(ភ្នំពេញ)៖ មួយរយៈពេលចុងក្រោយនេះ ខ្ញុំកត់សំគាល់ឃើញនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងស្ថិតនៅស្ងៀមស្ងាត់ដោយមិនបាននិយាយ ឬ សរសេរអ្វីទាំងអស់ពាក់ព័ន្ធនឹងនយោបាយ ពិសេសមិននិយាយទាល់តែសោះអំពីឈ្មោះ សម រង្ស៊ី និង កឹម សុខា បើទោះជាដោយចំពោះក្តី ឬដោយប្រយោលក្តី។

ការស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់បែបនេះរបស់នាយករដ្ឋមន្ត្រី ទំនងជាលោកគិតថា អ្នកនយោបាយទាំងពីរអស់តម្លៃដែលត្រូវលើកមកនិយាយទៀតហើយ។ ហេតុដូច្នេះហើយបានជា លោកយកពេលវេលា នេះទៅគិតគូររឿងផ្សេងៗ ទើបមានប្រយោជន៍ជាង ដូចជាការដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រឿងចរាចរណ៍ ឬក៏គិតគូពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការរក្សាសន្តិសុខជូនប្រជាជនបានកំសាន្តសប្បាយក្នុងឱកាសឆ្លងឆ្នាំសាកល, បុណ្យចូលឆ្នាំចិន និងពិធីបុណ្យ ចូលឆ្នាំខ្មែរដែលនឹងចូល មកដល់ប៉ុន្មានខែខាងមុខនេះជាដើម ហើយជាពិសេសគឺតាមដាន និងចាត់ចែងនូវបណ្តាវិធានការ បង្ការផ្សេងៗ ប្រឆាំងនឹងមេរោគកូរ៉ូណា។ ហើយខ្ញុំក៏កត់សំគាល់ផងដែរថា បើមានពេលសេសសល់ពីការងារខ្លះនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកពេលនោះទៅហាត់ប្រាណដើម្បីសុខភាពវិញល្អជាង។

សម្រាប់បុរសខ្លាំងកម្ពុជា ដែលពោរពេញដោយបទពិសោធន៍ក្នុងការបែងចែកពេលវេលា និងការស្គាល់កាលៈទេសៈថា ពេលណាត្រូវធ្វើអ្វី? ពេលណាត្រូវនិយាយអ្វី? និងជាពិសេសពេលណាដែលត្រូវនៅស្ងាត់ស្ងៀមគឺជាគន្លឹះនៃភាពជោគជ័យរបស់អ្នកដឹកនាំ ក៏ដូចជារបស់អ្នកនយោបាយ។

ដូច្នេះភាពស្ងប់ស្ងាត់ពីរឿងនយោបាយរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមែនជារឿងចៃដន្យនោះឡើយ ពោលគឺមកពីលោកយល់ឃើញថា កាលៈទេសៈនេះគ្មានតម្លៃទាល់តែសោះដែលត្រូវចំណាយពេលនិយាយរឿងនយោបាយ ជាពិសេសនិយាយពីគូបដិបក្ខដែលកំពុងបាក់ លោងទៅហើយនោះ។ ក្នុងស្ថានភាពបែបនេះ យុទ្ធសាស្ត្ររបស់បុរសខ្លាំងដែលខ្ញុំធ្លាប់កត់សំគាល់នោះគឺ «ទុកឲ្យសត្រូវ ឬគូរប្រជែងខ្សោយមិនស្លាប់ ឬខ្សោយមុនស្លាប់»

ផ្ទុយទៅវិញនេះជាពេលវេលាដែលត្រូវគិតគូរពីយុទ្ធសាស្ត្រ និងគោលនយោបាយធំៗសម្រាប់ជាតិនិងប្រជាជន ជាពិសេសពេលនេះពិភពលោកបាននិងកំពុងព្រួយបារម្ភ និងដោះស្រាយបញ្ហាជំងឺ រលាកសួតប្រភេទថ្មីឈ្មោះ កូរ៉ូណា។ ដូច្នេះរឿងនយោបាយកំប៉ិកកំប៉ុកអង្ករកំប៉ុងមួយចំនួនក៏ក្លាយជាកាកសំណល់ដែលគេ បោះចោលក្នុងធុងសំរាមបាត់ទៅហើយ ជាពិសេសចាប់តាំងពីក្រោយថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩មក អ្វីៗក៍បានកើតឡើងដូចការព្យាករណ៍ទុកមែន ពោលគឺអ្នកនយោបាយដែល លោក កឹម សុខា ដាក់រហស្សនាមថា «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី» ត្រូវបានគេលុបឈ្មោះចេញពី សង្វៀននយោបាយកម្ពុជាបាត់ទៅហើយ។

ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ពេលនេះគឺ នៅពេលដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ងៀមស្ងាត់ លោក កឹម សុខា បែរជាកំពុងលានអណ្តាតក្នុងការតតាំងក្តីនៅឯតុលាការ ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» រឺ រឿង «ក្បត់ជាតិ» ទៅវីញ។ សំណុំរឿងនេះកំពុងសង្កត់កជនជាប់ចោទ កឹម សុខា ឲ្យលានអណ្តាតជារៀងរាល់ថ្ងៃ។ លានអណ្តាត ពីព្រោះម្យ៉ាងដោយសារតែក្រុមមេធាវីដើមបណ្តឹង មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក។ រីឯម្យ៉ាងទៀតបន្ថែមពីលើភស្តុតាងដែលមេធាវីដើមបណ្តឹង មានក្នុងដៃលោក កឹម សុខា ខ្លួនឯងស្រាប់តែដោយខ្ជីខ្ជារទាមទារឲ្យតុលាការបញ្ចាំងវីដេអូជាងមួយម៉ោងដែលខ្លួនគិតថា ជាការដោះបន្ទុកពីការចោទប្រកាន់។

ប៉ុន្តែផ្ទុយពីការរំពឹងទុកមេធាវីដើមបណ្តឹងបានចាត់ទុកឯកសារវីដេអូនោះថា មានតម្លៃណាស់ក្នុងការបញ្ជាក់ថា ភស្តុតាងដែលមេធាវីដើមបណ្តឹងបានដាក់ចូលតុលាការគឺជា ភស្តុតាងដែលមានមូលដ្ឋានកាន់តែរឹងមាំ ពីព្រោះអ្វីដែលមានក្នុង វីដេអូខ្លីនោះក៏មានទាំងស្រុងនៅក្នុងឃ្លីប វីដេអូវែងរបស់លោក កឹម សុខា ដោយគ្មានការកែច្នៃ កាឡៃអ្វីទាំងអស់។ ហេតុដូច្នេះហើយបានជាមេធាវីដើមបណ្តឹងបានចាត់ទុក ភស្តុតាងដែលដាក់ដោយលោក កឹម សុខា គឺដើម្បីដាក់បន្ទុកលើលោក កឹម សុខា ខ្លួនឯងទៅវិញ។

បន្ថែមពីលើនេះក៏អាចចាត់ទុកថា ជារឿងមហាស៊យរបស់លោក កឹម សុខា ក៏ថាបានដែរ ពីព្រោះខណៈដែលខ្លួនកំពុងតតាំងក្តីយ៉ាងលំបាកដើម្បីដោះបន្ទុក ស្រាប់តែ លោក សម រង្ស៊ី ឯណោះវិញក៍បានផ្តល់សក្ខីកម្មអំពីភាពជាប់ពាក់ព័ន្ធរបស់លោក កឹម សុខា និងរបស់ សម រង្ស៊ី ខ្លួនឯងក្នុងសំណុំរឿងឃុបឃិតជាមួយបរទេសដើម្បី ផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។ សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកផេកផ្លូវការនូវសំណេរជាអក្សរផងនិង រូបភាពជាច្រើនផងដោយបញ្ជាក់ថា រូបលោក សម រង្ស៊ី ផ្ទាល់ក៏ដូចជាលោក កឹម សុខា ដែរបានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយផែនការក្បត់ជាតិដើម្បីរៀបចំធ្វើបដិវត្តន៍ផ្តួលរំលំដែលជាទោសឧក្រិដ្ឋ។

ការសារភាពរបស់លោក សម រង្ស៊ី ត្រូវគេមើលឃើញថា ជាចេតនាយ៉ាងច្បាស់ក្រឡែតក្នុងការដាក់បន្ទុកបន្ថែម លើលោក កឹម សុខា ក្នុងមហិច្ឆតាដណ្តើមអំណាចក្នុងបក្សមកកាន់កាប់វិញតែប៉ុណ្ណោះ។

ភស្តុតាងដែលផ្តល់ដោយលោក សម រង្ស៊ី ត្រូវបានមេធាវីដើមបណ្តឹង ប្រកាសទទួលយកដោយអំណរគុណដើម្បីដាក់បន្ទុកបន្ថែមលើជនជាប់ចោទកឹម សុខា។ ដោយសារតែភស្តុតាងបន្ថែមលើភស្តុតាងបែបនេះហើយដែលបានធ្វើឲ្យការដាក់បន្ទុកលើ លោក កឹម សុខា កាន់តែមានទម្ងន់ធ្ងន់លានអណ្តាតពិបាកនឹងរើខ្លួនរួចណាស់។

