(ព្រះសីហុន)៖ នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ពាក់ព័ន្ធករណីឆក់កាបូបភ្ញៀវទេសចរជាជនជាតិចិន បណ្តាលឱ្យដួលរងរបួស នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ ស្ថិតនៅណុចចំណោទអន្លង់ក្រពើ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា មុនពេលកើតហេតុគេឃើញជនសង្ស័យចំនួន០៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក ពណ៌ស បានធ្វើសកម្មភាព ឆក់កាបូបរបស់ជនរងគ្រោះ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូឌុបជាមួយមិត្តប្រុស តាមផ្លូវឆ្ពោះទៅកន្លែងស្នាក់នៅចំណោទរ៉ា ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក្នុងពេលដែលជនសង្ស័យលូកដៃឆក់យកកាបូប ក៏ទាក់ដៃចង្កូតម៉ូតូគ្នា បណ្តាលឱ្យដួលម៉ូតូ ពេលនោះជនសង្ស័យ បានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកម៉ូតូធ្វើសកម្មភាព ម៉ាកនិច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៣១៨០២៧ នៅកន្លែងកើតហេតុ ភ្លាមនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ជាបន្តបន្ទាប់ រីឯជនសង្ស័យ០១នាក់ទៀត រត់គេចខ្លួន កម្លាំងសមត្ថកិច្ចយើង កំពុងបន្តស្វែងរកចាប់ខ្លួន។

ជនសង្ស័យទាំង០៣នាក់ទី១៖ ឈ្មោះ លី ជាសាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើការក្នុងម៉ាត មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជាអ្នកបើកម៉ូតូ), ទី២៖ ឈ្មោះ យន់ ភារៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្រុកកំពង់ត្រាច ខេត្តកំពត និងទី៣៖ ឈ្មោះ កុយ ជង់ហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជិះកណ្តាល) រត់គេចខ្លួន។ ចំណែកជនរងគ្រោះមានឈ្មោះ HAUNG GUI JIAO ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខៈ E៩៩៨៩៨៣៤៦ ស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន៖ កាបូបស្ពាយចំហៀង ០១ពណ៌ខ្មៅ (ផលនៃអំពើទុច្ចរិត), ទូរស័ព្ទដៃ០១គ្រឿង ម៉ាក SAMSUNG ពណ៌ស (ផលនៃអំពើទុច្ចរិត), ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៣១៨០២៧ (មធ្យោបាយធ្វើសកម្មភាព)។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ៕