(ភ្នំពេញ)៖ តាមពិតមិនថា ខ្ញុំ ឬប្រជាពលរដ្ឋទូទៅនោះទេ គេបានភ្លេចឈ្មោះ សម រង្ស៉ី បាត់ទៅហើយក្រោយចាញ់បោកការឃោសនាបោកប្រាស់លំដាប់ផ្កាយប្រាំរឿងវិលចូលស្រុកខ្មែរថ្ងៃ ៩ វិច្ឆិកា ២០១៩។ ម៉្យាងទៀត ពេលនេះអ្វីដែលជាការគិតគូររបស់ប្រជាជន ដែលមានសែស្រឡាយចិន គឺការត្រៀមសែន និងការដើរលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ មួយវិញទៀត អ្វីដែលសាធារណ:មតិមួយចំនួនកំពុងតាមដាន គឺរឿងតុលាការកំពុងដំណើរការកាត់ក្តីលោក កឹម សុខា។

ទោះបីខ្ញុំសម្រេចតាំងពីថ្ងៃ ៩ វិច្ឆិកា ២០១៩ ថា ឈប់និយាយ និងសរសេរពីឈ្មោះ សម រង្ស៉ី ទៀត ដោយសារបុគ្គលរូបនេះ គ្មានសល់តម្លៃអ្វីទៀត ទេ សម្រាប់ការយកចិត្តទុកដាក់ពីមហាជន ក៏ប៉ុន្តែខ្ញុំសម្រេចចិត្តដោយបង្ខំត្រូវតែសរសេរឈ្មោះ សម រង្ស៉ី នេះម្តងទៀតខានមិនបាន ពីព្រោះតែមានរឿងសំខាន់ត្រូវនិយាយ។

អ្វីដែលសំខាន់ គឺខណៈដែលសវនាការសំណុំរឿងលោក កឹម សុខា កំពុងតែដំណើរការ ហើយលោក កឹម សុខា និងក្រុមមេធាវីកំពុងរកវិធី និងភស្តុតាងដើម្បីដោះបន្ទុកពីការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ បែរជាលោក សម រង្ស៉ី ស្រាប់តែបង្ហាញ និងផ្តល់ភស្តុតាងជាច្រើនដោយ free ដើម្បីបញ្ជាក់ពីភាពពាក់ព័ន្ធរបស់លោក កឹម សុខា ឬ របស់គណបក្សសង្គ្រោះជាតិ ក្នុងការឃុបឃិតជាមួយបរទេសក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាទៅវិញ។

តាមរយៈការសំភាសន៍ជាមួយវិទ្យុអាស៊ីសេរី និងការបង្ហោះតាមទំព័រហ្វេសប៊ុករបស់ខ្លួន លោក សម រង្ស៉ី បានបង្ហោះសារ និងរូបភាពជាច្រើនដែលបញ្ជាក់ ពីភាពពាក់ព័ន្ធរបស់ខ្លួនក៏ដូចជាលោក កឹម សុខា អំពីការឃុបឃិតជាមួយបរទេស។ លោក សម រង្ស៉ី ធ្វើជានិយាយឌឺថា ចង់ឱ្យតុលាការចោទប្រកាន់ខ្លួនដូច លោក កឹម សុខា ដែរ ទើបបង្ហាញភស្តុតាងទាំងនោះ ហើយនឹងបន្តផ្ញើមកឱ្យតុលាការថែមទៀត។

បើស្តាប់មួយភ្លែតទៅ វាហាក់ដូច ជាលោក សម រង្ស៉ី ក្លាហានចង់រួមសុខទុក្ខជាមួយលោក កឹម សុខា ចង់ដោះបន្ទុកលោក កឹម សុខា ហើយទទួលទោសជំនួសលោក កឹម សុខា។ ប៉ុន្តែបើយើងពិនិត្យនិងវិភាគឱ្យស៊ីជំរៅទៅ គឺជាចេតនាពិតប្រាកដ និងសែនពិសពុលរបស់លោក សម រង្ស៉ី ក្នុងការចង់ដាក់បន្ទុកថែមទៀតដល់លោក កឹម សុខា តែប៉ុណ្ណោះ។

អ្វីដែលលោក សម រង្ស៉ី បានបង្ហាញ និងអះអាងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺពិតជាមានអត្ថន័យច្រើនយ៉ាងណាស់៖

ទី១៖ គឺជាការប្រកាសទទួលស្គាល់ជាសាធារណៈថា ពិតជាមានការឃុបឃិតជាមួយបរទេសក្នុងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន តាមរៀបបដិវត្តន៍ពណ៌ ដោយអតីតគណបក្សសង្គ្រោះជាតិមែន។

