(ស្វាយរៀង)៖ ជាការពិតណាស់សំរាម គឺជាផ្នែកមួយដែលអាជ្ញាធរ មានការគិតគួរយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាណាឱ្យសោភ័ណ្ឌភាពទីប្រជុំជនក្រុងនីមួយៗ មានអនាម័យរបៀបរៀបរយល្អ ក្នុងនោះ ក៏បានចំណាយថវិកាជាតិយ៉ាងច្រើន ដើម្បីប្រឡងប្រណាំងទីក្រុងស្អាតដែលគ្មានសំរាម។ ម្យ៉ាងទៀត សំរាមក៏ជាប្រភពមេរោគមួយ ដែលបង្កផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋ បើពុំមានការវិចខ្ចប់ឱ្យបានត្រឹមត្រូវ និងយកទៅទុកកន្លែងដែលមានសុវត្ថិភាពទេនោះ។

ទើបនាពេលថ្មីៗនេះ អាជ្ញាធរខេត្តស្វាយរៀង បានជួបពិភាក្សាជាមួយលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (ប្រទេសជប៉ុន) និងលោក Yasuhara តំណាងអង្គការ JICA និងសហការី ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរថយន្តដឹកសំរាម និងការសាងសង់រោងចក្រកែច្នៃសំរាមទៅជាគ្រឿងសំណង់ និងគ្រឿងសង្ហារឹមក្នុងទឹកដីខេត្តស្វាយរៀង។

ពាក់ព័ន្ធទៅការបង្កើតរោងចក្រកែច្នៃសំរាមឱ្យទៅជាគ្រឿងសំណង់ និងគ្រឿងសង្ហារឹមនេះ តំណាងក្រុមហ៊ុនហាយប្រ៊ីដ ដែលកំពុងតែប្រតិបត្តិការប្រមូលសំរាមនៅទីប្រជុំជន ក្រុងបាវិតខេត្តស្វាយរៀង បានថ្លែងថា សព្វថ្ងៃសំរាមនៅក្រុងបាវិតក្នុងមួយថ្ងៃប្រមាណពី១២០ទៅ១៧០តោន ដូច្នេះបើមានក្រុមហ៊ុនកែច្នៃសំរាម មកវិនិយោគនោះ ក្រុមហ៊ុនលោកស្វាគមន៍ជានិច្ចព្រោះរាល់ថ្ងៃ ខណៈដែលការដឹកសំរាមដល់ទីលានចាក់សំរាម ត្រូវចំណាយថវិកាជួលកម្មករឱ្យដុតសម្រាមចោលទៀត។

តំណាងក្រុមហ៊ុនហាយប្រ៊ីដ បានថ្លែងបន្តទៀតថា រថយន្តដែលត្រូវដឹកសំរាមរបស់ក្រុមហ៊ុនមាន១៩គ្រឿង និងកម្មករប្រមាណជិត៥០នាក់ ដែលកំពុងធ្វើប្រតិបត្តិការ ប្រមូលសំរាមនៅក្រុងបាវិត ហើយកាលពីមុនក្នុងមួយថ្ងៃមានសំរាមតែ៧០ទៅ៩០តោនប៉ុណ្ណោះ តែនៅឆ្នាំ២០១៨នេះ សំរាមកើនដល់ពី១២០ទៅ១៧០តោនក្នុងមួយថ្ងៃ ដូច្នេះមានការកើនឡើងច្រើនជាងមុន ដោយសារកំណើនរបស់ប្រើប្រាស់ និងគ្រឿងហូបចុកតាមរោងចក្រកាស៊ីណូ និងតាមផ្ទះប្រជាពលរដ្ឋកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

តំណាងក្រុមហ៊ុននេះ ក៏បានបង្ហាញសុដិ្ឋនិយមថា ក្រុមហ៊ុនប្រមូលសំរាមរបស់លោកនឹងសហការជាមួយក្រុមហ៊ុនជប៉ុន ដែលមានបំណងមកបង្កើតរោងចក្រកែច្នៃសំរាមនេះ ហើយក៏បានសំណូមពរឱ្យក្រុមហ៊ុនសំរាមនេះ មកបង្កើតរោងចក្រឱ្យគៀកទីលានចាក់សំរាម ដើម្បីងាយស្រួលប្រមូលសំរាមយកទៅកែច្នៃផងដែរ។

សូមបញ្ជាក់ថា បើតាមការប្រជុំពិភាក្សាររវាងអាជ្ញាធរខេត្ត និងក្រុមហ៊ុនកែច្នៃសំរាមនេះ អាជ្ញាធរខេត្ត ក្នុងនាមរដ្ឋបាលខេត្តនៅតែបន្តគាំទ្រ សហការតទៅមុខទៀត ដើម្បីឱ្យគម្រោងនេះ សម្រេចបានលទ្ធផលជោគជ័យ១០០% ព្រោះថា ការបង្កើតរោងចក្រកែច្នៃសំរាមទៅជាផលិតផលសម្ភារសំណង់ និងគ្រឿងសង្ហារឹមនេះ មិនត្រឹមតែបានផ្ដល់ការងារធ្វើបន្ថែម ជូនប្រជាពលរដ្ឋខេត្តស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណ្ឌទីក្រុង គាំទ្រទៅដល់ផែនការរបស់រដ្ឋបាលខេត្ត ក្នុងការជម្រុញលទ្ធភាព នៃការប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខផងដែរ៕