(ភ្នំពេញ)៖ ខណៈវីរុសកូរ៉ូណាប្រភេទថ្មី Covid-19 ធ្វើឱ្យជ្រួលច្របល់ស្ទើរពេញពិភពលោក និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសាកល វាក៏បានក្លាយ ជាវិញ្ញាសាដ៏សំខាន់មួយទៀត សម្រាប់វាស់ស្ទង់អំពីកម្រិតសមត្ថភាពរបស់មេដឹកនាំកម្ពុជា ក្នុងការតទល់ជាមួយបញ្ហាប្រឈមជាសាកលមួយនេះ។

ជាប្រទេសកំពុងអភិវឌ្ឍន៍តូចមួយនៅភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ ដែលមានប្រជាជនសរុបប្រមាណជា ១៦លាននាក់ កម្ពុជាស្រាប់តែបានធ្វើឱ្យពិភពលោក បែរក្រឡេកមកផ្តោតមើល ដោយការយកចិត្តទុកដាក់បំផុតហើយបណ្តាញសារព័ត៌មាន និងទូរទស្សន៍វិទ្យុធំៗលំដាប់អន្តរជាតិ ក៏បានចាប់អារម្មណ៍លើកមក សរសេរ និងនិយាយយ៉ាងកងរំពង។

លក្ខណៈពិសេសរបស់កម្ពុជាក្នុងវិញ្ញាសាដ៏លំបាកមួយនេះ គឺជាការបង្ហាញឱ្យឃើញពីកាយវិការ និងសកម្មភាពជាគំរូដ៏លេចធ្លោមួយដែលគ្មានប្រទេសណាហ៊ានធ្វើបាន។ ចំណុចពិសេស និងលេចធ្លោរបស់កម្ពុជាក្នុងរឿង Covid-19 មានជាអាទិ៍៖

ទី១៖ ពេលដែលមេដឹកនាំបណ្តាប្រទេសនានាសម្រេចចិត្តជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីវូហាន និងប្រកាសបិទជើងហោះហើរពីចិន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បែរជាសម្រេចចិត្តមិនជម្លៀសនិស្សិតខ្មែរចេញពីវូហានឡើយ។ ផ្ទុយទៅវិញ មេដឹកនាំកម្ពុជារូបនេះ បែរជាប្រកាសសុំអាជ្ញាធរចិនទៅសួរសុខទុក្ខនិស្សិតខ្មែរទាំង ២៣នាក់នៅទីក្រុងវូហាដោយផ្ទាល់តែម្តង។ ទោះបីជាចិនមិនអនុញ្ញាត ក៏នាយករដ្ឋមន្ត្រីខ្មែរនៅតែព្យាយាមទៅឲ្យដល់ទីក្រុងប៉េកាំង ដើម្បីជានិមិត្តរូបនៃការផ្តល់ភាពកក់ក្តៅដល់និស្សិតខ្មែរផង និងជាសារបង្ហាញពីសាមគ្គីភាព ការមិនភ័យខ្លាច និងមិនរើសអើងជាមួយមិត្តចិនផងដែរ។

ទី២៖ ខណៈពិភពលោកកំពុងជ្រួលច្របល់ហើយបានជះឥទ្ធិពលមកដល់កម្ពុជា ដែលធ្វើឱ្យពលរដ្ឋខ្មែរផ្អើល ភ័យខ្លាច និងធ្វើឱ្យម៉ាស់ឡើងថ្លៃកកប់ពពកនោះ នាយករដ្ឋមន្ត្រីខ្មែរ ក៏ប្រញាប់ផ្ញើសារដើម្បីបំបាត់ការភ័យខ្លាច និងការជ្រួលច្របល់ក្នុងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការភ័យខ្លាចនោះថា មានគ្រោះថ្នាក់ខ្លាំងជាងវីរុស Covid-19 ទៅទៀត ខណៈដែលមកដល់ពេលនេះ ពុំទាន់ប្រជាជនខ្មែរណាម្នាក់បានឆ្លងមេរោគថ្មីនេះនៅឡើយ។ ក្នុងបរិបទនេះ សារសំខាន់របស់មេដឹកនាំខ្មែរ គឺមិនត្រូវតក់ស្លុត និងភ័យខ្លាចជ្រុលហួសហេតុពេកនោះទេ ចំពោះរឿងវិរុសថ្មីនេះ ប៉ុន្តែចាំបាច់ក៏ត្រូវតែផ្តោតលើការប្រុងប្រយ័ត្ននិងវិធីបង្ការការពារខ្លួនពីវីរុសនេះតាមរយៈការអនុវត្តវិធានការអនាម័យនិងពាក់ម៉ាស់នៅពេលចាំបាច់។

ទី៣៖ ខណៈប្រទេសជាច្រើនបង្ហាញភាពតក់ស្លុតជ្រុលរហូតក្លាយខ្លួនជាមនុស្សអាត្មានិយមហួសហេតុ និង រើសអើងចំពោះអ្នកទេសចរ ដោយមិនអនុញ្ញាតឲ្យចូលជាន់ទឹកដីរបស់ខ្លួន នាយករដ្ឋមន្ត្រីខ្មែរបែរជាសម្រេចចិត្តអនុញ្ញាតឱ្យនាវាដឹកអ្នកដំណើរខ្នាតយក្ស Westerdam ចូលចត និងអនុញ្ញាតឲ្យអ្នកដំណើរទាំងអស់ចេញពីនាវាបន្ទាប់ពីបានរសាត់អណ្តែតវិលវុលគ្មានកោះត្រើយក្នុងមហាសាគរអស់រយៈពេល ១២ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ក៏បានទៅទទួលស្វាគមន៍អ្នកទេសចរចម្រុះជាតិសាសន៍ទាំង៤១ សញ្ជាតិនោះដល់មុខនាវាតែម្តង។

ក្នុងការសម្រេចចិត្តដោះស្រាយវិបត្តិ Covid-19 របស់នាយករដ្ខមន្ត្រីខ្មែរ ខ្ញុំកត់សម្គាល់ឃើញមានអ្នកនយោបាយ និងអ្នកវិភាគមួយចំនួន ដែលមិនយល់ពីជំរៅ និងតម្លៃនៃសេចក្តីសម្រេចចិត្តនេះ បាននាំគ្នារិះគន់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើបញ្ច្រាសទិសពីបណ្តាប្រទេសនានា និងបានចាត់ទុកការសម្រេចចិត្តនេះថា ជារឿងឆោតល្ងង់។ ប៉ុន្តែមេដឹកនាំពិភពលោកក៏ដូចជាអង្គការពិភពលោកនានា ដែលយល់ពីតម្លៃពិតប្រាកដនៃកាយវិការមនុស្សធម៌របស់នាយករដ្ឋមន្ត្រីខ្មែរ បាននាំគ្នាសាទរយ៉ាងកងរំពង។ តែមួយពព្រិចភ្នែកប៉ុណ្ណោះ កិត្យានុភាពរបស់កម្ពុជា បានលេចត្រដែតឡើងយ៉ាងខ្ពស់នៅលើឆាកអន្តរជាតិ។

ទោះបីជាមានព័ត៌មានអកុសលមួយបានកើតឡើង ដោយសារភាពមិនច្បាស់លាស់ ខ្ជីខ្ជារ ខ្វះការទទួលខុស និងត្រូវរបស់អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីដែល ប្រកាសដោយខុសឆ្គងថា ស្ត្រីជនជាតិអាមេរិកកាំងម្នាក់ ដែលចេញពីនាវា Westerdam មានផ្ទុកវីរុស Covid-19 ធ្វើឱ្យមានការច្របូកច្របល់បន្តិច ប៉ុន្តែ
កេរ្តិ៍ឈ្មោះរបស់កម្ពុជាមិនបានស្រអាប់នោះទេ។ ផ្ទុយទៅវិញវាបានហក់ត្រដែតឡើងវីញ និងរឹតតែឡើងខ្ពស់ជាងមុនទៅទៀតបន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងរូបនោះគ្មានផ្ទុកវីរុស Covid-19នោះទេ។