ទី២៖ បន្ថែមពីលើការប្រកាសទទួលស្គាល់ជាលាយលក្ខណ៍អក្សរនេះ លោក សម រង្ស៉ី ក៏បានបង្ហោះរូបភាពដើម្បីបញ្ជាក់ពីភស្តុតាងថា មេដឹកនាំអតីតបក្សសង្គ្រោះជាតិ ពិតជាបានទទួលការបង្វឹកពីបរទេស ដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលពិតប្រាកដមែន។

ទី៣៖ អ្វីដែលលោក សម រង្ស៉ី បានបង្ហោះ និង និយាយក្នុងសំភាសន៍ជាមួយវិទ្យុអាស៊ីសេរី គឺជាសក្ខីកម្មក្នុងនាមសាក្សីដ៏សំខាន់ម្នាក់ ដើម្បីបញ្ជាក់ឲ្យឃើញថា ការរំលាយអតីតគណបក្សសង្គ្រោះជាតិដោយតុលាការកំពូល ពិតជារឿងត្រឹមត្រូវ និងចាំបាច់។

ទី៤៖ សក្ខីកម្មរបស់លោក សម រង្ស៉ី ក៏បានបន្ថែមទម្ងន់ទៅលើសំណុំរឿងក្តីរបស់លោក កឹម សុខា ដើម្បីបញ្ជាក់ថា ដំណើរការរឿងក្តីនេះ ពិតជាត្រឹមត្រូវ និងចាំបាច់ ពីព្រោះទាំងលោក កឹម សុខា ទាំងលោក សម រង្ស៉ី សុទ្ធតែបានឃុបឃិតជាមួយបរទេសយ៉ាងជ្រាលជ្រៅ ដើម្បីឈានទៅផ្តួលរដ្ឋអំណាច ស្របច្បាប់នៅកម្ពុជា។ ដូច្នេះ លោក កឹម សុខា ច្បាស់ជាមិនអាចបដិសេធថា ខ្លួនមិនបានឃុបឃិតជាមួយបរទេសដូចដែលគាត់តែងតែបដិសេធនោះឡើយ ពីព្រោះសូមកុំភ្លេចថា លោក សម រង្ស៉ី គឺជាសាក្សី និងក៏ជាអ្នកពាក់ព័ន្ធដ៏សំខាន់ម្នាក់ក្នុងសំណុំរឿងក្តីនេះ។

ទី៥៖ ការផ្តល់ភស្តុតាង និងការអះអាងសារភាពរបស់ សម រង្ស៉ី អំពីការឃុបឃិតរបស់ពួកខ្លួនជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺជាការបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា រឿងក្តីរបស់លោក កឹម សុខា នេះ មិនមែនជារឿងនយោបាយទេ គឺរឿងព្រហ្មទណ្ឌ ក្បត់ជាតិ ពិតប្រាកដមែន។

តាមពិត វាគ្មានអ្វីជាអាថ៌កំបាំងទៀតនោះឡើយសម្រាប់ចេតនា របស់លោក សម រង្ស៉ី ចំពោះលោក កឹម សុខា ពីព្រោះនរណាៗ ក៏បានដឹងដែរថា ជារៀងរាល់លើក នៅពេលដែល លោក កឹម សុខា ជួបរឿងក្តីក្តាំ ហើយព្យាយាមការពារខ្លួន ដើម្បីឲ្យរួចផុតពីការចោទប្រកាន់ គឺលោក សម រង្ស៉ី តែងតែ ដាក់បន្ទុកបន្ថែមឲ្យលោក កឹម សុខា ជានិច្ច។

ជាក់ស្តែង ពេលសង្ស័យថា លោក កឹម សុខា អាចត្រូវបានដោះលែងកាលពីកំឡុងខែមីនា ឆ្នាំ២០១៩ លោក សម រង្ស៉ី បានស្កាត់ទុកជាមុនដោយយក សេរីភាពលោក កឹម សុខា មកភ្នាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្រោយមកទៀត ពេលតុលាការបន្ថយលក្ខខណ្ឌ នៃការត្រួតពិនិត្យតាមផ្លូវតុលាការដោយឲ្យលោក កឹម សុខា អាចចេញពីផ្ទះបាន លោក សម រង្ស៉ី ដែលបារម្ភខ្លាចមានការដោះលែងលោក កឹម សុខា ក៏បានស្រែកពីក្រៅប្រទេសថា ការដោះលែងលោក កឹម សុខា តែម្នាក់គ្មានតម្លៃគ្រប់គ្រាន់សម្រាប់គណបក្សសង្គ្រោះជាតិទេ គឺត្រូវមានលក្ខខណ្ឌនេះលក្ខខណ្ឌនោះព្រោះ រោះបំណងរបស់លោក សម រង្ស៉ី គឺមិនផ្តល់តម្លៃដល់សេរីភាពលោក កឹម សុខា ទាល់តែសោះ។

