Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិល៖ អ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា តាមជើងហោះហើរប្រទេសថៃ មានកំណើនធម្មតា (Video inside)

18-07-2025 16:40

(សៀមរាប)៖ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងបញ្ជាក់ថា ទោះបីកម្ពុជា-ថៃ មានជម្លោះព្រំដែនជាមួយគ្នាក្តី តែចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា តាមជើងហោះហើររបស់ប្រទេសថៃ នៅតែដំណើរការធម្មតា និងមានកំណើនគួរឱ្យគត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៥នេះ។

លោក ជា អូន ថ្លែងបញ្ជាក់ឱ្យដឹងដូច្នេះក្នុងឱកាសសម្ពោធជើងយន្តហោះហើរលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

លោកបន្ថែមថា ទោះបីជាប្រទេសថៃ បានបិទការធ្វើដំណើរតាមផ្លូវគោកចូលកម្ពុជា តែប្រទេសថៃមិនអាចបិទជើងហោះហើរចូលប្រទេសកម្ពុជាបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់អន្តរជាតិ។

លោក ជា អូន បានថ្លែងដូចនេះថា «តាមផ្លូវគោកមានការបិទពីភាគីថៃ មិនមែនបិទខាងយើងនោះទេ ហើយទាក់ទងនឹងអាកាសចរស៊ីវិលនេះ បើគាត់បិទ អានឹងវាប៉ះពាល់ច្បាប់អន្តរជាតិធ្ងន់ធ្ងរណាស់ ខ្ញុំគិតថាគាត់អត់អាចបិទបាននោះទេ ហើយភ្ញៀវរាល់ថ្ងៃខ្ញុំតាមរហូត គឺអត់មានថយនោះទេ មានតែកើនឡើង, សូមជម្រាបថា ឆ្នាំនេះមានការកើនឡើង ៤៨ភាគរយ បើធៀបនឹងឆ្នាំមុន»។

សូមជម្រាបថា ជើងហោះហើរវាងភ្នំពេញ-បាងកក មានជើងហោះចំនួន ៧៨ជើងក្នុង១សប្តាហ៍ ធ្វើប្រតិបត្តិការហោះហើរ ដោយក្រុមហ៊ុ​នអាកាសចរណ៍ចំនួន ៩ក្រុមហ៊ុន (ក្រុមហ៊ុនក្នុងស្រុក៣) ខណៈការហោះហើររវាងសៀមរាប-បាងកកមាន​ ៣៨ជើងក្នុង ១សប្តាហ៍ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣។