Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនថ្មីជាង៧ពាន់ បានចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ក្នុងរយៈពេល១១ខែឆ្នាំនេះ ខណៈស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មជិត៦០០ក្រុមហ៊ុន

27-12-2021 16:34

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុនចំនួន ៧១២៧ បានមកចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម កើនឡើងប្រមាណជិត១០០ក្រុមហ៊ុន ឬស្នើនឹង០.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែធ្នូនេះថា ក្រុមហ៊ុនទាំងជាង៧ពាន់ដែលបានមកចុះបញ្ជីនេះ គឺក្រុមហ៊ុនដែលបានមកចុះបញ្ជីថ្មី តាមប្រព័ន្ធអនឡាញ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានអំពាវនាវ និងបើកឱ្យមានការចុះបញ្ជីតាមអនឡាញ។

លោកបន្តថា «ប្រព័ន្ធចុះបញ្ជីរបស់យើងបច្ចុប្បន្ននេះ គឺជាប្រព័ន្ធមួយដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនទាំងអស់ ដែលមកធ្វើការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម អាចធ្វើតាមអនឡាញ ហើយរាល់ទិន្នន័យចាំបាច់ទាំងអស់ ដែលគាត់បាន Upload មក យើងរក្សាទុកអនឡាញ ហើយនៅពេលដែលគាត់ចុះបញ្ជីអនឡាញ គាត់បានជាប់ជាស្វ័យប្រវត្តិ ទៅអគ្គនាយកដ្ឋានពន្ធដារ ហើយអាចភ្ជាប់ទៅក្រសួងការងារ។ អីចឹងស្ថិតិជាង៧ពាន់នេះ ជាក្រុមហ៊ុនថ្មីដែលមកចុះបញ្ជីតាមប្រព័ន្ធអនឡាញ»។

របាយការណ៍ក្រសួងពាណិជ្ជកម្មដដែលនេះបន្តថា ចំណែកក្រុមហ៊ុន និងសហគ្រាស ដែលមកស្នើសុំចុះបញ្ជីកែប្រែសម្រាប់ក្រុមហ៊ុន និងសហគ្រាសមានចំនួន១១ ៥៨៣ ថយចុះ៨.៤១%។

ក្រុមហ៊ុន និងសហគ្រាសឯកបុគ្គល ដែលមកបានស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែនេះវិញ មានចំនួន៥៨៥ កើនឡើង៣៧.៣២% បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន៤២៦ ។

ចំពោះការលុបស្នើសុំលុបចេញពីបញ្ជីពាណិជ្ជកម្មនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អះអាងថា អាចមកពីក្រុមហ៊ុនទាំងនោះរកស៊ីក្ស័យធន់ ឬមកពីបញ្ហាផ្សេងៗ ដែលនាំឱ្យក្រុមហ៊ុនទាំងនោះស្នើសុំក្រសួងលុបចេញពីបញ្ជីពាណិជ្ជកម្ម៕