ផ្ទុយទៅវិញ គឺត្រូវធ្វើយ៉ាងណាឲ្យលោក កឹម សុខា ជាប់ឃុំឲ្យបានយូរតាមដែលអាចធ្វើទៅបាន ពីព្រោះបើលោក កឹម សុខា មានសេរីភាពឡើងវិញ លោក សម រង្ស៉ី នឹងអស់តម្លៃក៏ដូចជាអស់តួនាទីតំណែងជាប្រធានស្តីទីបន្តទៀតហើយ។ ដូច្នេះហើយបានជាក្នុងពេលលោក កឹម សុខា ជាប់ឃុំ ហើយភាគីខាងលោក កឹម សុខា នៅ ស្ងៀមស្ងាត់ដើម្បីសម្រួលស្ថានការណ៍ លោក សម រង្ស៉ី និងបក្ខពួករបស់គាត់ឯណោះវិញ គិតតែពីដុតកម្តៅស្ថានការណ៍ រហូតក្នុងគោលបំណងធ្វើម៉េចកុំឱ្យ លោក កឹម សុខា រួចខ្លួន។ បើនិយាយឱ្យខ្លីងាយយល់ងាយចាំគឺ «សម រង្ស៉ី និងកឹម សុខា មិនមែនមនុស្សតែមួយនោះទេ តែ សម រង្ស៉ី និង កឹម សុខា មានតែម្នាក់គត់ ពោលមាន ស៊ី អត់ខា មានខា អត់ស៊ី»។

ប៉ុន្តែ លោក កឹម សុខា ក៏មិនចេះតែមិនឈ្លោះ មិនឆ្លើយ មិនឆ្លងនោះដែរ។ ជាក់ស្តែងកាលពីថ្ងៃពុធ ទី២២ ខែមករា លោក កឹម សុខា ក៏បានវាយបកត្រង់ៗ ទៅ សម រង្ស៉ី ទោះមិនចំឈ្មោះក៏ដោយ ក៏បានអះអាងថា «ខ្លួនគាត់ កឹម សុខា មិនមែនជាអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដី ដូចអ្នកខ្លះនោះឡើយ»។ ហើយទាំងខ្ញុំ និងប្រជាពលរដ្ឋទូទៅពិតជាដឹងច្បាស់ណាស់ថា អ្នកនយោបាយដែលក្បាលមិនជាប់មេឃ ជើងមិនជាប់ដីនោះ គឺលោក សម រង្ស៉ី នេះឯង ពីព្រោះអ្នកនយោបាយរូបនេះ បានតែសម្តី តែពេលមានបញ្ហាអ្វីកើតឡើង គឺគាត់តែងតែរត់ផាស់ក្រញ៉ាំយករួចខ្លួនដោយទុកឲ្យសកម្មជនអ្នកគាំទ្រទទួលទោសជំនួសជា រៀងរហូតមកដោយគ្មានការកែប្រែអ្វីឡើយ។ នេះហើយដែលគេហៅថា អ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីដែលលោក កឹម សុខា ចង់សំដៅ។

សរុបមកវិញ អ្វីៗដែល លោក សម រង្ស៉ី បានបង្ហោះក្នុងផេកផ្លូវការ និងការនិយាយអះអាងរបស់ខ្លួនតាមវិទ្យុ គឺពិតជាបានជួយពង្រឹងបន្ថែមទៀតនូវភស្តុតាងរបស់ដើមបណ្តឹងក្នុងការដាក់បន្ទុកលើជនជាប់ចោទ កឹម សុខា បន្ថែមពីលើភស្តុតាង ដែលមានស្រាប់យ៉ាងសន្ធឹកសន្ធាប់។ គួបផ្សំជាមួយភស្តុតាងបន្ថែមដែលផ្តល់ដោយលោក សម រង្ស៉ី នេះ ខ្ញុំជឿជាក់ថា លោក កឹម សុខា ប្រាកដជារើខ្លួនមិនរួចនោះឡើយ ទោះជាគាត់ខិតខំដោះបន្ទុកយ៉ាងណាក៏ដោយ ពីព្រោះនៅពេលដែលលោក កឹម សុខា ខំប្រឹងរើ លោក សម រង្ស៉ី ក៏ខំប្រឹងរឹតមិនឲ្យលោក កឹម សុខា រើខ្លួនបាននោះឡើយ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