Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានាំចេញផលិតផលកសិកម្មជិត ៨លានតោន ទទួលបានចំណូលជិត ៣ពាន់លានដុល្លារ នៅឆមាសទី១ (Video inside)

19-07-2025 11:20

(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផលិតផលដំណាំក្នុងបរិមាណ ៧ ៨៣៣ ១០១តោន ក្នុងនោះដំណាំក្រៅពីស្រូវអង្ករចំនួន ៤ ២៧២ ៧៣៥តោន, ស្រូវចំនួន ៣ ១៧៦ ៥៦១តោន និងអង្ករចំនួន ៣៨៤ ៨០៤តោន ទៅកាន់ទិសដៅ ៧៨ប្រទេស កើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

របាយការណ៍ដដែលបញ្ជាក់ថា តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំមានជាង ២ ៨៧២លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ១ ៩២៦លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង ៦៣៨ លានដុល្លារអាមេរិក និងតម្លៃពីការនាំចេញអង្ករមានជាង ៣០៧លានដុល្លារអាមេរិក។

ដោយឡែកសម្រាប់កសិផលផ្សេងទៀតក្រៅពីស្រូវអង្កររួមមាន៖ ដំឡូងមីស្រស់នាំចេញបានជាង ១.៥៨លានតោន ធ្លាក់ចុះជាង៥%, ចំណិតដំឡូងមីក្រៀមជាង ១.២៩លានតោនកើនឡើងជាង ៥៧%, គ្រាប់ស្វាយចន្ទីជាង៥៧ម៉ឺនតោន កើន៦%, ផ្លែស្វាយស្រស់ជាង ១៧ម៉ឺនតោន ធ្លាក់ចុះ៧%, ផ្លែចេកស្រស់ជិត១៥ម៉ឺនតោន កើនជាង១៥%, គ្រាប់ពោត ជាង៥ម៉ឺនតោន ធ្លាក់ចុះ២០%, ផ្លែមៀនស្រស់ជាង ១៩ម៉ឺនតោន កើន៣១% និងដំណាំចំនួន ៧៩មុខផ្សេងទៀតចំនួន ៤២ម៉ឺនតោន ធ្លាក់២%។

ការធ្លាក់ចុះនៃការនាំចេញរបស់កសិផលមួយចំនួន ដូចជាដំឡូងមីស្រស់ និងគ្រាប់ពោតជាដើម ដោយសារតែរោងចក្រនៅកម្ពុជា បង្កើនការទិញដើម្បីកែច្នៃធ្វើដំណីសត្វ។ ផ្លែស្វាយស្រស់ គឺរោងចក្រ ប្រមូលទិញធ្វើដំណាប់ស្វាយដើម្បីនាំចេញ។

សូមជម្រាបថា បើតាមបាយការណ៍របស់ក្រសួងកសិកម្ម ឆ្នាំ២០២៤ ផលិតកម្មដំណាំបរិមាណ ១១.៦៦តោន ត្រូវបាននាំចេញទៅក្រៅប្រទេស ដោយរកចំណូលបាន ៤ ៧៩២ លានដុល្លារ កើនឡើង ១៤៣លានដុល្លារបើធៀបឆ្នាំ២០២៣។ មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ៕