ការទទួខុសត្រូវរបស់អាជ្ញាធរម៉ាឡេស៊ីយ៉ាងណាចំពោះរឿងនេះ ជាបញ្ហាមួយដែលខ្ញុំសុំទុកមួយឡែកសិន។ ប៉ុន្តែរឿងដែលខ្ញុំចង់និយាយនៅពេលនេះ គឺផលវិជ្ជមាននៅក្នុងក្របខណ្ឌជាតិ និងលើឆាកអន្តរជាតិ ដែលកម្ពុជា ទទួលបានពីការសម្រេចចិត្តដ៏មុតស្រួចត្រឹមត្រូវរបស់មេដឹកនាំកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយវីរុស Covid-19។ ផលវិជ្ជមាននៅក្នុងក្របខណ្ឌជាតិ មានដូចជា៖

ទី១៖ ការសម្រេចចិត្តដ៏ហ្មឺងម៉ាត់ ដាច់ខាតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលការកោតស្ញប់ស្ញែងពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដោយពួកគេចាត់ទុកថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវដោយភាពឆ្លាតវៃបំផុត ដែលគេមិននឹកស្មានដល់ ពីព្រោះការសម្រេចចិត្តនេះហើយដែលនៅទីបំផុត បាននាំមកនូវកិត្តិយសដ៏ធំធេងសម្រាប់ជាតិនិងប្រជាជនយើង។

ទី២៖ សាររបស់សម្តេចតេជោ ហ៊ុន សែន ក៏បានទប់កុំឱ្យមានការជ្រួលច្របល់ក្នុងសង្គមអំពីបញ្ហាកូរ៉ូណាថ្មី។ ចាប់តាំងពីសម្តេចនាយករដ្ឋមន្ត្រី បានផ្ញើសារទៅកាន់មហាជនមក ភាពភ័យខ្លាច ជាពិសេសការជ្រួលច្របល់រឿងម៉ាស់ឡើងថ្លៃ ។ល។ ត្រូវបានបញ្ចប់ លំនឹងសេដ្ឋកិច្ចជាតិត្រូវបានរក្សា ជីវភាពរស់នៅ ការប្រកបមុខរបររកស៊ីក្នុងសង្គមក៏មានភាពប្រក្រតី ខណៈការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីវិធីការពារខ្លួនតាមរយៈការអនុវត្តក្បួនអនាម័យត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ទី៣៖ ទន្ទឹមនឹងការមិនតក់ស្លុត មិនជ្រួលច្របល់ ពលរដ្ឋខ្មែរបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការវិវឌ្ឍន៍នៃវីរុស Covid-19 នៅលើពិភពលោក ដែលធ្វើឱ្យពួកគេយល់កាន់តែច្បាស់អំពីវិធីការពារខ្លួន និងអំពីផលប៉ះពាល់របស់វីរុសនេះ ទៅលើសេដ្ឋកិច្ចពិភពលោកក្នុងនោះ ក៏មានកម្ពុជាផងដែរ។

ជាក់ស្តែងកង្វះខាតសំម្ភារៈ និងវត្ថុធាតុដើមដែលនាំមកពីចិន ដើម្បីផ្គត់ផ្គង់សង្វាក់ផលិតកម្មក្នុងរោងចក្របានបង្ខំអោយឧស្សាហ៍កម្មក្នុងបណ្តាប្រទេសមួយចំនួននៅអាស៊ីនិងអឺរ៉ុបត្រូវបិទទ្វារមួយរយៈ ចំណែកឯវិស័យដឹកជញ្ជូន និងទេសចរណ៍នៅក្នុងប្រទេសទាំងនោះវិញ ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។

