Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការលក់រថយន្តថ្មី នៅរុស្ស៊ី កើនឡើង៤៧ភាគរយ ក្នុងឆ្នាំ២០២៤

05-01-2025 18:08

(ម៉ូស្គូ)៖ ការលក់រថយន្តដឹកអ្នកដំណើរថ្មី នៅក្នុងប្រទេសរុស្ស៊ី បានកើនឡើង៤៧ភាគរយ ដែលមានចំនួន១.៥៥លានគ្រឿង ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣, នេះបើយោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។

ការលក់រថយន្តថ្មី ក្នុងឆ្នាំ២០២៥ ត្រូវបានគេមើលឃើញថា នឹងមានការធ្លាក់ចុះប្រមាណ១០ភាគរយ មកនៅត្រឹម១.៤៣លានគ្រឿង។ នេះបើតាមសម្តីលោក Sergei Tselikov ប្រធានទីភ្នាក់ងារវិភាគរុស្ស៊ី Autostat បានលើកឡើងកាលពីខែធ្នូ ខណៈមានអតិផរណាខ្ពស់។

ការឈ្លានពានរបស់ទីក្រុងម៉ូស្គូ លើប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឱ្យទីផ្សាររថយន្តរបស់រុស្ស៊ី មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយក្រុមហ៊ុនផលិតរថយន្តលោកខាងលិច បានបោះបង់ចោលប្រទេសនេះ ហើយក្រុមហ៊ុនចិន បានចូលរកស៊ីវិញ ដើម្បីបិទគម្លាតផលិតកម្ម។ ការលក់រថយន្តនៅរុស្ស៊ី បានធ្លាក់ចុះក្នុងឆ្នាំ២០២២ ប៉ុន្តែបានស្ទុះងើបឡើងវិញជាបន្តបន្ទាប់៕