(ភ្នំពេញ)៖ អតីតក្រុមប្រឆាំងមួយក្រុមដែលបានផ្តាច់ខ្លួន ពីក្រុមអតីតបក្សសង្គ្រោះជាតិ បានទៅសុំក្រសួងមហាផ្ទៃបង្កើតគណបក្សប្រឆាំងមួយថ្មី ហើយក៍មិនទាន់ទទួលបាននូវនីតិសម្បទា ខាង ផ្លូវច្បាប់ផងនោះ បែរជាហ៊ានធ្វើសកម្មភាពនយោបាយបំពាន ច្បាប់ដោយគ្មានដឹងទិសតំបន់អ្វីទាំងអស់។ ដូច្នេះ គេអាចហៅគណបក្សនេះ ថាជាគណបក្សមិនគ្រប់ទឹកទើបសម ។

នេះពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន ! ។ មិនខុសពីអតីតគណបក្សប្រឆាំងដែលបាន រំលាយនោះទេក៍ពួកក្រុមប្រឆាំងមិនញញើត ក្នុងការរំលោភច្បាប់របស់ប្រទេសនោះឡើយ ហើយនៅពេលដែល មានការចាត់វិធានការផ្លូវច្បាប់ ដោយអាជ្ញាធរពួកគេនឹងស្រែកថា មានការរំលោភសិទ្ធិសេរីភាពខាងនយោបាយ ឬ ការបញ្ចេញមតិជាដើម ។ល។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃគ្រាន់តែបានផ្តល់ភ្លើង ខៀវយល់ព្រមឱ្យអតីតថ្នាក់ ដឹកនាំមួយចំនួនរបស់អតីតគណបក្សប្រឆាំងដែលទទួល បាននីតិសម្បទាធ្វើ នយោបាយ ឡើងវិញនោះ បង្កើតគណបក្សថ្មីមួយឈ្មោះថា «គណបក្សខ្មែរស្រឡាញ់ជាតិ» ប៉ុន្តែ ក្រសួងមហាផ្ទៃបានតម្រូវឱ្យតំណាងគណបក្សនេះ ត្រូវរៀបចំបំពេញឯកសារ ដើម្បីចុះបញ្ជី ឱ្យស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយជាមុនសិន មុននឹងធ្វើសកម្មភាពផ្សេងៗ។

ប៉ុន្តែ គណបក្សមិនគ្រប់ទឹកមួយនេះ បានធ្វើសកម្មភាពរំលោភបំពានច្បាប់ស្តីពី គណបក្សនយោបាយទាំងមិន ទាន់បានចុះបញ្ជីនៅក្រសួង មហាផ្ទៃនៅឡើយផងនោះ។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ គណបក្ស «ខ្មែរស្រឡាញ់ជាតិ» ដែលជាគណបក្សមិនទាន់គ្រប់ទឹកផងនោះ បានចេញសេចក្តីថ្លែងការណ៍ មួយទាមទារឱ្យតុលាការផ្តល់យុត្តិធម៌ដល់ លោក កឹម សុខា ដែលជាអតីត ប្រធាន អតីតបក្សរបស់ខ្លួន។ គណបក្សនេះ ពិតជាបានបានរំលោភលើសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ ដោយហ៊ានប្រើប្រាស់រូប ស្លាកសញ្ញា និងបាវចនាគណបក្សខ្មែរស្រឡាញ់ជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ យ៉ាងប្រញាប់ប្រញាល់របស់ខ្លួនទាំង មិនទាន់មានការអនុញ្ញាតជាផ្លូវ ការពីក្រសួង មហាផ្ទៃ ។

ក្នុងនាមខ្ញុំជានិស្សិតច្បាប់ម្នាក់ ខ្ញុំយល់ថាទង្វើនេះគឺមិនត្រឹមតែជាគំរូដ៍អាក្រក់សំរាប់ប្រជាជន រស់នៅក្នុងប្រទេសមួយដែលចង់បាននិតិរដ្ធជាគ្រិះរបស់ជាតិតែប៉ុណ្ណោះទេ តែប្រការនេះក៍ជាអំពើដ៏ខុសឆ្គងដែលច្បាប់មិនគួរអត់ឱនឱ្យបានឡើយ ។

ក្នុងនាមខ្ញុំជានិស្សិតច្បាប់ម្នាក់ ខ្ញុំមើលឃើញថា អតីតបក្សសង្គ្រោះជាតិដែលត្រូវបាន តុលាការរំលាយចោល ក៍ដោយសារ តែអតីតមេដឹកនាំ និងអតីតមន្ត្រីនៃអតីតបក្សប្រឆាំងនេះ ភាគច្រើនធ្វើតែសកម្មភាព រំលោភបំពាន រឺផ្គើននឹងច្បាប់នាពេលកន្លងមក ប៉ុន្តែរហូតមកដល់ពេលនេះ អតីតមន្ត្រីបក្សប្រឆាំងដដែលទាំងនោះដែល ទទួលបាននូវនីតិសម្បទាធ្វើ នយោបាយឡើងវិញនៅតែ ប្រកាន់ជំហរធ្វើសកម្មភាព រំលោភនិងផ្ទុយពីច្បាប់កំណត់ដដែល។ ប្រហែលជាសកម្មភាពនេះវាជាចរិត របស់ក្រុមប្រឆាំងដែលកែមិនឡើងដូចពាក្យចាស់ បុរាណពោល ថា៖ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ឬឆ្នាំងណាគំរបហ្នឹង» ប្រាកដណាស់។ ដូច្នេះហើយបានជាគ្រាន់តែតុលាការទើបតែចាប់ដំណើរការរឿងក្តីសោះ គណបក្សនេះក៍ហ៊ានចេញសេចក្តីថ្លែងការណ៍ ស្វែងរកយុត្តិធម៌អោយលោក កឹម សុខាទាំងទទឹងទិសដូច្នេះ ។

ខ្ញុំនៅចាំបានថា សមាសភាពមេ ដឹកនាំបក្ស « ខ្មែរស្រឡាញ់ជាតិ» នេះ គឺសុទ្ធតែជាអតីត មន្ត្រីគណបក្សសង្គ្រោះជាតិ និង ជាអតីតតំណាង រាស្ត្រដែលមាននិន្នាការនិយមខាង លោក កឹម សុខា ដូចជា លោក ជីវ កត្តា លោក ស៊ឹម សុវណ្ណនី លោក កង គឹម ហាក់ ជាដើម ។ល។ ដូច្នេះ បើទោះបីជាគណបក្សថ្មីដែល គ្រោងនឹងបង្កើតមិនទាន់ទទួល បានភាពស្របច្បាប់ក៏ដោយ ក៏ក្រុមនេះគគ្លើនប្រឆាំង នឹងច្បាប់ហ៊ានចេញសេចក្តីថ្លែងការណ៍ ទាំងបំពានដើម្បីការពារនិង គាំទ្រលោក កឹម សុខា ដែរ។

ដូច្នេះ ខ្ញុំអាចនិយាយបានថា អតីតក្រុមប្រឆាំងដែលបង្កើតបក្សថ្មីនេះ គឺជាពូជផ្លែល្វាដែលល្អតែសម្បកក្រៅតែការពិត គឺជាបក្សដែលរំលោភបំពានច្បាប់ យ៉ាងកំរោលយកគំរូតាម គណបក្សដែលតុលាការបាន រំលាយចោលយ៉ាងជាក់ច្បាស់។

ជាការឆ្លុះបញ្ចាំងមកវិញ ប្រជាពលរដ្ឋអាចវាយតម្លៃបានថា គណបក្ស «ខ្មែរស្រឡាញ់ជាតិ» ធ្លាប់បានអះអាងនិង តាំងខ្លួនឯងថា ជាគណបក្សប្រឆាំងថ្មី នៅកម្ពុជាជាគណបក្ស ដែលគោរពច្បាប់អាចស្វែង រកយុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យ ពិតៗជូនប្រជាពលរដ្ឋ ! ប៉ុន្តែ នៅពេលដែលខ្លួនមិនទាន់មាន សិទ្ធិស្របច្បាប់ដើម្បីធ្វើ សកម្មភាពផងនោះ បែរជាមិនគោរពច្បាប់បំពានច្បាប់ទាំង កំរោល តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបែបនេះ តើឱ្យប្រជាពលរដ្ឋទុកចិត្តនិងគាំទ្រយ៉ាងម៉េចទៅ? ទោះជាយ៉ាងណាប្រទេសត្រូវមានច្បាប់គ្រួសារ ក៏ត្រូវតែមានវិន័យ។

គ្រប់គណបក្ស នយោបាយត្រូវធ្វើសកម្មភាព ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ប្រទេសស៊ីវីល័យចាំបាច់គ្រប់កោសិកានៅក្នុងសង្គមរួមទាំងនីតិបុគ្គល និងរូបបវ័ន្តបុគ្គលត្រូវស្ថិត នៅក្រោមច្បាប់ ទើបអាចក្លាយជា សង្គមមួយប្រកបដោយនីតិរដ្ឋ។ ក្នុងនាមខ្ញុំជានិស្សិតច្បាប់រៀន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយបានឃើញនូវទង្វើរដ៏ខុសឆ្គងរបស់មន្ត្រី គណបក្ស «ខ្មែរស្រឡាញ់ជាតិ» ដែលមិនទាន់មានសិទ្ធិ ធ្វើសកម្មភាពនយោបាយផង ហ៊ានបំពានច្បាប់បែបនេះ គឺពិតជាការគួរអោយខកចិត្តជាពន់ពេកហើយ សង្ឃឹមថាបក្សថ្មីនេះនឹងមិនបន្តធ្វើសកម្មភាពរបស់ខ្លួន ដោយយកច្បាប់មកទ្រាប់អង្គុយតទៅទៀតនោះឡើយ ៕

ដោយ៖ និស្សិតច្បាប់ឆ្នាំទី៤នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច