(កោះកុង)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំង ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រួមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងទាំងមន្ត្រីក្រោមឱវាទ បានជួបពិភាក្សាជាមួយភាគីថៃ ព្រមទាំងបានចុះសួរសុខទុក្ខពលករនេសាទកម្ពុជា ដែលរស់នៅខេត្តត្រាត ប្រទេសថៃ។

ថ្លែងក្នុងឱកាសជួបពិភាក្សាជាមួយភាគីថៃ នៅចុងសប្តាហ៍ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា ក្រុមការងារបានចុះមកដល់ខេត្តត្រាត ប្រទេសថៃ ក្រោមការណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាក្រសួងមហាផ្ទៃ ដើម្បីជួបសំណេះសំណាលជាមួយពលករទូកនេសាទ ដែលមករកការងារ និងរស់នៅខេត្តត្រាត ដូចជា ចុះទូកធ្វើនេសាទជាដើម។

លោកស្រី ជូ ប៊ុនអេង បានថ្លែងបន្តទៀតថា ពលករនេសាទកម្ពុជាដែលប្រកបរបរចុះនេសាទនៅខេត្តត្រាតមានចំនួន១ម៉ឺននាក់ ហើយពលករទាំងអស់នោះមករស់នៅ ធ្វើនេសាទ គឺមានឯកសារស្របច្បាប់ត្រឹមត្រូវទាំងអស់ មានតែមួយចំនួនតូច ដែលគ្មានឯកសារស្របច្បាប់។ ចំពោះពលករនេសាទមួយចំនួនតូច ក្រុមការងារនឹងជម្រុញឱ្យពួកគាត់ធ្វើឯកសារ ដើម្បីរស់នៅប្រទេសថៃ មានភាពងារស្រួល។

លោកស្រី បានស្នើសុំទៅភាគីថៃថា បើពលកររស់នៅក្នុងប្រទេសថៃ មានបញ្ហាអ្វីមួយ សូមឱ្យភាគីថៃជួយសម្របសម្រួលដល់ពលករខ្មែរផង និងសូមឱ្យភាគីថៃ ផ្តល់មកភាគីកម្ពុជាជាបន្ទាន់ ដើម្បីភាគីទាំងទ្វេរធ្វើការដោះស្រាយគ្នា។ ចំពោះការពិភាក្សាគ្នារវាងភាគីកម្ពុជា និងភាគីថៃឃើញថា រាល់បញ្ហាត្រូវបានដោះស្រាយគ្នាបាន ដោយរលូនមិនមានអ្វីរាំងស្ទះគឺទទួលបានលទ្ធផលល្អ។

លោក សេង ផាត់ ដែលជាពលករខ្មែរម្នាក់ខាងនេសាទ បានឱ្យដឹងថា គាត់បានមកធ្វើកម្មករទូករយៈពេលជិត៣ឆ្នាំហើយ ក្នុងខេត្តត្រាត ហើយមានអ្នកខ្លះរស់នៅ៤ទៅ៥ឆ្នាំ។ ការមករស់នៅប្រទេសថៃនេះ គាត់មានឯកសារស្របច្បាប់គ្រប់គ្នា មិនមានអ្វីព្រួយបារម្មណ៍អ្វីនោះទេ ហើយការស្នាក់នៅមានការយកចិត្តទុកដាក់ មិនមានបញ្ហាអ្វីទេ ព្រោះប្រទេសថៃ មានច្បាប់ដូចប្រទេសយើងដែរ ចំពោះតម្លៃពលកម្មក្នុង១ខែ បានចំនួន១ម៉ឺនបាត។ បើយើងអូរត្រីបានច្រើន មានប្រាក់បន្ថែមពីលើទៀត ហើយការឈឺស្កាត់ថៅកែជាអ្នកចេញថ្លៃព្យាបាល។ លោកបានបន្ថែមថា ចំពោះប្រាក់ខែថៅកែបើកឱ្យរាល់ខែ មិនបាត់ទេ បើយើងចង់ដាក់កុងធនាគារគឺតាមចិត្តយើង។

បងស្រីម្នាក់ទៀត បាននិយាយថា គាត់មករស់នៅខេត្តត្រាតនេះ គឺមកហាលត្រីឱ្យគេ។ គាត់មកទាំងគ្រួសារ ហើយក្នុង១ខែម្នាក់ៗ ទទួលបានប្រាក់ខែ៩ពាន់បាត ហើយប្រាក់ខែបានរាល់ខែមិនបាត់១រៀលឡើយ បាយទឹកនៅលើថៅកែឈឺស្កាត់ចូលអស់៣០បាត ស្មើ៣០០០រៀលប៉ុណ្ណោះ ហើយចំពោះថៅកែគាត់យកចិត្តទុកដាក់លើពួកគាត់ណាស់ ហើយយើងចង់ទៅលេងស្រុកកំណើត គាត់អត់ហាមឃាត់យើងឡើយ រាល់ថ្ងៃពួកគាត់ពិបាកតែម៉្យាង គឺបញ្ហាកូនអត់បានរៀនអក្សរខែ្មរតែប៉ុណ្ណោះ៕