Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នក​ឧកញ៉ា សំ សុខនឿន៖ ការបង្កើនការផលិតផលិតផល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកឱ្យច្រើន នឹងជួយឱ្យសេដ្ឋកិច្ចមានស្ថេរភាព (Video inside)

06-09-2024 11:52

(ភ្នំពេញ)៖ អ្នកឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ច ត្រូវជំរុញឲ្យបង្កើនការផលិត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ព្រោះថា ប្រសិនបើការផលិតក្នុងស្រុកបានច្រើននោះ នឹងចូលរួមក្នុងការលើស្ទួយ និងរក្សាស្ថេរភាពសេដ្ឋកិច្ចក្នុងស្រុក។

ការលើកឡើងរបស់ អ្នកឧកញ៉ា សំ សុខនឿន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការដឹកនាំអាជីវកម្មឱ្យមាននិរន្តភាព របស់អ្នកឧកញ៉ា សំ សុខនឿន»

អ្នកឧកញ៉ា សំ សុខនឿន បានថ្លែងថា កម្ពុជាជាប្រទេសមួយកំពុងមានការរីកចម្រើន ពិសេសបច្ចុប្បន្ននេះ មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំឆ្នើមមួយរូប និងបានដាក់គោលនយោបាយជាច្រើន ដើម្បីគាំទ្រអាជីវកម្មនៅប្រទេសកម្ពុជា។

អ្នកឧកញ៉ាបានបន្ដថា «កម្ពុជាបាននាំចូលផលិតផលជាច្រើន ពីបណ្ដាប្រទេសដទៃ ដើម្បីមកបម្រើប្រជាពលរដ្ឋក្នុងស្រុក និងការរស់នៅរបស់ប្រជាជនក្នុងស្រុក ដូចជាម្ហូបអាហារ គ្រឿងសំណង់ ជាដើម។ ដូច្នេះខ្ញុំជឿជាក់ថា ប្រទេសកម្ពុជាមានអ្វីសម្រាប់ ខ្លួនយើងបានច្រើន នោះស្ថេរភាពនៃសេដ្ឋកិច្ច ស្ថេរភាពនៃការរស់នៅរបស់ប្រជាជនរបស់យើង នឹងមានស្ថេរភាព»

អ្នកឧកញ៉ាបានបន្ថែមថា ជាការពិតប្រសិនបើកម្ពុជា មានការរៀបចំតម្លើងរោងចក្រជាច្រើន ដូចជារោងចក្រម្ហូបអាហារច្រើននោះ ការផលិតមានច្រើនដូច្នេះកម្ពុជា មិនចាំបាចនាំចូលពីក្រៅប្រទេសនោះឡើយ។

អ្នកឧកញ៉ា សំ សុខនឿន បានបញ្ជាក់ថា «សម្រាបទស្សនៈរបស់ខ្ញុំ គឺធុរជន ឬម្ចាស់អាជីវកម្មនៅកម្ពុជា គួរតែហ៊ានស្វែងរកដៃគូពីក្រៅប្រទេសគ្រប់ជំនាញ គ្រប់វិស័យទាំងអស់ ដើម្បីជំរុញឲ្យកម្ពុជាធ្វើអ្វីៗ ដោយខ្លួនឯងបានច្រើន មិនថា វិស័យកសិកម្ម សំណង់ ឬទេសចរណ៍នោះទេ ការធ្វើបែបនេះនឹងធ្វើឲ្យកម្ពុជា អាចធ្វើអ្វីៗដោយខ្លួនឯងបានច្រើន នោះតម្លៃលក់នៅកម្ពុជានឹងមានតម្លៃទាប ជាងការនាំចូល»

សូមទស្សនាការលើកឡើងរបស់ អ្នកឧកញ៉ា សំ សុខនឿ​ន៖