ទី៤៖ ប្រជាពលរដ្ឋខ្មែរក៏បានយល់កាន់តែច្បាស់អំពីក្រយ៉ៅ សារជាតិ និងតម្លៃពិតរបស់អ្នកនយោបាយ ឬ អ្នកវិភាគមួយចំនួនដែលតែងតែប្រកាន់ជំហរប្រទូសរ៉ាយនឹងផលប្រយោជន៍ជាតិខ្លួនឯង ហើយចូលចិត្តបន្តុះបង្អាប់ជាតិសាសន៍ខ្លួនឯង និងលើកតម្កើងជាតិសាសន៍ដទៃ។ ជាក់ស្តែងក្នុងរឿងដែលកម្ពុជាធ្វើសកម្មភាពមនុស្សធម៌សង្គ្រោះនាវា Westerdam ស្បែកមុខរបស់ក្រុមអ្ននយោបាយ និងអ្នកវិភាគទាំងនោះ ត្រូវបានបកចេញក្រោយពេលដែលពិភពលោកអបអរសាទរ និងកោតស្ញប់ស្ញែងដល់កម្ពុជា និងជាពិសេសក្រោយពេលដែលម៉ាឡេស៊ីអះអាងបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកកាំងនោះគ្មានផ្ទុកវីរុស Covid-19 នោះទេ។

នៅលើឆាកអន្តរជាតិវិញ កម្ពុជា ពេលនេះក្លាយជាតួឯកក្នុងរឿង Covid-19៖

កម្ពុជាទទួលបានពិន្ទុពេញពីចិនក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅប៉េកាំងដើម្បីបង្ហាញសាមគ្គីភាពជួយគ្នាគ្រាមានអាសន្ន។ ចុងក្រោយនេះ កម្ពុជាក៏ទទួលបានមេដាយពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសធំៗ ក៏ដូចជាអង្គការពិភពលោកជាច្រើនក្នុងកិច្ចការមនុស្សធម៌សង្គ្រោះនាវា Westerdam។

ទន្ទឹមនិងនោះ កម្ពុជាក៏បានក្លាយជាគំរូសម្រាប់ពិភពលោកក្នុងការដោះស្រាយវិបត្តិមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងការរើសអើង និងជានិមិត្តរូបនៃ សាមគ្គីភាព ជួយគ្នាក្នុងគ្រាមានអាសន្ន និងជាពិសេសការគោរពសិទ្ធិមនុស្សដោយផ្តើមចេញពីសិទ្ធិរស់រានមានជីវិត។

សរុបមកវិញ ការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី គឺពិតជាវិញ្ញាសាដ៏លំបាក និងដ៏សំខាន់បំផុតថ្មីមួយទៀត ក្នុងការវាស់ស្ទង់សមត្ថភាពដឹកនាំរបស់លោក នាយករដ្ឋមន្ត្រីខ្មែរ។ សកម្មភាពដូចបានលើកឡើងខាងដើមនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ពិតជាមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សមនឹងរហ័សនាមថា «បុរសខ្លាំងកម្ពុជា» មែន។ ម៉្យាងវិញទៀត សម្តេចតេជោ ហ៊ុន សែន គឺពិតជាមេដឹកនាំនៃរដ្ឋអធិបតេយ្យម្នាក់ដ៏ពិតប្រាកដ ពីព្រោះរាល់ការសម្រេចចិត្តនីមួយៗរបស់គាត់ ជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវគោលជំហរឯករាជ្យ និងទុកប្រយោជន៍ជាតិជាធំ។

ដូច្នេះ តាមរយៈវិញ្ញាសាមួយនេះ យើងក៏អាចវាស់ស្ទង់បាននូវសមត្ថភាពរបស់មេដឹកនាំយើង និងអាចបន្តផ្តល់សេចក្តីទុកចិត្តទៅលើបុរសខ្លាំងរូបនេះថា ពិតជាអ្នកដឹកនាំដែលអាចនាំអនាគតប្រជាជាតិ និងប្រជាជន យើងទៅរកភាពរុងរឿងដោយគ្មានអ្នកណាប្រៀបបានឡើយ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