ឯកឧត្ដម កើត រិទ្ធ ផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឱកាសថ្ងៃខួបកំណើត
03-05-2025 13:31
(ភ្នំពេញ)៖ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ញើសារលិខិតជូនពរឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។
យើងខ្ញុំសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានដឹកនាំគោលនយោបាយការបរទេស របស់រាជរដ្ឋាភិបាលប្រកបដោយសុទិដ្ឋិនិយម ដើម្បីការពារសន្តិសុខជាតិ សុខុមាលភាព សេដ្ឋកិច្ច និងអត្តសញ្ញាណជាតិនៅលើឆាកអន្តរជាតិ។ ឯកឧត្តម បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ទទួលបានជោគជ័យ ក្នុងការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការ ជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