្រេចប្រគល់សញ្ញាប័ត្រជំនាញ និនចា (Ninja ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជូនដល់និស្សិតថ្នាក់អនុបណ្ឌិតម្នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Independent នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។

និស្សិតថ្នាក់អនុបណ្ឌិតលោក ហ្គែនីជិ មីតស៊ូហាស៊ិ (Genichi Mitsuhashi) អាយុ ៤៥ ឆ្នាំបានចំណាយពេល ០២ឆ្នាំដើម្បីពិនិត្យមើលឯកសារប្រវត្តិសាស្រ្ត ស្តីពីលក្ខណៈពិតរបស់អ្នកប្រយុទ្ធបំបាំងកាយ Ninja ខណៈពេលដែលលោកបានទិញផ្ទះឈើមួយខ្នង នៅខេត្តអ៊ីហ្គា (Iga) ដែលជាស្រុកកំណើតរបស់ក្បាច់គុននេះ ដើម្បីអនុវត្តទ្រឹស្តីក្បាច់គុណទាំងនោះ។

លោក Mitsuhashi បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP យ៉ាងដូច្នេះថា «សៀវភៅក្បាច់គុន Ninja បាននិយយថា អ្នកតាំងខ្លួនជា Ninja ត្រូវតែធ្វើការជាកសិករនៅពេលព្រឹក ហើយហ្វឹកហាត់ក្បាច់គុណនៅពេលរសៀល... ជាមួយនឹងការរួមបញ្ចូលគ្នានេះ ខ្ញុំគិតថា ខ្ញុំអាចរៀនអំពី Ninja ដែលពិតប្រាកដមួយ»។ លោកបានបន្ត« វាមានរយៈពេលពីរឆ្នាំហើយ ដែលខ្ញុំបានបំពេញដោយជោគជ័យ ពីព្រោះខ្ញុំបានរស់នៅក្នុងភូមិកសិករ អ៊ីហ្គា (Iga) ហើយបានបន្តការស្រាវជ្រាវ តាមមធ្យោបាយផ្ទាល់ខ្លួនរបស់ខ្ញុំ»

សាស្រ្តាចារ្យរបស់លោក គឺលោកយូជី យ៉ាម៉ាដា (Yuji Yamada) បានហៅគាត់ថា «នេះជាជនគំរូដ៏ពិតប្រាកដមួយ សម្រាប់និស្សិតបញ្ចប់ការសិក្សា Ninja ដោយសារតែវិធីសាស្ត្រដែលគាត់បានបូកបញ្ចូលគ្នាខាងលើនេះ ពិតជាសាកសមនឹងទទួលបានងារនេះណាស់»

គួរជម្រាបថា Ninja ត្រូវបានគេជឿថា មានដើមកំណើតនៅដើមសតវត្សរ៍ទី ១៤ មកម្ល៉េះ នៅពេលដែលពួកសក្តិភូមិបានជួយអ្នកស៊ីឈ្នួលស៊ើបការណ៍ ឲ្យជ្រៀតខ្លួនចូលប្រាសាទ ដើម្បីទទួលបានព័ត៌មានសម្ងាត់។ Ninja ក៏ជាក្បាច់គុណដ៏ល្បីល្បាញរបស់ជប៉ុន នៅលើឆាកអន្តរជាតិ មកទល់នឹងបច្ចុប្បន្ននេះផងដែរ៕