(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុន​សុង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនប្រជាពលរដ្ឋ​ចំនួន១,៣០៩ប័ណ្ណ ​នៅ​ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្ត បានឲ្យ​ដឹងពីលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមបន្ទាយចាស់ មាន​១​,៥៧២​ក្បាលដី បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន​១,៣០៩ប័ណ្ណ​។ ក្នុងនោះ​ក្បាលដីលស់ពុំអាចចេញប័ណ្ណបាន ដោយជាប់បណ្តឹងតវ៉ា ដោយគ្មានទិន្នន័យ ទំនាស់ព្រំ​ និង​ពាក់ព័ន្ធបុរាណដ្ឋាន កាត់ផ្លូវអស់ និង​បណ្តឹងទប់ស្កាត់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និង​អ្នកកាន់កាប់ដីទាំង​ឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និង​បទដ្ឋានបច្ចេកទេសតាមច្បាប់​ក្នុងភូមិបន្ទាយចាស់ របស់សង្កាត់ស្លក្រាម ក្រុង​សៀមរាប គឺត្រូវបានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ តែចំពោះក្បាលដីណា​ដែលមិនបានបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់ តាមនីតិវិធី និងការចូលរួមចំណែករបស់បងប្អូន ក្នុងការរៀបចំកែលម្អរសោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីការបញ្ជៀសបាននូវការកកស្ទះចរាចរណ៍ ឲ្យសមស្របជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និង​ទាក់ទាញបានការ​វិនិយោគ និង​មានចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។

លោកអភិបាលខេត្ត ​បញ្ជាក់ផងដែរថា រាល់ក្បាលដីដែលមានការពាក់ព័ន្ធនឹងតំបន់បុរាណដ្ឋាន អាជ្ញាធរខេត្ត អាជ្ញាធរអប្សរា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការចុះត្រួតពិនិត្យសិក្សាជាក់ស្តែង ក្នុងការផ្ទៀងផ្ទាត់​ដើមី្បរកនូវដំណោះស្រាយជាបន្តជូនប្រជាពលរដ្ឋ​។ លោក ឃឹម ប៊ុនសុង ក៏បានលើកផងដែរថា ដោយខេត្តសៀមរាប ជាតំបន់ទេសចរណ៍វប្បធម៌ និង​សេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ លើការកែលម្អរនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក្នុងការឆ្លើយតបនូវតម្រូវការចាំបាច់របស់ក្រុងប្រវត្តិសាស្ត្រមួយនេះ អាជ្ញាធរខេត្ត បានរៀបចំផែនការអភិវឌ្ឍន៍ច្បាស់​លាស់ ស​ម្រាប់រយៈពេលយូរអង្វែង និង​ប្រកបដោយនិរន្តរភាពខ្ពស់។

លោក ឃឹម ប៊ុនសុង ​​បានជម្រុញដល់មន្ទីរជំនាញ ដើម្បីពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋ​ដែលនៅសេសសល់មួយចំនួន ដែលប៉ះពាល់ តំបន់បូរាណដ្ឋាន ក្នុងការកាត់ឆ្វៀលធ្វើកម្មសិទ្ធិជូនបងប្អូនឲ្យបានឆាប់រហ័ស​។ លោក​បានសង្កត់ធ្ងន់ចំពោះប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានសង់លើដីផ្លូវ ម៉្យាងទៀតពលរដ្ឋ​ត្រូវរួមសហការគ្នាការពារនូវសម្បត្តិកម្មសិទ្ធិរបស់រដ្ឋ ដើម្បីកុំឲ្យមានជនឆ្លៀតឱកាសរំលោភយកដីទាំងនោះ​​។

បើតាមលោកអភិបាលខេត្ត ប័ណ្ណកម្មសិទ្ធដែលបានប្រគល់ជូនបងប្អូននាពេលនេះ បងប្អូននឹងមានសិទ្ធយកទៅប្រើបាស់ទៅតាមតម្រូវការ ក្នុងការទ្រទ្រង់ជីវភាព ក្នុងក្រុមគ្រួសាររបស់ខ្លួន​។ លោក ឃឹម ប៊ុនសុង ក៏បានថ្លែងអំណរគុណចំពោះ​ប្រជាពលរដ្ឋ ដែលបានទៅបំពេញកាត​ព្វកិច្ចជា​ពលរដ្ឋទៅចូលរួមការបោះឆ្នោត ជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានបង្ហាញអន្តរជាតិ ឲ្យឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង​គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសបន្ត៕