(ភ្នំពេញ)៖ ទណ្ឌិតជនក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី កំពុងរងនូវភាពអាម៉ាសជាទីបំផុតក្នុងនាមជាអ្នកនយោបាយអង្ករកំប៉ុង ប្រើប្រាស់ព័ត៌មានក្លែងក្លាយចោទថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ដើម្បីបំពេញមហិច្ឆតាអំណាចខ្លួន តែចុងក្រោយតម្រិះវាជិះកឯង ក្រោយពីកាសែតឌឹហ្គ័រដាន (The Guardian) របស់ចក្រភពអង់គ្លេស បានធ្វើការកែតម្រូវខ្លឹមសារអត្ថបទរបស់ខ្លួន។ កាសែតឌឹ ហ្គ័រដានបានកែតម្រូវថាខ្លួន រាយការណ៍ខុសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាបុគ្គលម្នាក់ដែលបានទិញសញ្ជាតិពីប្រទេសសាយប្រឹស។

ព័ត៌មានមិនពិតដែលជនក្បត់ជាតិ សម រង្ស៊ី បានយកមកផ្សព្វផ្សាយមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន និងបំភ្លៃថាសម្តេចតេជោត្រៀមរត់ចោលស្រុក និងថែំទាំងចេញលិខិតមានចរិតបំផ្ទុះបដិវត្តន៍ពណ៌ដោយ អំពាវនាវឱ្យមានការបះបោរ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ កាសែតឌឹហ្គ័រដានបានកែតម្រូវកំហុសរបស់ខ្លួន ស្របតាមវិជ្ជាជីវៈសារព័ត៌មាន តើជនក្បត់ជាតិ សម រង្ស៊ី ដែលជាអ្នកនយោបាយចាញ់ចាស់វស្សានេះនិយាយខុស តើនឹងធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះសម្តេចតេជោ ហ៊ុន សែន ទេ? ទំនងគឺទណ្ឌិតរូបនេះនឹងមិនកែតម្រូវនិងសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួននោះទេ!

ប៉ុន្តែកំហុសដ៏ធ្ងន់ធ្ងរលើកនេះបាននាំឱ្យជនក្បត់ជាតិតពូជរូបនេះចប់ដោយបរិបូណ៌នៅក្នុងអាជីពនយោបាយ ជាពិសេសការស្រមើស្រម៉ៃដេកយល់សប្តិថា ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា។ សម រង្ស៊ី និងបក្ខពួក ខ្លួននឹងត្រឹមបានបន្តធ្វើជានាយករដ្ឋមន្ត្រីឧទាហរណ៍ទៀត ខណៈកម្ពុជាបាននិងកំពុងសិក្សាពីលទ្ធភាពនៃ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផ្សេងទៀតដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋ សភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាតួនាទីចែងក្នុងរដ្ឋធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ នេះគឺជាលទ្ធផលនៃការធ្វើនយោបាយបែបអង្ករកំប៉ុងរបស់ទណ្ឌិតក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី គ្មានគោលការណ៍ច្បាស់លាស់ និងរេរាតាមតែខ្យល់ គ្មានការពិចារណាឱ្យបានដិតដល់ និងគ្មានភាពប្រាកដ ប្រជាក្នុងគំនិតនយោបាយស្លន់ស្លោរនិងវង្វេងក្នុងគំនិតគុំគួន និងសងសឹកនិយម។

នៅពេលនេះ គឺអាចនិយាយបានថា សម រង្ស៊ី និងគូកនក្រុមក្បត់ជាតិ និងចៅហ្វាយនាយបរទេសរបស់ពួកគេ បានចាញ់បោសគូថខោ និងស្ថិតក្នុងស្ថានភាពយឺអ៊ុនដាក់អារក្ខក៏ជាន់ ហើយត្រីរ៉ស់ក៏រួច រីឯទន្សាយក៏រួច។ ដោយសារតែការប្រមាថចំពោះស្ថានការណ៍នេះហើយទើបបានធ្វើឱ្យពួកគេចាញ់រហូត។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់រួចហើយថា «បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តីត្រូវការសំឡេង ២/៣ ទើបអាចអនុម័តបាន»។ នេះ មានន័យថាក្តីប្រាថ្នារបស់ទណ្ឌិត សម រង្ស៊ី បានរលាយទាំងស្រុងហើយដោយសារតែកំហុសផ្នែកនយោបាយរបស់ខ្លួន។

អ្វីដែលជនក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី បានធ្វើដើម្បីបំផ្លាញជាតិនិងប្រជាជនគឺជាបង្ហាញពីភាពចាំបាច់ដែលកម្ពុជាត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវតែមានសញ្ជាតិខ្មែរតែមួយ។ ខណៈ សម រង្ស៊ី កំពុងទទួលរងនូវភាពអាម៉ាស់ពីទង្វើគ្មានសីលធម៌ និងគ្មានគោលការណ៍នយោបាយ ច្បាស់លាស់របស់ខ្លួន សម្រាប់ជាតិ និងប្រជាជនកម្ពុជា បានទទួលមកវិញនូវលាភដ៏ធំគឺឱកាសនៃការពង្រឹងទឹកចិត្តស្នេហា និងការបម្រើប្រជាជនដោយភាពស្មោះត្រង់ របស់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិតាមរយៈការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីតម្រូវឱ្យ ថ្នាក់ដឹកនាំស្ថាប័នកំពូលទាំង៤ មានសញ្ជាតិខ្មែរតែមួយ។

