(ភ្នំពេញ)៖ ដំណើររបស់កម្ពុជាគឺ ក្រោយថ្ងៃរំដោះពីរបបប៉ុលពតឆ្នាំ១៩៧៩ រដ្ឋាភិបាលបានគិតគូរដំបូងគេបំផុតគឺ ការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋពីគ្រោះទុរភិក្ស បន្ទាប់មកទើបឈានទៅគិតអំពីការផ្សះផ្សាបង្រួបបង្រួមជាតិ នាំសន្តិភាព ហើយនិងគិតអំពីប្រព័ន្ធនយោបាយជាតិ។

ការចាប់ផ្តើមចាក់ឬសប្រជាធិបតេយ្យនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ នីតិកាលទី១ នៃរដ្ឋសភារហូតមកដល់នីតិកាលទី៦ នៃនេះគឺមានរយ:ពេល៣០ឆ្នាំមកហើយ មានន័យថា ប្រជាធិបតេយ្យនៅកម្ពុជាបានចាក់គ្រឹះយ៉ាងរឹងមាំ និងបានចូលស៊ុបក្នុងប្រអប់ប្រជាធិបតេយ្យពេញលេញ និងពេញលក្ខណ:ត្រឹមត្រូវតាមបែបប្រជាធិបតេយ្យសភានិយមពិភពលោក និងតម្រូវតាមបែបកម្ពុជា។

ដូច្នេះក្នុងដំណាក់កាលនេះកម្ពុជាគ្មានប្រធានបទ «ប្រជាធិបតេយ្យ» ត្រូវនិយាយទៀតទេ។ បញ្ហាសំខាន់ចំពោះមុខដែលកម្ពុជាត្រូវធ្វើគឺការ «កែទម្រង់ស៉ីជំរៅ» ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត នូវចំណុចខ្វះខាត ចំណុចអសកម្មមួយចំនួនតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋកម្ពុជាត្រូវការប្រព័ន្ធរដ្ឋបាលសង្គមមួយដែលស្អាតស្អំ ហើយបានចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកែទម្រង់តាមរយ:ការផ្តល់ព័ត៌មានពិតអំពីភាពអសកម្ម និងអំពើខុសឆ្គងរបស់មន្ត្រី។ ឯមន្ត្រីខិលខូច មន្ត្រីដែលមិនបានបំពញតួនាទីបម្រើប្រជាពលរដ្ឋត្រឹមត្រូវ ដាច់ខាតត្រូវប្រឈមមុខចំពោះអភិក្រមទី៥ របស់ប្រមុខរាជរដ្ឋាភិបាល ។ នេះគឺជាប្រធានបទសំខាន់របស់កម្ពុជាដែលកំពុងតែសកម្មនាបច្ចុប្បន្នកាល៕

ដោយ៖ ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន