(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម ផលិតដោយប្រទេសចិនត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក។ នេះគឺជាលើកទី១ ដែលអង្គការអន្តរជាតិ​មួយនេះ បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងចិន ១ ក្នុងចំណោមវ៉ាក់សាំងចំនួន ២ ដែលកំពុងតែប្រើប្រាស់សម្រាចាក់​បង្ការជំងឺឆ្លងដែលមិនទាន់មាន​ថ្នាំព្យាបាលនេះ ហើយក៏ជាមោទកភាពនៃប្រជាជនទ្វីបអាស៊ីដែលមានវ៉ាក់សាំងសម្រាប់ប្រើប្រាស់ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅជិតខ្លួនបំផុត។ ស៊ីណូហ្វាម គឺ វ៉ាក់សាំងទី៥ ដែលត្រូវបានអង្គការសុខភាពពិភពលោក​អនុម័តយល់ព្រមឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ដើម្បីចាក់ជូនប្រជាពលរដ្ឋបង្ការជំងឺកូវីដ១៩ បន្ទាប់ពីវ៉ាក់សាំង​អភិវឌ្ឍដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna។

ការចុះបញ្ជីរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការទទួលស្គាល់ពីសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការសុខភាពពិភពលោកផងដែរ។

ស៊ីណូហ្វាមជាវ៉ាក់សាំងមួយក្នុងចំណោម ២ (ស៊ីណូវ៉ាក់និងស៊ីណូហ្វាម) របស់ប្រទេសចិនដែលបាននិងកំពុងប្រើប្រាស់ចាក់ជូនប្រជា ជនរាប់រយលាននាក់រួចហើយនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសមួយចំនួនទៀតក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។ កម្ពុជា ដែលរហូតមកដល់ពេលនេះ ទទួលបានវ៉ាក់សាំងសរុបចំនួន ៤,០២៤,០០០ដូសហើយ ក្នុងនោះរួមមាន ១លានដូសជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ ម៉ឺនដូសតាមយន្តការខូវ៉ាក់ ១,៥ លានដូសបញ្ហាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤ លានដូស បន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ហាទិញបន្ថែមទៅតាមតម្រូវការចាំបាច់ជាក់ស្ដែង។ វ៉ាក់សាំងដែលកម្ពុជាទទួលបានសម្រាប់ចាក់ជូនប្រជាពលរដ្ឋភាគច្រើនគឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់របស់មិត្តចិន។ កន្លងមកនេះប្រទេសចិនបានផ្តល់វ៉ាក់សាំង ទៅដល់បណ្តាប្រទេសសរុបជាង៨០ ទៅហើយនៅទូទាំងពិភពលោក ដើម្បីជួយពួកគេក្នុងការទប់ទល់នឹង ជំងឺរាតត្បាតសកល កូវីដ១៩ ដែលជាតម្រូវការចាំបាច់បំផុត មិនអាចខ្វះបានទាល់តែសោះ នូវវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព និងងាយទទួលបានយ៉ាងឆាប់រហ័ស។

ការទទួលវ៉ាក់សាំងឆាប់រហ័ស និងចាក់ជូនប្រជាពលរដ្ឋខ្លួនឱ្យបានលឿនគឺជាការគិតគូររបស់មេដឹកនាំនានានៅ លើពិភពលោករួមទាំងកម្ពុជានៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាតដ៏សាហាវឃោរឃៅកូវីដ១៩។ កម្ពុជាដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់​ជូនពលរដ្ឋ​ដើម្បីការពារអាយុជីវិតពីជំងឺរាតត្បាតនេះ។ គេនៅចាំបានថាទោះបីជាក្រុមជនបំផ្លាញជាតិខិតខំបំភិតបំភ័យប្រជាពលរដ្ឋ ផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយពីមនុស្ស​ស្លាប់ដោយបំភ្លៃថាដោយសារតែការចាក់វ៉ាក់សាំងចិនក៏ដោយ ប៉ុន្តែចលនានៃការជំរុញ ឱ្យមានការផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកាន់តែមានកម្រិតខ្ពស់បំផុត។

សម្តេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកវ៉ាក់សាំងពីប្រទេសចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង នោះកម្ពុជានឹងមិនមានវ៉ាក់សាំងចាក់ជូនប្រជាជនឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅគ្រប់ពេលដែលមានប្រសាសន៍ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សម្តេចតែងតែគូសបញ្ជាក់ថា «សូមកុំបារម្ភថាវ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក»

កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋខ្លួននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ហើយគិតត្រឹមយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សរុបចំនួន ១,៧១៨,៧០៨នាក់ ដែលស្មើប្រមាណជាង ១០% នៃប្រជាជនសរុបរបស់កម្ពុជា។ ចំនួននេះបានធ្វើឱ្យកម្ពុជាឈរនៅលំដាប់ថ្នាក់ទី២ ក្នុង ចំណោមសមាជិកអាស៊ាន បន្ទាប់ប្រទេសសិង្ហបុរី​ដែលបានចាក់វ៉ាក់ជូនពលរដ្ឋខ្លួន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​ដែលគ្រប់អាយុចាក់វ៉ាក់សាំងប្រមាណជាង ១០ លាននាក់ឱ្យរួចរាល់នៅឆ្នាំ២០២២។ ដើម្បីសម្រេចគោលដៅនៃការពង្រឹងខឿនសុខភាពប្រជាពលរដ្ឋនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យប្រើប្រាស់នូវ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» ដោយប្រើប្រាស់យុទ្ធសាស្រ្ត «ផ្ការីក» ដើម្បីធ្វើជាយុទ្ធនាការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដោយផ្តើមចេញពីរាជធានីភ្នំពេញដែលជាចំណុចបេះដូងនៃប្រទេស ទៅកាន់ខេត្តនានា។ កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំងបន្ថែម ៧លានដូស ពីខែឧសភា ដល់ខែកក្កដា និង ២,៥លានដូសទៀត ពីខែសីហា ដល់ខែកញ្ញា។

ប្រជាពលរដ្ឋខ្មែរសូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើ សុខុមាលភាពប្រជាពលរដ្ឋ។ ពលរដ្ឋជឿជាក់ និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយមានជំនឿថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋទូទាំងប្រទេសក្នុងរយៈពេលសមស្របខាងមុខនេះ រួមនឹងការអនុវត្តវិធាន ការចាំបាច់នានា គឺជាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជាកាន់តែឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។ រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែការចាក់ វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់របស់ប្រទេសចិនដូចការឃោសនាបោកប្រាស់ និងបង្កប់ដោយចេតនានយោបាយទុច្ចរិតរបស់ក្រុមឧទ្ទាមប្រឆាំងជ្រុលនិយមបំភ្លៃឡើយ។ តែផ្ទុយទៅវិញ វ៉ាក់សាំងដែលរាជ រដ្ឋាភិបាលយកមកចាក់ជូនប្រជាពលរដ្ឋ គឺបាននិងកំពុងកសាងរបងការពារយ៉ាងមាំនិងប្រកបដោយទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ ហើយពលរដ្ឋបាននិងកំពុងទន្ទឹង​រង់ចាំយ៉ាងអន្ទះសារដល់វេនខ្លួន​ដើម្បីទទួលការចាក់ វ៉ាក់សាំងដោយឥតគិតថ្លៃផ្តល់ដោយរាជរដ្ឋាភិបាលដើម្បីការពារអាយុជីវិតខ្លួនពីការវាយលុកនៃវីរ៉ុសកូវីដ១៩។

ដូច្នេះសម្រាប់ការប្រកាសទទួលស្គាល់ជាផ្លូវការនូវវ៉ាក់សាំងបង្ការកូវី១៩ ស៊ីណូហ្វាមរបស់ចិនដោយអង្គការសុខភាពពិភពលោក ត្រូវបានអ្នកជំនាញមើលឃើញ​ថាគឺប្រាកដណាស់នឹងជួយជំរុញឱ្យវ៉ាក់សាំងមួយនេះចរាចរណ៍បានកាន់តែគ្របដណ្តប់នៅទូទាំងពិភពលោក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ វាក៏សមស្របទៅនឹង​ទិសដៅនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតសកលកូវីដ១៩ឱ្យបានកាន់តែឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបានផងដែរ។ ដោយឡែកវ៉ាក់សាំងចិនមួយទៀតគឺ ស៊ីណូវ៉ាក់ (Sinovac) ក៏ត្រូវបានគេរំពឹងថា នឹងទទួលបានការអនុម័តជាផ្លូវការពីអង្គការសុខភាពពិភពលោក ឱ្យប្រើប្រាស់ក្នុង​ករណី​បន្ទាប់ នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ វានឹងជួយជំរុញឲ្យពិភពលោកកាន់តែមានទំនុកចិត្តខ្លាំងឡើង ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវ តាមរយៈវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងគុណភាព ដែលត្រូវបានទទួលស្គាល់ដោយ ស្ថាប័នសុខាភិបាលកំពូលរបស់អន្តរជាតិ។

ពលរដ្ឋកម្ពុជាសូមចូលរួមអបអរសាទរ ចំពោះដំណឹងដ៏ល្អនេះ ហើយជឿជាក់ថាការចែករំលែក វ៉ាក់សាំងដល់ប្រទេសនានាលើពិភពលោកមិនថាជាប្រទេសអភិវឌ្ឍន៍ ឬប្រទេសកំពុងអភិវឌ្ឍន៍ គឺជាសាមគ្គីភាពរបស់មនុស្សជាតិទាំងមូលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ហើយយកមកវិញនូវភាពប្រក្រតី​សម្រាប់ពិភពលោក​ទាំងមូលមកវិញ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១