អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា មិនទាន់មានការជះឥទ្ធិពលមកលើវិស័យដឹកជញ្ជូនរបស់កម្ពុជានៅឡើយទេ ក្នុងអំឡុង៩០ថ្ងៃនៃពេលវេលាចរចាលើបញ្ហាពន្ធ របស់អាមេរិក (Video inside)
02-05-2025 15:36
(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកនៃក្រុមហ៊ុនឡាញហលអិចប្រេស ដែលជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា បានអះអាងថា មិនទាន់មានការជះឥទ្ធិពល មកលើវិស័យដឹកជញ្ជូនរបស់កម្ពុជានៅឡើយនោះទេ ក្នុងអំឡុង៩០ថ្ងៃ នៃពេលវេលាចរចាលើបញ្ហាដំឡើងពន្ធ របស់អាមេរិក។
ការអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស៊ិន ចន្ធី អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យ Logistic នៅកម្ពុជា ក្នុងពេលមានសង្រ្គាមពាណិជ្ជកម្ម» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតនៅក្នុងអំឡុង៩០ថ្ងៃ នៃការរៀបចំចរចារផ្សេងៗ ដែលសហរដ្ឋអាមេរិក ទុករយៈពេលឱ្យ អីចឹងហើយមកដល់ម៉ោងនេះ បើនិយាយអំពីការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជា ហាក់បីដូចជាមិនទាន់ប៉ះអ្វីខ្លាំងនោះទេ ព្រោះយើងស្ថិតនៅក្នុង១០% នៃ៩០ថ្ងៃនៅឡើយ»។
បើតាមឧកញ៉ា ស៊ិន ចន្ធី, បើនិយាយអំពីការដឹកជញ្ជូន និងការធ្វើ Logistic វាជាប្រព័ន្ធមួយ ដែលទាក់ទងនឹងការធ្វើពាណិជ្ជកម្ម និងការទិញលក់ផ្សេងៗ ព្រមទាំងការផលិត -ល- អីចឹងហើយកាលណា មានសង្គ្រាមទាក់ទងនឹងពាណិជ្ជកម្ម និងការដឹកជញ្ជូនក៏មានការប៉ះពាល់ច្រើនផងដែរ។
គួរបញ្ជាក់ថា ប្រទេសជាច្រើនកំពុងចរចាជាមួយសហរដ្ឋអាមេរិក អំពីបញ្ហាពន្ធគយ បន្ទាប់ពីលោក ត្រាំ បានសម្រេចចិត្តផ្អាកការអនុវត្តការយកពន្ធគយទៅវិញទៅមករយៈពេល ៩០ថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅខែកក្កដាខាងមុខ៕