Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិបត្តិការទូទាត់តាមរយៈប័ណ្ណទូទាត់​មាននិន្នាការថយចុះ ស្របពេលការទូទាត់តាម QR Code បន្តកើនឡើងខ្លាំងរហូតដល់ ២៤៧%

22-07-2025 17:49

(ភ្នំពេញ)៖ បើទោះបីជាប្រតិបត្តិការទូទាត់តាមរយៈប័ណ្ណទូទាត់​ ដូចជាការទូទាត់តាមកាត ATM ពេញនិយមក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ បានបង្ហាញនិន្នាការថយចុះគួរឱ្យកត់សម្គាល់ ខណៈប្រតិបត្តិការតាមរយៈប្រព័ន្ធបាគង មានសន្ទុះកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយ​ឆ្នាំ ទាំងចំនួនប្រតិបត្តិការ និងទំហំទឹកប្រាក់ជាពិសេសប្រតិបត្តិការជាប្រាក់រៀល។

យោងតាមរបាយការណ៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិ បានឱ្យដឹងថា ​នៅក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់តាមរយៈប័ណ្ណទូទាត់ មានការធ្លាក់ចុះ រីឯប្រតិបត្តិការទូទាត់ តាមការស្កេន QR Code បន្តកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងចំនួនប្រតិបត្តិការ និងទំហំប្រាក់។ ចំនួនប្រតិបត្តិការតាមប័ណ្ណទូទាត់ មានការកើនឡើងត្រឹម១.៥% ប៉ុន្តែទំហំប្រាក់មានការធ្លាក់ចុះ រហូតដល់ ៧.៧%។ រីឯចំនួនប្រតិបត្តិការទូទាត់តាម QR Code មានការកើនឡើងរហូតដល់ ២៤៧.៥% និង ទំហំប្រាក់ មានការកើនឡើងរហូតដល់ ១៣៥.៤%។

ធនាគារជាតិនៃកម្ពុជានឹងបន្តជំរុញ និងលើកកម្ពស់ការទូទាត់តាមប្រព័ន្ធបាគង និងការអនុវត្ត ស្តង់ដារ KHQR Code ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីសម្រេចបានក្នុងការត្រៀមខ្លួន សម្រាប់ការធ្វើអន្តរប្រតិបត្តិការទូទាត់តាមរយៈយ្យអរកួតទាំងក្នុងប្រទេស និងតំបន់។

បើតាមធនាគារជាតិ ក្នុងឆ្នាំ២០២៤ ​ អតិថិជនចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបាគង តាមរយៈកម្មវិធីបាគងមានចំនួន ៦៤២.៥ ពាន់គណនី កើនឡើង៧% បើធៀបនឹងឆ្នាំ២០២៣។ ទន្ទឹមនេះ ចំនួនអតិថិជនដែលមានគណនី ធនាគារ/កាបូបអេឡិចត្រូនិកនៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហើយអាចធ្វើប្រតិបត្តិការតាមប្រព័ន្ធបាគង (Customer Reached) មានចំនួនប្រមាណ ៣០ លានគណនី ដែលប៉ាន់ប្រមាណស្មើនឹង ១៦៩% នៃចំនួនប្រជាជនសរុប។ លើសពីនេះ ប្រព័ន្ធបាគងក៏មានមុខងារ ទូទាត់តាមរយៈ KHQR Code ដែលជាស្តង់ដារ​QR Code សម្រាប់ការទូទាត់នៅកម្ពុជាផងដែរ។

គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ ពាណិជ្ជករដែលចុះឈ្មោះប្រើប្រាស់ដោយគ្រឹះស្ថានធនាគារ ដើម្បីទទួលការទូទាត់តាមខេអេចយ្យអរកួត មានប្រមាណ ៤,៥ លានគណនី ​កើនឡើង ៣៦.៣៦% ធៀបឆ្នាំ២០២៣​។

រីឯប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន ៦០៨.៣២ លាន ប្រតិបត្តិការ ក្នុងនោះប្រតិបត្តិការជាប្រាក់រៀលមានចំនួន ២៩៩,៣២លានប្រតិបត្តិការ ​កើនឡើង ៣៣៤% និងប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមានចំនួន ៣០៨.២០ លានប្រតិបត្តិការ ​កើនឡើង ១៣២%​ និងមានទំហំប្រាក់ជាប្រាក់រៀលប្រមាណ១៧៩.៣០ ទ្រីលានរៀល ​កើនឡើង ១២១%​ និងទំហំប្រាក់ជាប្រាក់ដុល្លារអាមេរិកប្រមាណ១០២.៣២ ប៊ីលានដុល្លារអាមេរិក ​កើនឡើង ៩០%។​ ​ទំហំប្រាក់សរុបនៅក្នុងឆ្នាំ២០២៤ ស្មើនឹង ៣២៧% នៃផ.ស.ស។ ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធបាគង មានការកើនឡើងជាលំដាប់ បន្ទាប់ពីប្រព័ន្ធបាគងត្រូវបានដាក់ឱ្យដំណើរការ។

គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន ៦៩ គ្រឹះស្ថាន ដោយក្នុងនោះមានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ៩ ផ្សេងទៀតបាននិង កំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបាគង ដែលជាប្រព័ន្ធកន្លោង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្នុងគោលបំណងពង្រឹង លើកកម្ពស់ និងធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់នៅក្នុងប្រទេសកម្ពុជា។ ​ប្រព័ន្ធបាគងក៏បានទទួលពានរង្វាន់ពីសារព័ត៌មាន NIKKEI ដែលជាសារព័ត៌មានល្បីជួរមុខរបស់ប្រទេស ជប៉ុន ក្នុងការសម្រេចបានគោលដៅបរិយាបន្នហិរញ្ញវត្ថុ និងនវានុវត្តន៍ផងដែរ។ ប្រព័ន្ធបាគង​បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជា តាមរយៈការជំរុញ ប្រតិបត្តិការទូទាត់សងប្រាក់ឌីជីថលសម្រាប់ប្រជាជនដែលពុំមានលទ្ធភាពក្នុងការប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការ៕