(ភ្នំពេញ)៖ ទីបំផុតព័ត៌មានដែលថានាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានសញ្ជាតិ២ និងមានលិខិតឆ្លងដែនប្រទេសស៊ីព្រ គឺជាព័ត៌មានមិនពិត។ កាសែត The Guardian បានចុះផ្សាយកែតម្រូវឡើងវិញហើយថា «អ្វីដែលខ្លួនបានផ្សាយនោះគឺជាការផ្សាយខុស»។

ការកែតម្រូវរបស់កាសែត The Guardian បានធ្វើឲ្យទណ្ឌិតសម រង្ស៊ីដែលមានសញ្ជាតិ២ និងបនភើន ដែលបានយកព័ត៌មានមិនពិតនោះទៅប្រើប្រាស់ដើម្បីបំពុលសង្គម ដោយគ្មានការផ្ទៀងផ្ទាត់ជាមុននោះ បាក់ចង្កេះព្រោះតែលោតខុសចង្វាក់។ អ្វីដែលកាន់តែធ្ងន់ធ្ងរបំផុតនោះគឺព័ត៌មាននេះក៏បានរុញច្រានឲ្យ សម រង្ស៊ី ស្ថិតក្នុង
ស្ថានភាព «យីអ៊ុនដាក់ អារក្សជាន់» យ៉ាងទាន់ហន់បំផុត។

តើព្រឹត្តិការណ៍នេះបានឆ្លុះបង្ហាញឲ្យឃើញពីចំណុច ខ្សោយអ្វីខ្លះរបស់អ្នកនយោបាយប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ដែលជាកូននៃត្រកូលក្បត់ជាតិតពូជ?

ទី១៖ វាបានបង្ហាញឲ្យឃើញថា សម រង្ស៊ី គឺជាអ្នកនយោបាយដែល «មិនដឹងខ្យល់អ្វីទាំងអស់ គឺដឹងតែល្ហើយ» ប៉ុណ្ណោះពោលគឺឲ្យតែលឺខ្យល់បក់ ជននេះក៏ផ្តើមហក់កញ្ឆេងភ្លាមថា ខ្លួនមានដង្ហើមរស់ហើយ ដោយមិនបានយកខួរក្បាលមកគិតទាល់តែសោះថា តើខ្យល់នោះបក់មកពីទិសណា និងនាំមកនូវសារធាតុគ្រោះថ្នាក់អ្វីមកជាមួយឬអត់នោះទេ? ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី ធ្វើ នយោបាយបែប «មិនដឹងខ្យល់» រហូត ដោយមិនដែលបាន ប្រើវិចារណញាណដើម្បីវិភាគសភាពការណ៍អ្វីឡើយ។ ទីបំផុតបរាជ័យក៏កើត មានយ៉ាងទាន់ហន់ និងជាបន្តបន្ទាប់ម្តងហើយម្តងទៀត។

ទី២៖ នយោបាយមិនដឹងខ្យល់របស់ សម រង្ស៊ី បានបង្ហាញថា បុគ្គលរូបនេះរួមទាំងគូកន គឺជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបំពុលសង្គមជារៀងរហូតមក ដោយមិនអាចប្រកែកបានឡើយ។ ព័ត៌មានមិនពិតគឺជាចំណីដ៏ឆ្ងាញ់របស់ សម រង្ស៊ី និងគូកនពីព្រោះបុគ្គលប្រភេទនេះប្រៀបបាននឹងសត្វឈ្លឹង ដែលរស់បានតែនឹងការជញ្ជក់ឈាមពីអ្នកដ៏ទៃដោយមិនពិចារណាអ្វីឡើយ។

ទី៣៖ បើនិយាយពីកម្រិតយុទ្ធសាស្ត្រ នយោបាយវិញ សម រង្ស៊ី ធ្វើ នយោបាយបែបរាក់កំផែល ដោយគ្មានទីប្រឹក្សាពិគ្រោះយោបល់ និងគ្មានក្រុមការងារសម្រាប់ផ្ទៀងផ្ទាត់ ព័ត៌មានអ្វីទាំង អស់។ ជាធម្មតា ព័ត៌មានមួយដែលកើតឡើង គឺមាន ប្រភពរបស់វាដែលអ្នកនយោបាយ ឬអ្នកសារព័ត៌មានត្រូវចូលទៅមើលដល់ប្រភពឬសគល់ជាមុនសិន មុននឹងយកវាមក ប្រើប្រាស់ដើម្បីធ្វើជាអាវុធយុទ្ធសាស្ត្រនយោបាយ។ ប៉ុន្តែ សម រង្ស៊ី និងគូកន បែរជាយកព័ត៌មានមិនពិតមកធ្វើជាយុទ្ធសាស្ត្រវាយទៅ លើគូបដិបក្ខដោយ មិនបាន ផ្ទៀងផ្តាត់ទាល់តែសោះ។ នេះគឺជាចំណុចខ្សោយដ៏ធំនិងជាប្រភពនៃការបរាជ័យយ៉ាងអាម៉ាស់ដែលបុគ្គលរូបនេះបានជួបប្រទះជាហូរហែររហូត មកទល់នឹងបច្ចុប្បន្ន។

