កម្ពុជាទទួលចំណូលជាង ៣១១លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង ៥១% នៅឆមាសទី១ឆ្នាំនេះ (Video inside)
22-07-2025 14:04
(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាទទួលបានចំណូលជាង ៣១១លានដុល្លារអាមេរិក ពីការនាំចេញកង់ កើនឡើងជាង៥១%។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។
តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញកង់ទៅកាន់បណ្ដាប្រទេសដៃគូ ក្នុងទឹកប្រាក់ចំនួន ៣១១.០៩លានដុល្លារ កើនឡើងរហូតដល់ចំនួន៥១.៧១% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ មានចំនួន ២០៥.០៦លានដុល្លារ។
បើតាមក្រសួងពាណិជ្ជកម្ម, ទីផ្សារសំខាន់ៗដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជា នាំចូលកង់មកវិញ រួមមាន៖ ជប៉ុន ចិន វៀតណាម ថៃ និងអាមេរិកជាដើម។
កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង៖
* ទី១៖ A AND J (CAMBODIA) CO.,LTD.
* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.
* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.
* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD
* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។
សហភាពអឺរ៉ុបបានអនុញ្ញាតឲ្យកម្ពុជា អាចប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន (កង់) ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។
ការអនុញ្ញាតនេះធ្វើឲ្យទីផ្សារនាំចេញកង់កម្ពុជា កាន់តែមានភាពងាយស្រួលជាងមុន ដោយសារតែមានភាពងាយស្រួល ក្នុងការស្វែងរកប្រភពធាតុដើម ពីប្រទេសវៀតណាម ដែលជាប្រទេសជិតខាង៕