(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានលើកឡើងថា ​ការរស់នៅក្នុងពន្ធនាគារ​ មិនដូចនឹងការរស់នៅដោយមានសេរីភាពនៅក្នុងក្រុមគ្រួសារ​ និងនៅក្នុងសង្គមឡើយ ​ដោយសារតែនៅក្នុងពន្ធនាគារ​គ្មានរបស់របរប្រើប្រាស់សម្បូរបែបដូចនៅក្នុងសណ្ឋាគារ​ និងនៅផ្ទះនោះទេ​ បើនៅក្នុងពន្ធនាគារមានរបស់របរគ្រប់គ្រាន់ដូចនៅក្នុងសណ្ឋាគារនោះ​ ប្រហែលជារកពន្ធនាគារដាក់អ្នកទោសមិនបានឡើយ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ គឺបានឆ្លើយតបទៅនឹងការរិះគន់របស់ លោក អ៉ុ សំអាន ​អតីត​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ​ដែល​ទើប​រួច​ពី​ពន្ធនាគារ​ដែលបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបរទេសមួយកាលពីពេលថ្មីៗនេះថា ពន្ធនាគារនៅកម្ពុជាមានលក្ខណៈចង្អៀត និងគ្មានអនាម័យ ជាពិសេសដាក់អ្នកទោសនៅលាយឡំគ្នាជាដើម។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងការរស់នៅក្នុងពន្ធនាគារ​ មិនដូចនឹងការរស់នៅដោយមានសេរីភាពនៅក្នុងក្រុមគ្រួសារ​ និងនៅក្នុងសង្គមឡើយ​ដោយសារនៅក្នុងពន្ធនាគារ​គ្មានរបស់របរប្រើប្រាស់សម្បូរបែបដូចនៅក្នុងសណ្ឋាគារ​ និងនៅផ្ទះនោះទេ​ បើនៅក្នុងពន្ធនាគារមានរបស់របរគ្រប់គ្រាន់ដូចនៅក្នុងសណ្ឋាគារ​ ប្រហែលជារកពន្ធនាគារដាក់អ្នកទោសមិនបានឡើយ»​

លោកបានបន្តថា ពាក្យដែលហៅថាពន្ធនាគារ​ ប្រែថាជាមន្ទីរឃុំឃាំង​ ដាក់បណ្តាអ្នកល្មើសច្បាប់ ​ហើយត្រូវតុលាការ កាត់សេចក្តីឱ្យជាប់ទោស​ ដើម្បីកសាងខ្លួន​កែប្រែអត្តចរិតខុសឆ្គងចេញ​ និងងាកមកកសាងខ្លួនឱ្យទៅជាមនុស្សល្អនៅក្នុងសង្គម​។

លោក សុខ ឥសាន បានបន្ថែមទៀតថា ពន្ធនាគារនៅប្រទេសណា​ក៏ដូចនៅប្រទេសណាដែរ​ មិនដែលមានលក្ខណៈសម្បត្តិ ដូចសណ្ឋាគារទំនើប នោះឡើយ​ ដែលហៅថាពន្ធនាគារ​បណ្តាអ្នកដែលជាប់នៅក្នុងនេះ​ សុទ្ធតែជាមនុស្សអស់សិទ្ធិមនុស្សជាមូលដ្ឋានហើយ​ អត់សិទ្ធិដើរហើរ​ អស់សិទ្ធិសប្បាយ មិនអាចចង់រាំច្រៀងបាននោះទេ​ មិនអាចដេកពូក​ មានម៉ាស៊ីនត្រជាក់​ មានទូរទស្សន៍កាសែត​ ទស្សនាវដ្តី សម្រាប់អានទេ​ជាពិសេសពន្ធនាគារនៅកម្ពុជាតែម្តង៕