អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន៖ ការជំរុញឱ្យប្រព័ន្ធបញ្ជរតែមួយជាតិ ក្លាយជាប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) នឹងធ្វើឱ្យការនាំចេញទំនិញរបស់កម្ពុជាកាន់តែលឿន (Video inside)
02-05-2025 15:42
(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកនៃក្រុមហ៊ុនឡាញហលអិចប្រេស និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានលើកឡើងថា ការជំរុញឱ្យប្រព័ន្ធបញ្ជរតែមួយជាតិ ក្លាយជាប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) នឹងធ្វើឱ្យល្បឿននៃការអនុម័តឯកសារ សម្រាប់នាំចេញកាន់តែលឿន ផ្តល់ភាពងាយស្រួលដល់ការនាំចេញទំនិញ និងមិនមានភាពយឺតយ៉ាវ។
ឧកញ៉ា ស៊ិន ចន្ធី លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យ Logistic នៅកម្ពុជា ក្នុងពេលមានសង្រ្គាមពាណិជ្ជកម្ម»។
លោកបានលើកឡើងថា ថ្វីត្បិតបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងស្ថាប័នមួយចំនួន ដូចជាក្រសួងពាណិជ្ជកម្ម បានតម្រូវឱ្យមានការបំពេញឯកសារតាមអនឡាញ ដែលផ្តល់ភាពងាយស្រួលដល់ការនាំចេញក៏ដោយ ប៉ុន្តែការនាំចេញទំនិញខ្លះ គឺតម្រូវឱ្យឆ្លងកាត់ការអនុញ្ញាតក្រសួងផ្សេងទៀត។
លោកបានឱ្យដឹងថា ក្រសួងខ្លះបានប្រើប្រាស់ពេលវេលាយូរ ទើបចេញឯកសារអនុញ្ញាត ហើយករណីខ្លះទៀតនៅពេលដាក់ឯកសារហើយ មានការចរចាសិន។ ករណីទាំងនេះ បានរារាំងដល់ការនាំចេញទំនិញមានភាពយឺតយ៉ាវ។ ដូច្នេះហើយលោកចង់ឱ្យ ប្រព័ន្ធបញ្ជរតែមួយជាតិ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្លាយជាប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) ដើម្បីជំរុញល្បឿនឯកសារនាំចេញ បានកាន់តែលឿន៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧកញ៉ា ស៊ិន ចន្ធី៖