Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគាររដ្ឋ SME Bank គ្រោងបញ្ចេញឥណទាន ១០០លានដុល្លារ ជួយគាំទ្រដល់អាជីវកម្មកែច្នៃក្នុងវិស័យកសិ-ឧស្សាហកម្ម (Video inside)

29-05-2023 17:51

(ភ្នំពេញ)៖ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះថា នៅឆ្នាំ២០២៣នេះ SME Bank គ្រោងនឹងបញ្ចេញឥណទាន ១០០លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោកបណ្ឌិតបញ្ជាក់ថា សម្រាប់អត្រាការប្រាក់វិញ គឺជាអត្រាការប្រាក់ទាប ដែលត្រឹមតែ ៥.៥ភាគរយប៉ុណ្ណោះក្នុង១ឆ្នាំ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២៣នេះ ធនាគារ SME មានគម្រោងបញ្ចេញថវិកា ១០០លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងនោះយើងផ្តោតសំខាន់លើវិស័យកែច្នៃកសិ-ឧស្សាហកម្ម ដែលមានទាំងការកែច្នៃគ្រាប់ស្វាយចន្ទីដែរ»។

ធនាគារសហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង កាលពីឆ្នាំ២០២០ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។ ធនាគារមានបេសកកម្មផ្ដល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

គិតត្រឹមខែមេសា ឆ្នាំ២០២៣, ធនាគារ SME បានធ្វើប្រតិបត្តិការផ្តល់ឥណទានដោយផ្ទាល់ លើទំហំទឹកប្រាក់សរុបចំនួន ៦២.៤លានដុល្លារ ទៅសហគ្រាសធុនតូច និងមធ្យមចំនួន ២៧៥សហគ្រាស ក្នុងនោះសហគ្រាសដែលមានសហគ្រិនជាស្រ្តីមានចំនួន ៧៥សហគ្រាស៕