Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Apple នឹងវិនិយោគ៥០០ពាន់លានដុល្លារ នៅអាមេរិក ក្នុងរយៈពេល៤ឆ្នាំ, នឹងជួលបុគ្គលិកប្រមាណ២ម៉ឺននាក់

25-02-2025 08:05

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple បានឱ្យដឹងនៅថ្ងៃចន្ទថា​ ខ្លួននឹងចំណាយថវិកាជាង៥០០ពាន់លានដុល្លារ ក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេល៤ឆ្នាំខាងមុខ និងជួលបុគ្គលិកប្រមាណ២០,០០០នាក់, ដែលការប្រកាសនេះ ទំនងជាផ្គាប់ចិត្តលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជំរុញឱ្យបណ្តាក្រុមហ៊ុនអាមេរិក ប្តូរមកបង្កើនការផលិតក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

«Apple នៅថ្ងៃនេះ បានប្រកាសពីការប្តេជ្ញាចិត្តចំណាយដ៏ធំបំផុត មិនធ្លាប់មានពីមុនមករបស់ខ្លួន, ជាមួយនឹងគម្រោងចំណាយ និងវិនិយោគជាង៥០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល៤ឆ្នាំខាងមុខ», នេះបើតាមក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងថា «យើងមានសុទិដ្ឋិនិយម ចំពោះអនាគតនៃការច្នៃប្រឌីតរបស់អាមេរិក ហើយនឹងមានមោទនភាព ក្នុងការកសាងលើការវិនិយោគ របស់សហរដ្ឋអាមរិក ដែលមានរយៈពេលយូរ ជាមួយនឹងការប្តេជ្ញាចិត្តវិនិយោគ៥០០ពាន់លានដុល្លារ ចំពោះអនាគតប្រទេសរបស់យើង»។

ចំនួនទឹកប្រាក់នៃការវិនិយោគនេះ រួមបញ្ចូលអ្វីៗគ្រប់បែបយ៉ាង រាប់ចាប់ពីការទិញពីអ្នកផ្គតផ្គង់នៅសហរដ្ឋអាមរិក រហូតដល់ការថតកម្មវិធីទូរទស្សន៍ និងភាពយន្តនៅសហរដ្ឋអាមេរិក សម្រាប់សេវាកម្ម Apple TV+ របស់ខ្លួនផងដែរ។

Apple បានឱ្យដឹងដែរថា ខ្លួននឹងជួលបុគ្គលិកប្រមាណ២០,០០០នាក់ ដោយភាគច្រើនផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍, វិស្វកម្មស៊ីលីកុន, ការអភិវឌ្ឍកម្មវិធីផ្នែកទន់, បញ្ញាសិប្បនិម្មិត និងការរៀនពីម៉ាស៊ីន៕