ងាកទៅមើលលោក សម រង្ស៊ី ឯណោះវិញ ចាប់ តាំងពីនាយករដ្ឋមន្រ្តី ហ៊ុន សែន លែងនឹកនាដល់ រីឯសារព័ត៌មានក្នុងស្រុកនិងក្រៅស្រុកនានាក៏នាំគ្នាឈប់និយាយ ពីឈ្មោះអ្នកនយោបាយរូបនេះតទៅទៀតដែរ។ កុំថាឡើយការ និយាយដោយចំពោះ សូម្បីតែនិយាយដោយប្រយោលក៏នាយករដ្ឋមន្រ្តី​​ ហ៊ុន សែន មិននឹកនាដែរ។ ស្ថានភាព បែបនេះហើយដែលបានធ្វើឲ្យ សម រង្ស៊ី បាត់ឈ្មោះអស់សំឡេងពីឆាកនយោបាយកម្ពុជាស្ទើរតែទាំងស្រុង។

ដោយដឹងថាខ្លួនអស់តម្លៃដោយសារតែនយោបាយបោកប្រាស់ប្រជាភិថុតរុកគួនឆ្កិះឆ្កៀលដដែលៗ ទើបសម រង្ស៊ី ក៏កើតចិត្តភ័យព្រួយនិងចង់មានឈ្មោះនិងសំឡេងឡើងវិញ។

ដើម្បីសម្រេចគោលដៅនេះ សម រង្ស៊ី គ្មានជំរើសអ្វីក្រៅតែប្រើមធ្យោបាយតែមួយគត់ដែលធ្លាប់ប្រើដដែលៗជាហូរហែរមកនោះគឺខំប្រឹងតោងកាលីប នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រែងនាយករដ្ឋមន្ត្រីឆ្លើយឆ្លងជាមួយ។

ស្នៀតតោងកាលីបនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល សម រង្ស៊ី បានប្រើចុងក្រោយនេះគឺការបង្ហោះរូបភាពជាប់ជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងហ្វេសប៊ុកនិង និយាយចាក់ដោត ដើម្បីឲ្យបុរសខ្លាំងកម្ពុជាឆ្លើយតប។ ពេលខ្លះបង្ហោះតាមហ្វេសប៊ុក ពេលខ្លះខំស្រែកឡែឡែតាមវិទ្យុអាស៊ីសេរី។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ សម រង្ស៊ី មិនទទួលបានលទ្ធផលនោះឡើយពោលគឺទោះជា សម រង្ស៊ី ខំបង្ហោះរូបថតនិង និយាយចាក់ដោត ចាក់ចង្កេះយ៉ាងណា ក៏នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនចាប់អារម្មណ៍សោះឡើយ។

ការនៅស្ងៀមស្ងាត់មិនតបតក៏ព្រោះតែនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ច្បាស់ណាស់ថា សម រង្ស៊ី ជាមនុស្ស គ្មានតម្លៃដែលត្រូវតបតជាមួយទាល់តែសោះ។
ខ្ញុំយល់ឃើញថា ការយល់ឃើញបែបនេះរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាត្រឹមត្រូវណាស់ពីព្រោះកុំថាឡើយដល់ទៅនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី សូម្បីតែសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅក៏មិនចាត់ទុកអ្នកនយោបាយ «ក្បាលមិនជាប់មេឃ ជើងមិនជាប់ដី» រូបនេះក្នុងក្រសែភ្នែកទៀតដែរ។ ហើយបើនិយាយដោយខ្លី បើនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់តែនៅស្ងៀមស្ងាត់ សម រង្ស៊ី កាន់តែអស់តម្លៃ កឹម សុខា កាន់តែលានអណ្តាតគឺលានអណ្តាត ដោយសារស្នាដៃ សម រង្ស៊ី ដែលចង់ល្បីឈ្មោះឡើងវិញ និងចង់ក្តាប់អំណាចឲ្យជាប់មិនព្រលែងឲ្យ កឹម សុខា
ម្តងទៀតនោះទេ។ បើដូច្នេះមែនប្រហែលជាត្រូវរង់ចាំដល់សេះដុះស្នែងហើយទើបនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រោសជីវិតនយោបាយអោយ សម រង្ស៊ី ឡើងវិញ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