(ភ្នំពេញ)៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»។ នេះគឺជាការបញ្ជាក់ គោលជំហរយ៉ាងច្បាស់លាស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២១។ សម្តេចតេជោបានប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។

សម្តេចបានថ្លែងថា៖ «បើលេងកុំខឹង បើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសំឡេង ២/៣ ទើបអាចអនុម័តបាន»

គោលជំហររបស់ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺជាការឆ្លើយតបនឹងការចោទប្រកាន់ គ្មានមូលដ្ឋានក្នុងចេតនាទុច្ចរិតរបស់ជនក្បត់ជាតិតពូជ សម រង្ស៊ី ដែលម្តងហើយម្តងទៀតបានព្យាយាមក្នុងការឡើងកាន់អំណាចតាមរយៈបដិវត្តន៍ពណ៌ តាមបែបមិនប្រជាធិបតេយ្យ និងបានបង្កើតនិងប្រឌិតព័ត៌មានក្លែងក្លាយគ្រប់បែបយ៉ាងក្នុងចេតនាបង្កើតចលាចលសង្គម។ ចុងក្រោយជនក្បត់ជាតិ សម រង្ស៊ី បានប្រឌិតព័ត៌មានដោយចោទប្រកាន់ថាសម្តេចតេជោ ហ៊ុន សែន មានទិញសញ្ជាតិពីប្រទេសសាយប្រឹស និងបានចេញលិខិតអំពាវនាវឱ្យមានការប្រឆាំង នឹងសម្តេចតេជោ ហ៊ុន សែន និងងើបបះបោរដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រៀបចំប្រទេសឡើងវិញ ខណៈប្រជាពល រដ្ឋខ្មែរកំពុងជួបជុំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។
ការចោទប្រកាន់បែបទុច្ចរិតនេះ គ្មានការពិត ឡើយ តែនេះនឹងធ្វើឱ្យ សម រង្ស៊ី បានភ្លឺភ្នែក និងបញ្ចប់សុបិន្តកណ្តាលថ្ងៃត្រង់របស់ខ្លួន ដោយភាពសោកសៅបំផុត នោះគឺជនមានសញ្ជាតិ២ ដូចជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកគូកនក្បត់ជាតិផ្សេងទៀតរបស់គេនឹងគ្មានវាសនាមកធ្វើជាថ្នាក់ដឹកនាំកំពូល កម្ពុជាឡើយ។ វាជាតម្រិះជិះកឯង និងជាការធ្វើនយោបាយគ្មានទស្សនវិស័យច្បាស់លាស់ ហើយជិកកប់ខ្លួនឯង។ ជនក្បត់ជាតិ សម រង្ស៊ី ខ្លួនឯងក៏មិននឹកស្មានថា សំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើចំណុចនេះអាចកើតឡើងនៅពេលនេះទេ ក្រោយខ្លួនបង្កើតព័ត៌មានមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន។

វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផ្សេងៗនេះគឺដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជន និងដើម្បីការពារពីការជ្រៀតជ្រែករបស់បរទេស ក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ព្រោះមេដឹកនាំកំពូលទាំងអស់ត្រូវមានសញ្ជាតិខ្មែរតែមួយ។ នេះជាការបញ្ជាក់ពីភាពស្មោះត្រង់ឥតងាករេរបស់មេដឹកនាំកម្ពុជាក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ដែលបង្ហាញវត្តមានជានិច្ចជាមួយជាតិ និងប្រជាជនទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយដើម្បីបញ្ជាក់ថា សម្តេច និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ កំពូលកម្ពុជា បានគិតគូរខ្ពស់ពីផលប្រយោជន៍ជាតិ និងមិនដែលស្រម៉ៃ សូម្បីតែយល់សប្តិ៍លើការចង់បានសញ្ជាតិស៊ីព្រដូចការចោទប្រកាន់របស់ជនក្បត់ជាតិ សម រង្ស៊ី។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈជា ច្រើនលើក ច្រើនសារួចមកហើយនូវគោលជំហរនយោបាយឥតងាករេក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជាគឺ«សម្តេចរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជន និងប្រទេសកម្ពុជាឡើយ ទោះបីកាលៈទេសៈលំបាយ៉ាងណាក៏ ដោយ។ ហ៊ុន សែន មិនមានទម្លាប់រត់ចោលប្រជាជន នៅពេលមានទុក្ខនោះឡើយ។ ពលរដ្ឋកាន់តែលំបាក ហ៊ុន សែន តែងតែមានវត្តមានជានិច្ច»។

ប្រសិនបើអ្នកនយោបាយ ប្រធានគណបក្សនយោបាយសញ្ជាតិ២ ផ្សេងទៀតចង់បន្ទោស គួរបន្ទោសជនក្បត់ជាតិ សម រង្ស៊ី ដែលជាអ្នកនយោបាយអង្ករកំប៉ុង ដែលតែង តែធ្វើនយោបាយដោយគ្មានទស្សនវិស័យ ច្បាស់លាស់ និងគ្មានការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មាត់ស៊ីអំបិលប្រហុក។ ជនក្បត់ជាតិ សម រង្ស៊ី នេះធ្លាប់ត្រូវបានប្រើប្រាស់ឱ្យកែរដ្ឋធម្មនុញ្ញពី ២/៣ មក ៥០%បូក ១ ម្តងរួចមកហើយ។

ឥឡូវនេះដោយសារតែការធ្វើនយោបាយមិនដឹងខ្យល់ ដោយប្រើវិធីសាស្ត្រទុច្ចរិត បង្កើតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំកម្ពុជា ដែលមិនមានសញ្ជាតិ ២ ដូចខ្លួន គឺវាបានជះមកលើខ្លួនឯងវិញ នៅពេលដែលការសិក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផ្សេងទៀតដើម្បីកំណត់ថា មេដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយហើយនេះគឺជាការបិទទ្វារ ទាំងស្រុងចំពោះអ្នកនយោបាយសញ្ជាតិ ២ ដែលប៉ុនប៉ងកាន់តួនាទីកំពូលទាំងនេះ។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនេះបានទទួលនូវការស្វាគមន៍និងគាំទ្រយ៉ាងស្មោះស្ម័គ្រពីប្រជាពលរដ្ឋកម្ពុជា។ ពេលនេះជាតិក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី ចប់ដោយបរិបូណ៌!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១