ច្បាប់នេះនឹងធានាទាំងផ្នែកផ្លូវច្បាប់ និងផ្នែកនយោបាយឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាថ្នាក់ដឹកនាំ ស្ថាប័នកំពូលត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជាធ្វើការដឹកនាំប្រទេសដោយ តម្កល់ផលប្រយោជន៍ជាតិជាធំ ក៏ដូចជាទប់ស្កាត់និងប្រឆាំងរាល់ការជ្រៀតជ្រែករបស់បរទេសចូលមកក្នុង កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

គេអាចស្រម៉ៃថា អ្វីដែលទណ្ឌិត សម រង្ស៊ី បានផ្សព្វផ្សាយអំពាវនាវឱ្យមានការបះបោរ ប្រឆាំងនិងផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដោយគ្រាន់តែសម្អាងលើការផ្សាយអត្ថបទរបស់កាសែត ឌឹហ្គ័រ ដាន ហើយប្រសិនបើប្រជាពលរដ្ឋងើបបះបោរតាមការអំពាវនាវដ៏ឆ្កួតលេលារបស់ជនក្បត់ជាតិរូបនេះ នោះទំនងពេលនេះ កម្ពុជាធ្លាក់ក្នុងភាពចលាចលវឹកវរ និងនៅក្នុងសង្គ្រាម ហើយចុងក្រោយកាសែតឌឹហ្គ័រដានចេញផ្សាយ កែតម្រូវ ថាធ្វើសេចក្តីរាយការណ៍ខុស។

តើនរណាជាអ្នកទទួលខុសត្រូវចំពោះមហន្តរាយនេះ តើគេអាចកែប្រែស្ថានការណ៍នេះដូចអ្វីដែលកាសែតឌឹហ្គ័រដានកែតម្រូវបានទេ? តើ សម រង្ស៊ី និងគូកនដែលមានសញ្ជាតិ ២ នៅក្រៅប្រទេសជាអ្នកមករងគ្រោះជាមួយជនជាតិខ្មែរក្នុងប្រទេសក្រោយពួកគេញុះញង់បំបែកបំបាក់ជាតិ? ចម្លើយគឺទេ! តែជាប្រជាជនកម្ពុជាដែលជាអ្នកទទួលរងគ្រោះ។ ដូច្នេះបានជាការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលគឺជាការចាំបាច់បំផុតដើម្បីទប់ស្កាត់ស្ថានភាពជាយថាហេតុបែបនេះ។ កំហុសលើកនេះ តើមកពីសម រង្ស៊ី តែម្នាក់ឯង ឬកំហុសជាក្រុម?

ដូច្នេះទោះបីជាកាសែតឌឹ ហ្គ័រដាន កែតម្រូវកំហុសរបស់ខ្លួនក៏ដោយ តែសម្តីរបស់អ្នកនយោបាយ ក្បត់ជាតិដូច សម រង្ស៊ី ជ្រុលហួស មិនអាចកែតម្រូវមកវិញបានទេ។ ទណ្ឌិតសម រង្ស៊ី គ្មានតម្លៃទៀតឡើយ សម្រាប់កម្ពុជា តែមានតម្លៃសម្រាប់ការអនុវត្តច្បាប់។ នៅពេលយីអ៊ុនដាក់អារក្ខជាន់ សម រង្ស៊ី នឹកគិតធ្វើអ្វី ក៏ខុសទាំងអស់! ចុងក្រោយទំនងជាព្រលឹងខ្មោចទាញដៃ បានធ្វើសម រង្សី ប្រព្រឹត្តកំហុសនយោបាយមួយ យ៉ាងធំចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថាបានទិញសញ្ជាតិសាយប្រឹស។ ជាលទ្ធផលចុងក្រោយ សម រង្ស៊ី រងការអាម៉ាសយ៉ាងធ្ងន់ធ្ងរជាថ្មីម្តងទៀត ហើយក៏នឹងត្រូវបង់តម្លៃផ្លូវច្បាប់ចំពោះការចេញលិខិតញុះញង់ ផ្តូលរំលំរាជរដ្ឋាភិបាលម្តងហើយម្តងទៀត ប៉ុនប៉ងឡើងកាន់អំណាចតាមរយៈមធ្យោបាយបដិវត្តន៍ ពណ៌ដែលមិនតាមបែបប្រជាធិបតេយ្យ។

ទណ្ឌិត សម រង្ស៊ី គួរសិក្សាពីពាក្យទំនៀមចាស់បុរាណ «មើលឱ្យ ជាក់ ចាំញាក់ចិញ្ចើម» ទើបមិនប្រព្រឹត្តកំហុសដដែលៗ! តែជាយោបល់ចុងក្រោយរបស់ ចៅចាក់ស្មុក បើជ្រុល ទទួលភាពអាម៉ាស់ធ្ងន់ធ្ងររបៀបនេះទៅហើយ និងគ្មានច្រកមកធ្វើធំនៅស្រុកខ្មែរតាមក្តីស្រម៉ៃ សម រង្ស៊ី គួរយកពេលវេលាដែលនៅសេសសល់ក្នុងជីវិតរបស់ខ្លួន ទៅសាងផ្នួស ឬធ្វើអ្វីឱ្យមានប្រយោជន៍សម្រាប់ខ្លួននិងក្រុមគ្រួសារទៅ កុំមកព្យាយាមបំផ្លាញខ្មែរថែមទៀត កេរ្តិ៍ឈ្មោះដ៏អាក្រក់របស់សម រង្ស៊ី និងបក្ខពួកក្បត់ ជាតិគ្រប់គ្រាន់សម្រាប់ចារក្នុងប្រវត្តិសាស្ត្រកម្ពុជារួចស្រេចទៅហើយ! ដូច្នេះមិនចាំបាច់បន្តបំផ្លាញកម្ពុជាគ្រប់រូបភាពទៀតទេ!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១