ទី៤៖ ប្រសិនបើគេក្រឡេកមើលសេចក្តីថ្លែងការណ៍ ៥ចំណុច របស់ខ្មោចគណបក្សដែលបានស្លាប់ទៅ ហើយនោះគេពិតជាអស់សំណើចជាខ្លាំង ពីព្រោះពាក្យពេចន៍ ទាំងអស់ដែលពួកគេបានសរសេរ គឺសុទ្ធសឹងជាដំបងសំពងទៅលើខ្លួនឯងទាំងអស់។ ជាក់ស្តែងពួកគេបាននិយាយពីអ្នករត់ចោលស្រុកនិយាយពីជនក្បត់ជាតិដែល បោកប្រាស់ គេដើម្បីបានលុយដេកស៊ីចាយយ៉ាងស្រួលនៅឯបរទេស។ ចំណុចទាំងអស់នេះ គឺសុទ្ធសឹងតែជាលក្ខណៈសម្គាល់របស់ទណ្ឌិត សម រង្ស៊ី ទាំងអស់ពីព្រោះគឺ
សម រង្ស៊ី នេះហើយ ដែលជាមនុស្សតែងតែរត់ចោលស្រុករហូត និងរស់ដោយសារការបោកប្រាស់ខ្មែរនៅក្រៅស្រុកដើម្បីបានលុយស៊ីចាយ សប្បាយហ៊ឺហាដោយមិនបាច់ធ្វើការអ្វីឡើយ។ ចំណែកឯនាយករដ្ឋមន្រ្តី ហ៊ុន សែន វីញ គឺពិតជាមេដឹកនាំដែលតែងតែក្រាញននៀលនៅជាមួយប្រជាពលរដ្ឋ និងស្ថិតនៅជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលាជាពិសេសក្នុងកាលៈទេសៈដ៏លំបាក។

ទី៥៖ ការកែតម្រូវរបស់កាសែត The Guardian កំពុងធ្វើឲ្យ សម រង្ស៊ី អស់ក្រេឌីតនិងអាម៉ាស់មុខពេញពិភពលោកពីព្រោះ សម រង្ស៊ី បានប្រើប្រាស់ព័ត៌មានមិនពិតនេះ ទាំងភាសាខ្មែរ និងអង់គ្លេសដោយភ្ជាប់ជាមួយនូវ Link របស់កាសែតនេះតែម្តងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ឥឡូវនេះពេលកាសែត The Guardian បានកែតម្រូវព័ត៌មាន សម រង្ស៊ី នៅតែបន្តប្រើប្រាស់ព័ត៌មានមិនពិតនេះដដែលដោយមិនបានកែតម្រូវតាមកាសែតនេះទេ។ ចំណុចនេះបានធ្វើឲ្យសាធារណៈមតិជាតិ និងអន្តរជាតិ បាន ឃើញយ៉ាងច្បាស់ថា សម រង្ស៊ី គឺជាជនឱកាសនិយមនិងនៅតែរឹងរូសប្រើប្រាស់ព័ត៌មានមិនពិតធ្វើជាមូលដ្ឋានក្នុងការ វាយប្រហារមកលើនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ទី៦៖ មិនត្រឹមតែអាម៉ាស់ដូចស្រាតខោដើរកណ្តាលផ្សារប៉ុណ្ណោះទេ ប៉ុន្តែទង្វើរបស់ សម រង្ស៊ី បានបិទវាំងនននយោបាយរបស់ខ្លួនឲ្យចប់ជាស្ថាពរដោយសារតែ រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងរៀបចំសេចក្តីព្រាងច្បាប់មួយ ស្តីពីការកំណត់សញ្ជាតិតែមួយគត់សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិពោលគឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយរដ្ឋមន្ត្រី ត្រូវមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ។ នេះហើយជាអ្វីដែលគេហៅថា «តម្រិះជិះកឯង» ដែលជាលទ្ធផលកើត ចេញពីនយោបាយ «ស្ទើរភ្លើង» «ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ» របស់ខ្លួន។

រហូតមកទល់ពេលនេះ នយោបាយ «ស្ទើរភ្លើង ឬតម្រិះជិះកឯង» របស់ សម រង្ស៊ី បានបង្កើតកំហុសជាប្រវត្តិសាស្ត្រ ២លើកធំៗនិងបានផ្តល់ជាការដូដាក់ជើងពាន ជូននាយករដ្ឋមន្រ្តី ហ៊ុន សែន រួចជាស្រេច។ កំហុសទី១ គឺការកែប្រែរដ្ឋធម្មនុញ្ញពី២ភាគ៣ មកជា៥០% បូក១ និងកំហុសនយោបាយដ៏ធំបំផុតលើកទី២ គឺការបង្កើត ហេតុផលសមស្របបំផុតដែលជាឱកាសមាសឲ្យរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញស្តីពី សញ្ជាតិតែមួយសម្រាប់មេដឹកនាំកំពូលៗ ដែលតាមពិតទៅនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្យាយាមមិនធ្វើវាជាយូរណាស់មកហើយ ក្នុងគោលដៅទុកឱកាសឲ្យអ្នកនយោបាយសញ្ជាតិ២ អាចធ្វើជាមេដឹកនាំកំពូលបាន។

ប៉ុន្តែពេលនេះនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៍អស់ភាពអត់ធ្មត់បានតទៅទៀត ហើយដោយសារតែ សម រង្ស៊ី ជា «អ្នកដុតឲ្យខ្លោចរោចឲ្យឆៅ» ហើយជាលទ្ធផលនៃនយោបាយ មិនដឹងខ្យល់នេះក៏បានធ្វើឲ្យទណ្ឌិតសម រង្ស៊ី «លោតខុសចង្វាក់បាក់ចង្កេះ» ហើយការបាក់ម្តងនេះ គឺពិតជាគ្មានគ្រូពេទ្យណាព្យាបាលបានឡើយ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