Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Netanyahu៖ អ៊ីស្រាអែល-អាមេរិក ប្តេជ្ញារួមគ្នាទប់ស្កាត់នុយក្លេអ៊ែរនិងការឈ្លានពាន របស់អ៊ីរ៉ង់

16-02-2025 22:06

(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាន ថ្លែងកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរារាំងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និង «ការរឈ្លានពាន» របស់ប្រទេសនេះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកបានថ្លែងបែបនេះ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅទីក្រុងហ្សេរុយសាឡឹម។ លោក Netanyahu បានពណ៌នាកិច្ចពិភាក្សា ជាមួយលោក Rubio ថាមានលក្ខណៈ «ផលិតភាពខ្ពស់» ដោយផ្តោតសំខាន់លើបញ្ហាជាច្រើន ប៉ុន្តែ «គ្មានអ្វីសំខាន់ជាងអ៊ីរ៉ង់ទេ»

«អ៊ីស្រាអែលនិងអាមេរិក រួមដៃគ្នាប្រឆាំងអ៊ីរ៉ង់» នេះបើតាមការបញ្ជាក់របស់លោក Netanyahu។ លោកបានបន្ថែមថា ភាគីទាំងពីរយល់ស្របថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរ ហើយឥទ្ធិពលឈ្លានពានរបស់ខ្លួន ក្នុងតំបន់ត្រូវតែត្រូវបានកាត់បន្ថយ។

ចំណែកឯ លោក Rubio បានអះអាងថា អីរ៉ង់ស្ថិតនៅពីក្រោយ «រាល់អំពើហិង្សា» និង «សកម្មភាពអស្ថិរភាព» ក្នុងតំបន់។

គួរបញ្ជាក់ថា អ៊ីស្រាអែល និងអ៊ីរ៉ង់គឺជាសត្រូវសួរពូជនឹងគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍ ដោយមានប្រវត្តិនៃសង្គ្រាមសម្ងាត់ និងការវាយប្រហារតាមផ្លូវគោក សមុទ្រ ផ្លូវអាកាស និង តាមអ៊ីនធឺណិត។ អ៊ីរ៉ង់ដែលអះអាងថា ខ្លួនកំពុងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងសន្តិភាព ក៏បានគាំទ្រក្រុមប្រដាប់អាវុធនៅទូទាំងមជ្ឈិមបូព៌ា ដែលខ្លួនចាត់ទុក ជា «អ័ក្សនៃការតស៊ូ» ប្រឆាំងនឹងអ៊ីស្រាអែល និងឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុង តំបន់។ ក្រុមទាំងនោះ រួមមានក្រុមហាម៉ាស់ នៅហ្គាហ្សា ចលនាហេសបូឡា នៅលីបង់ ចលនាហ៊ូទីនៅយេម៉ែន និងក្រុមប្រដាប់អាវុធស៊ីអ៊ីតជាច្រើន នៅអ៊ីរ៉ាក់ និងស៊ីរី៕