(ភ្នំពេញ)៖ មានករណីបង្កឲ្យភ្ញាក់ផ្អើមមួយកើតឡើង នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅម្ដុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយក្រុមជនសង្ស័យ២នាក់ បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ដើម្បីគំរាមម្ចាស់ម៉ូតូ ដែលពួកគេកាច់កបាននៅម្ដុំផ្លូវ៥៩៨ តែមិនបណ្ដាលត្រូវពលរដ្ឋណាម្នាក់នោះ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ដោយដកស្រង់សម្ដីរបស់ជនរងគ្រោះថា មុនពេលកើតហេតុ មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពចូលទៅកាច់កម៉ូតូរបស់គាត់ នៅក្នុងផ្ទះ​តាមផ្លូវ៥៩៨ (ផ្លូវជាសុផារ៉ា) ម្ដុំស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ហើយគេចខ្លួនបាត់ស្រមោល។

ក្រោយបាត់ម៉ូតូចេញពីក្នុងផ្ទះ ជនរងគ្រោះក៏បានជិះ​ដើររកម៉ូតូរបស់ខ្លួន ដែលចោរកាច់កទៅបាត់ ស្រាប់តែប្រទះឃើញម៉ូតូ និងជនសង្ស័យ នៅក្បែរស្ថានីយ៍ប្រេង PTT ជិតផ្សារសាំហាន់ ក៏ស្រែកផ្អើលឆោឡោឡើងដើម្បីឲ្យគេឯងជួយ។ ស្របពេលដែលជនរងគ្រោះ កំពុងទៅជិតម៉ូតូរបស់ខ្លួន ភា្លមនោះស្រាប់តែជនសង្ស័យ បានដកកាំភ្លើងបាញ់មួយគ្រាប់ ហើយរត់ឡើងជិះម៉ូតូរបស់បក្ខពួកដើម្បីគេចខ្លួន ក៏បាញ់កាំភ្លើងមួយគ្រាន់បន្ថែមទៀត ទើបជនសង្ស័យគេចចេញពីកន្លែងកើតហេតុតែម្ដង។

ជនរងគ្រោះមានឈ្មោះ​ គង់​ គីម​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​មន្ត្រីរាជការ​ ស្នាក់នៅភូមិពោងពាយ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

ជាមួយគ្នានេះ សម្រាប់ដំណើរបន្ថែមនោះ ជនរងគ្រោះបានប្រាប់ភ្នាក់ងារយកព័ត៌មាន​ Fresh News​ ឲ្យដឹងថា​ មុនពេលកើតហេតុ​ គាត់បានទុកម៉ូតូនៅខាងក្រោយកន្លែងប្តូរលុយ​ Wing ជិតស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣​ តាមបណ្តោយផ្លូវលេខ៥៩៨ ខណៈនោះ​ស្រាប់តែមានជនសង្ស័យចំនួន​២នាក់​ បានជិះម៉ូតូ​មួយគ្រឿង​ មិនចាំម៉ាក​ បានមកធ្វើសកម្មភាពកាច់សោ-កម៉ូតូ​របស់គាត់ម៉ាក​ ហុងដាឌ្រីមសង់​ សេ១២៥​ ស៊េរីឆ្នាំ២០១២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BX-1073។

ភ្លាមៗនោះ​គាត់បានស្រែកផ្អើលឆោឡោ​ និងបានជិះដើររកម៉ូតូរបស់ខ្លួន​។ ស្រាប់តែពេលដែលកំពុងជិះម៉ូតូដើររក​ ក៏បានប្រទះឃើញម៉ូតូរបស់ខ្លួន​នៅជិតការ៉ាស់សាំង​ PTT ផ្លូវលេខ១០៧​ ភូមិទួលសំពៅ​ សង្កាត់ទួលសង្កែ២​ ភ្លាមៗនោះ​គាត់បានដើរទៅជិត​ និងស្រែកថាចោរៗ​ ពេលនោះជនសង្ស័យបានដឹងខ្លួន និងដកកាំភ្លើងចេញពីចង្កេះបាញ់មករកជនរងគ្រោះ មួយគ្រាប់ តែសំណាងល្អមិនត្រូវជនរងគ្រោះ រួចក្រុមជនសង្ស័យ បានរត់ឡើងលើម៉ូតូរបស់គ្នាគេម្នាក់ទៀត ក៏ដកកាំភ្លើងបាញ់មួយគ្រាប់ទៀត ហើយក៏ជិះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូជនរងគ្រោះ​ និងសំបកគ្រាប់ចំនួន​២គ្រាប់ នៅនឹងកន្លែងកើតហេតុ។

យ៉ាងណាមិញ សម្រាប់ហេតុការណ៍ក្រុមចោរផ្ទុះអាវុធ២គ្រាប់នេះ មិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយក្រុមជនសង្ស័យ ក៏បានគេចខ្លួនចោលម៉ូតូដែលកាច់កបាននោះផងដែរ។ ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន បានចេញជួយអន្ដរាគមន៍ ដើម្បីស្រាវជ្រាវរកក្រុមជនសង្ស័យផងដែរ៕