Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រេងឆៅជួញដូរក្នុងតម្លៃប្រហែល ៧០ដុល្លារក្នុងមួយបារ៉ែល ខណៈតម្រូវការមានកម្រិតទាប

12-09-2024 15:00

(តូក្យូ)៖ តម្លៃប្រេងឆៅបានថយចុះតិចតួច នៅថ្ងៃព្រហស្បតិ៍ ខណៈដែលការព្រួយបារម្ភអំពីតម្រូវការទាបមានកម្រិតខ្លាំង ជាងក្តីបាម្ភពីឥទ្ធិពលរបស់ព្យុះ Francine ដែលបោកបក់បង្កការអាក់ខាន ទៅលើផលិតកម្មប្រេងនៅសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេងឆៅធំបំផុត ក្នុងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយ នៅខែវិច្ឆិកាបានឡើងថ្លៃ ២៤សេន ឬ ០,៣៤ភាគរយដោយជួញដូរក្នុងតម្លៃ ៧០,៨៦ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ WTI របស់អាមេរិកសម្រាប់ចែកចាយនៅខែតុលា បានកើនឡើង ២០សេន ឬ ០,៣០ភាគរយដោយជួញដូរក្នុងតម្លៃ ៦៧,៥២ដុល្លារនៅរសៀលថ្ងៃព្រហស្បតិ៍។

ប្រេងឆៅក្នុងកិច្ចសន្យាអនាគតទាំងពីរ បានឡើងថ្លៃជាង ១ដុល្លារ ឬច្រើនជាង ២ភាគរយនៅក្នុងវគ្គជួញដូរមុននេះ ខណៈដែលទីតាំងផលិតប្រេងរបស់អាមេរិក នៅឈូងសមុទ្រម៉ិកស៊ិកបានបិទទ្វារ ហើយប្រតិបត្តិការរោងចក្រចម្រាញ់ប្រេង នៅដីគោកនៅតំបន់ឆ្នេរ បានទទួលរងការរំខានដោយខ្យល់ព្យុះ Francine នៅភាគខាងត្បូងរដ្ឋ Louisiana កាលពីថ្ងៃពុធ។ ប៉ុន្តែដោយខ្យល់ព្យុះនេះនឹងរសាត់បាត់ទៅវិញ បន្ទាប់ពីបានបង្កឱ្យមានការបាក់ដី ការចាប់អារម្មណ៍របស់ទីផ្សារប្រេងជាថ្មីម្តងទៀត បានងាកមករកតម្រូវការដែលមានកម្រិតទាប។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋបាលព័ត៌មានថាមពលបានឱ្យដឹងកាលពីថ្ងៃពុធថា ស្តុកប្រេងរបស់សហរដ្ឋអាមេរិកបានកើនឡើង ខណៈដែលការនាំចូលប្រេងឆៅបានស្ទុះងើប ហើយការនាំចេញបានធ្លាក់ចុះ។

ទិន្នន័យក៏បានបង្ហាញផងដែរថា តម្រូវការប្រេងសាំងបានធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីខែឧសភាស្របពេលជាមួយគ្នានេះដែរ តម្រូវការប្រេងបានធ្លាក់ចុះដោយការដំណើរការ របស់រោងចក្រចម្រាញ់ប្រេងក៏បានធ្លាក់ចុះផងដែរ។ សហរដ្ឋអាមេរិកគឺជាប្រទេសប្រើប្រាស់ប្រេងច្រើនបំផុតក្នុងពិភពលោក៕